សាលា​ឧទ្ធរណ៍​តម្កល់​សាលក្រម​ផ្តន្ទា​ទោស​ស្រ្ដី​ទំនើង​ម្នាក់

ស្រ្ដី​ទំនើង​ម្នាក់​ដែល​អាជ្ញាធរ​ចោទ​ថា ប្រើ​ប្រាស់​អាវុធ​បាញ់​ក្នុង​ទី​សាធារណៈ​ខុស​ច្បាប់ នៅ​ថ្ងៃ​២៨ តុលា សាលាឧទ្ធរណ៍​បាន​តម្កល់​សេចក្តី​សម្រេច​​​របស់​តុលាការ​សាលា​ដំបូង រាជធានី​ភ្នំពេញ និង​សម្រេច​បន្ត​ផ្ដន្ទាទោស​ស្រ្ដី​នោះ។

0:00 / 0:00

តុលាការ​សាលា​ឧទ្ធរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថៃ្ង​ពុធ ទី​២៨ ខែ​តុលា​នេះ បាន​សម្រេច​បន្ត​ការ​ផ្តន្ទាទោស​ស្រី​ទំនើង​ម្នាក់ ឈ្មោះ ហ្គិច អាយុ​៣០​ឆ្នាំ ឲ្យ​បន្ត​ការ​ជាប់​គុក​រយៈ​១៨​ខែ​ជា​ដដែល និង​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​១​លាន​រៀល ដោយ​បាន​តម្កល់​សាលក្រម​របស់​តុលាការ​សាលា​ដំបូង រាជធានី​ភ្នំពេញ ចាត់​ទុក​ជា​បាន​ការ​នៅ​ក្នុង​ការ​ផ្តន្ទា​ទោស​ស្រ្តី​រូប​នោះ​កន្លង​មក ក្រោម​បទ​ចោទ​ថា បាន​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់។

លោក សេង ស៊ីវុត្ថា ជា​ចៅក្រម​ជម្រះ​ក្តី​នៃ​តុលាការ​សាលា​ឧទ្ធរណ៍ នៅ​ក្នុង​ចំណោម​ចៅក្រម​ប្រឹក្សា​២​រូប​ទៀត បាន​អាន​សាលដីកា​កំបាំង​មុខ​ស្រី​ទំនើង​នោះ​ថា តុលាការ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​របស់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចាត់​ទុក​ជា​បាន​ការ។

លោក អំ សំអាត ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ការ​សម្រេច​ខាង​លើ​នេះ។

លោក អំ សំអាត មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​សូម​ឲ្យ​គំរូ​នៃ​ការ​ផ្ដន្ទា​ទោស​នេះ​កើត​មាន​ទៅ​លើ​គ្រប់​ជន​ទូទៅ មិន​ថា​អ្នក​មាន​អំណាច អ្នក​អត់​អំណាច ឬ​យ៉ាង​ណា​ទេ ឲ្យ​តែ​មាន​ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់»

គេ​ពុំ​ឃើញ​មាន​មេធាវី​របស់​ស្រី​ទំនើង​នោះ បាន​មក​ចូល​រួម​នៅ​ក្នុង​សវនាការ​នោះ​ទេ ដែល​ប្រភព​បាន​ឲ្យ​ដឹង​ថា មេធាវី​នោះ​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​សាលាឧទ្ធរណ៍​ពន្យារ​សវនាការ​នោះ​ទៅ​ថៃ្ង​ក្រោយ ប៉ុន្តែ​តុលាការ​បាន​បដិសេធ ហើយ​បាន​បើក​សវនាការ​នោះ​ជា​បន្ទាន់។

ស្រី​ទំនើង​នោះ​ត្រូវ​បាន​សមត្ថកិច្ច​គុក​ព្រៃ​ស បាន​នាំ​ខ្លួន​មក​ចូល​រួម​នៅ​ក្នុង​សវនាការ​នៅ​ថៃ្ង​ពុធ ២៨ តុលា ដោយ​ស្លៀក​ពាក់​ក្នុង​ឯកសណ្ឋាន​ជា​អ្នក​ទោស។

ការ​បើក​សវនាការ​ជា​បន្ទាន់​ខាង​លើ​នេះ គឺ​ក្រោយ​ពេល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាល​ពី​ថៃ្ង​អង្គារ​ថ្មីៗ​នេះ​ថា ការ​ផ្តន្ទា​ទោស​លើ​ស្រី​ទំនើង​រូប​នោះ ជា​ទោស​ស្រាល​នៅ​ទ្បើយ ហើយ​បាន​ព្រមាន​ឲ្យ​មន្រ្តី​យោធា​ស័ក្តិ​៣​ម្នាក់ ត្រូវ​ដក​ខ្លួន​ពី​ការ​ព្យាយាម​អន្តរាគមន៍​លើ​សំណុំ​រឿង​នេះ បើ​ពុំ​ដូច្នេះ​ទេ លោក​នឹង​ដក​ហូត​ចេញ​ពី​តំណែង។

សាក្សី​ម្នាក់​ដែល​បាន​ឃើញ​ហេតុការណ៍​ស្រី​ទំនើង​បាន​ប្រើ​ប្រាស់​កាំភ្លើង​ខ្លី​បាញ់​ជា​ច្រើន​គ្រាប់​នៅ​មុខ​ផ្ទះ​របស់​លោក បាន​មាន​ប្រសាសន៍​ថា ៖ «គាត់​ទាញ​កាំភ្លើង​ខ្លី​របស់​គាត់​បាញ់​ឡើង​លើ​២-​៣​គ្រាប់ បន្ទាប់​មក​ស៊ីផ្លេ​ទៀត ហើយ​បន្ទាប់​មក​គាត់​ចុះ​ពី​ឡាន បា​នឃើញ​ថា​គាត់​ជា​មនុស្ស​ស្រី ហើយ​បាន​ដើរ​ចូល​ទៅ​ក្នុង​ពេទ្យ បាញ់​មួយ​គ្រាប់​នៅ​ក្នុង​ពេទ្យ​ទៀត។ ខ្ញុំ​មិន​ដឹង​ថា គាត់​ធ្វើ​អី​នៅ​មន្ទីរ​ពេទ្យ​ហ្នឹង​ទេ»

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថៃ្ង​ទី​៣០ ខែ​កញ្ញា ថ្មីៗ​នេះ បាន​បើក​ការ​កាត់​ទោស​ជា​ប្រញាប់​មួយ ផ្តន្ទាទោស​ស្រី​ទំនើង​ឈ្មោះ ខែ ដារ៉ា ឬ កែវ រតនៈ ឬ​ឈ្មោះ ហ្គិច អាយុ​៣០​ឆ្នាំ ឲ្យ​ជាប់​គុក​១៨​ខែ និង​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​១​លាន​រៀល ក្រោម​បទ​ចោទ​ប្រកាន់​ថា បាន​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ បាញ់​ជា​ច្រើន​គ្រាប់​កាល​ពី​យប់​ថៃ្ង​ទី​២៨ ខែ​កញ្ញា កន្លង​ទៅ នៅ​ក្នុង​ជម្លោះ​ចរាចរណ៍​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថៃ្ង​ទី​២៤ ខែ​មិថុនា កន្លង​ទៅ បាន​ចេញ​សារាចរ​មួយ​បញ្ជា​ឲ្យ​ក្រសួង​មហាផៃ្ទ ក្រសួង​ការពារ​ជាតិ ក្រសួង​យុត្តិធម៌ ក្រសួង​ទេសចរណ៍ ក្រសួង​អប់រំ​យុវជន​និង​កីទ្បា និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា កំណត់​មុខ​សញ្ញា​និង​សកម្មភាព​ក្មេង​ទំនើង ដែល​អុកទ្បុក​និង​ធ្វើ​សកម្មភាព​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​និង​សន្តិសុខ​សង្គម៕