សមាគម​ម៉ាស៊ីន​កិន​ស្រូវ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ផ្អើល​ទិញ​អង្ករ​ទុក

ប្រធាន​សម្ព័ន្ធ​សមាគម​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​បៃតង​កម្ពុជា លោក ភូ ពុយ អំពាវនាវ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ ខែ​តុលា ឆ្នាំ​២០១១ ថា កុំ​ឲ្យ​ពលរដ្ឋ​ផ្អើល​ទិញ​អង្ករ​ស្តុក​ទុក ពីព្រោះ​អង្ករ​មិន​ខ្វះ​ទេ។

0:00 / 0:00

លោក ភូ ពុយ ឲ្យ​ដឹង​ថា ស្រូវ​ថ្មី​បង្កើន​រដូវ​កំពុង​តែ​ច្រូត​ហើយ នៅ​តែ ១​ខែ​ទៀត​ស្រូវ​កណ្ដាល ក៏​នឹង​ទុំ ដូច​នេះ​អង្ករ​មិន​ខ្វះ​ទេ បើ​ទោះ​បី​មាន​ទឹក​ជំនន់​លិច​ស្រូវ​នៅ​ខេត្ត​ផលិត​ស្រូវ​មួយ​ចំនួន​ក៏ដោយ។ លោក​អំពាវនាវ​យ៉ាង​ដូច្នេះ នៅ​ពេល​ដែល​ក្រុមហ៊ុន​បៃតង​កម្ពុជា ដឹក​អង្ករ​មក​លក់​ចំនួន ៦​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​ទប់​កុំ​ឲ្យ​ឈ្មួញ​ដំឡើង​ថ្លៃ​អង្ករ លក់​យក​ចំណេញ។

លោក ភូ ពុយ បន្ថែម​ថា ២​ថ្ងៃ​នៃ​ការ​លក់​អង្ករ​របស់​ក្រុមហ៊ុន​បៃតង​កម្ពុជា បាន​លក់​អង្ករ​ដាច់​ជិត ៣០០​តោន។ លោក​បញ្ជាក់​ថា អង្ករ​នឹង​លក់​បន្ត​រហូត​ដល់​ពលរដ្ឋ​ផ្អាក​ការ​ទិញ​អង្ករ៖ «តម្លៃ​លក់​នេះ​គឺ​យើង​មិន​លក់​ទាប​ពេក​នោះ​ទេ គឺ​លក់​ក្រោម​ទីផ្សារ​សេរី​តិចតួច ដើម្បី​យើង​ទប់​កុំ​ឲ្យ​វា​ឡើង​ថ្លៃ​ត​ទៅ​ទៀត។ ឃើញ​ថា យើង​លក់​២​ថ្ងៃ​នេះ​មក អ្នក​លក់​អង្ករ​តាម​ស្តង់​មួយ​ចំនួន​ក៏​គាត់​បាន​បន្ទាប​តម្លៃ​ដែរ​ហើយ»

តំណាង​ក្រុមហ៊ុន​បៃតង​កម្ពុជា ដែល​ឈរ​លក់​អង្ករ​នៅ​មុខ​ស្ថានីយ​រថភ្លើង​ក្នុង​សង្កាត់​ស្រះចក ក្រុង​ភ្នំពេញ បាន​កំណត់​លក់​អង្ករ​ជូន​ក្នុង​ម្នាក់​តែ ១​បាវ​ទេ ទោះ​បី​ទម្ងន់ ២៥​គីឡូ ឬ​៥០​គីឡូ​ក៏ដោយ។

ពលរដ្ឋ​បាន​ឈរ​តម្រង់​ជួរ​ដើម្បី​ទិញ​អង្ករ​នៅ​មុខ​ស្តង់​អង្ករ​ឲ្យ​ដឹង​ថា តម្លៃ​លក់​របស់​ក្រុមហ៊ុន​ថោក​ជាង​តម្លៃ​ឈ្មួញ​កំពុង​លក់​ប្រមាន ៣​ដុល្លារ​ក្នុង​១​បាវ ៥០​គីឡូក្រាម។

លោក ភារុន ថ្លែង​ថា អង្ករ​ផ្កា​ម្លិះ ក្រុមហ៊ុន​លក់​បែងចែក​ច្រើន​ប្រភេទ ប៉ុន្តែ​គាត់​រើស​យក​តម្លៃ​អង្ករ ៣១,៧៨​ដុល្លារ ក្នុង ១​បាវ​ទម្ងន់ ៥០​គីឡូក្រាម៖ «អរគុណ​ហើយ​ដែល​រដ្ឋាភិបាល​បាន​គិតគូរ​ពី​ប្រជារាស្ត្រ​យើង​ទាំង​អស់​គ្នា​ហ្នឹង កុំ​ឲ្យ​មាន​ឈ្មួញ​ឡើង​ថ្លៃ​ទៅ​ថ្ងៃ​ក្រោយ»

អ្នកស្រី ពៅ នៅ​ខណ្ឌ​ឫស្សីកែវ ឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រុមហ៊ុន​បៃតង​កម្ពុជា បញ្ចេញ​អង្ករ​លក់​មក​ឲ្យ​ពលរដ្ឋ​ក្នុង​ពេល​ប្រទេស​កម្ពុជា កំពុង​ទឹក​ជន់​លិច គឺ​ជា​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ទាន់​ពេល​ផង និង​ដើម្បី​ទប់​តម្លៃ​ឈ្មួញ​អង្ករ​កុំ​ឲ្យ​ឡើង​ថ្លៃ​បាន​ផង៖ «តាម​ទីផ្សារ​វា​ថ្លៃ​ជាង។ ថ្លៃ​ជាង​ក្នុង ១​បាវ បើ​តាម​ខ្ញុំ​គិត ប្រហែល​ជា ១​ម៉ឺន ទៅ ១​ម៉ឺន​២​ពាន់​រៀល​អី​ហ្នឹង»

លោក សុជា នៅ​ខណ្ឌ​ទួលគោក ឲ្យ​ដឹង​ថា គាត់​ទិញ​អង្ករ​ផ្កា​ខ្ញី​ថ្លៃ ១៣៥.០០០​រៀល​ក្នុង​មួយ​បាវ ទម្ងន់ ៥០​គីឡូក្រាម គឺ​ថោក​ជាង​ឈ្មួញ​លក់។ លោក​ថា តម្លៃ​ទីផ្សារ​អង្ករ​ផ្កា​ខ្ញី​ក្នុង​ពេល​បច្ចុប្បន្ន​ថ្លៃ​ជិត ១៥​ម៉ឺន​រៀល ក្នុង ៥០​គីឡូ​ដូច​គ្នា​នេះ៖ «ខ្ញុំ​គ្រាន់​តែ​ឃើញ​គេ​បញ្ចុះ​តម្លៃ​អ៊ីចឹង​ទៅ ខ្ញុំ​ក៏​មក​ទិញ។ ដូច​ជា​សាលាក្រុង​គេ​មក​ជួយ​បញ្ចុះ​តម្លៃ ដូច​ហាង​ឆេង​គេ​ខ្ពស់​ទៅ ខ្ញុំ​ឃើញ​តម្លៃ​គេ​ថោក​ជាង ហាងឆេង​អង្ករ​ខ្ញុំ​ក៏​មក​ទិញ»

ប្រធាន​អង្គការ​សេដាក លោក​បណ្ឌិត យ៉ង សាំងកុមារ ថ្លែង​កាល​ពី​ថ្ងៃ​១៧ ខែ​តុលា ថា កម្ពុជា​ជា​ប្រទេស​បាន​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ឆ្នាំ​២០១១​នេះ។ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ការ​នាំ​អង្ករ​ចេញ​ទេ។

ខេត្ត​មួយ​ចំនួន​ធំ​នៅ​ប៉ែក​និរតី មិន​មាន​ទឹក​ជំនន់​ទេ កសិករ​កំពុង​តែ​ប្រមូល​ស្រូវ​បង្កើន​រដូវ និង​ស្រូវ​ប្រាំង​ច្រើន​លើស​ពី​សព្វ​មួយ​ដង ដោយសារ​អំណោយ​ទឹក​ភ្លៀង​ធ្លាក់​មក​ល្អ​តាំង​ពី​ដើម​ឆ្នាំ។

លោក​សុំ​ឲ្យ​ពលរដ្ឋ​កុំ​ភ្ញាក់​ផ្អើល​ទិញ​អង្ករ​ស្ដុក​ទុក។ លោក​ថា ខេត្ត​កំពត តាកែវ ខេត្ត​កំពង់ស្ពឺ ជា​ដើម កំពុង​ញាប់​ដៃ​ប្រមូល​ផល​ស្រូវ​ដែល​ជា​ហេតុ​បញ្ជាក់​ថា ស្រូវ​នឹង​មិន​ខ្វះ។

របាយការណ៍​ចុង​ក្រោយ​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ឲ្យ​ដឹង​ថា ស្រូវ​ជាង ៥​សែន​៩​ម៉ឺន​ហិកតារ បាន​លិច​ទឹក​ជំនន់ ក្នុង​នោះ​ស្រូវ​ជាង ២​សែន​ហិកតារ​ទៀត​បាន​រលួយ​ដោយសារ​ទឹក​ជំនន់៕