តុលាការសាលាឧទ្ធរណ៍នៅក្នុងប្រទេសកម្ពុជា នៅថៃ្ងពុធ ទី២៨ ខែតុលានេះ បានសម្រេចបន្តការផ្តន្ទាទោសស្រីទំនើងម្នាក់ ឈ្មោះ ហ្គិច អាយុ៣០ឆ្នាំ ឲ្យបន្តការជាប់គុករយៈ១៨ខែជាដដែល និងផាកពិន័យជាប្រាក់ចំនួន១លានរៀល ដោយបានតម្កល់សាលក្រមរបស់តុលាការសាលាដំបូង រាជធានីភ្នំពេញ ចាត់ទុកជាបានការនៅក្នុងការផ្តន្ទាទោសស្រ្តីរូបនោះកន្លងមក ក្រោមបទចោទថា បានប្រើប្រាស់អាវុធខុសច្បាប់។
លោក សេង ស៊ីវុត្ថា ជាចៅក្រមជម្រះក្តីនៃតុលាការសាលាឧទ្ធរណ៍ នៅក្នុងចំណោមចៅក្រមប្រឹក្សា២រូបទៀត បានអានសាលដីកាកំបាំងមុខស្រីទំនើងនោះថា តុលាការសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ចាត់ទុកជាបានការ។
លោក អំ សំអាត ប្រធានក្រុមស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានសម្ដែងការស្វាគមន៍ចំពោះការសម្រេចខាងលើនេះ។
លោក អំ សំអាត មានប្រសាសន៍ដូច្នេះ ៖ «យើងសូមឲ្យគំរូនៃការផ្ដន្ទាទោសនេះកើតមានទៅលើគ្រប់ជនទូទៅ មិនថាអ្នកមានអំណាច អ្នកអត់អំណាច ឬយ៉ាងណាទេ ឲ្យតែមានការប្រើប្រាស់អាវុធខុសច្បាប់»។
គេពុំឃើញមានមេធាវីរបស់ស្រីទំនើងនោះ បានមកចូលរួមនៅក្នុងសវនាការនោះទេ ដែលប្រភពបានឲ្យដឹងថា មេធាវីនោះបានស្នើសុំឲ្យតុលាការសាលាឧទ្ធរណ៍ពន្យារសវនាការនោះទៅថៃ្ងក្រោយ ប៉ុន្តែតុលាការបានបដិសេធ ហើយបានបើកសវនាការនោះជាបន្ទាន់។
ស្រីទំនើងនោះត្រូវបានសមត្ថកិច្ចគុកព្រៃស បាននាំខ្លួនមកចូលរួមនៅក្នុងសវនាការនៅថៃ្ងពុធ ២៨ តុលា ដោយស្លៀកពាក់ក្នុងឯកសណ្ឋានជាអ្នកទោស។
ការបើកសវនាការជាបន្ទាន់ខាងលើនេះ គឺក្រោយពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍កាលពីថៃ្ងអង្គារថ្មីៗនេះថា ការផ្តន្ទាទោសលើស្រីទំនើងរូបនោះ ជាទោសស្រាលនៅទ្បើយ ហើយបានព្រមានឲ្យមន្រ្តីយោធាស័ក្តិ៣ម្នាក់ ត្រូវដកខ្លួនពីការព្យាយាមអន្តរាគមន៍លើសំណុំរឿងនេះ បើពុំដូច្នេះទេ លោកនឹងដកហូតចេញពីតំណែង។
សាក្សីម្នាក់ដែលបានឃើញហេតុការណ៍ស្រីទំនើងបានប្រើប្រាស់កាំភ្លើងខ្លីបាញ់ជាច្រើនគ្រាប់នៅមុខផ្ទះរបស់លោក បានមានប្រសាសន៍ថា ៖ «គាត់ទាញកាំភ្លើងខ្លីរបស់គាត់បាញ់ឡើងលើ២-៣គ្រាប់ បន្ទាប់មកស៊ីផ្លេទៀត ហើយបន្ទាប់មកគាត់ចុះពីឡាន បានឃើញថាគាត់ជាមនុស្សស្រី ហើយបានដើរចូលទៅក្នុងពេទ្យ បាញ់មួយគ្រាប់នៅក្នុងពេទ្យទៀត។ ខ្ញុំមិនដឹងថា គាត់ធ្វើអីនៅមន្ទីរពេទ្យហ្នឹងទេ»។
តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថៃ្ងទី៣០ ខែកញ្ញា ថ្មីៗនេះ បានបើកការកាត់ទោសជាប្រញាប់មួយ ផ្តន្ទាទោសស្រីទំនើងឈ្មោះ ខែ ដារ៉ា ឬ កែវ រតនៈ ឬឈ្មោះ ហ្គិច អាយុ៣០ឆ្នាំ ឲ្យជាប់គុក១៨ខែ និងផាកពិន័យជាប្រាក់ចំនួន១លានរៀល ក្រោមបទចោទប្រកាន់ថា បានប្រើប្រាស់អាវុធខុសច្បាប់ បាញ់ជាច្រើនគ្រាប់កាលពីយប់ថៃ្ងទី២៨ ខែកញ្ញា កន្លងទៅ នៅក្នុងជម្លោះចរាចរណ៍មួយនៅក្នុងទីក្រុងភ្នំពេញ។
រដ្ឋាភិបាលកម្ពុជា កាលពីថៃ្ងទី២៤ ខែមិថុនា កន្លងទៅ បានចេញសារាចរមួយបញ្ជាឲ្យក្រសួងមហាផៃ្ទ ក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ ក្រសួងទេសចរណ៍ ក្រសួងអប់រំយុវជននិងកីទ្បា និងស្ថាប័នពាក់ព័ន្ធនានា កំណត់មុខសញ្ញានិងសកម្មភាពក្មេងទំនើង ដែលអុកទ្បុកនិងធ្វើសកម្មភាពឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខសង្គម៕
