អាជ្ញាធរ​អប្សរា​រង​ការ​ចោទ​ថា​ប្រើ​ហិង្សា​ក្នុង​ការ​ចុះ​រុះ​រើ​ផ្ទះ​១​ខ្នង

អ្នក​ភូមិ​ជា​ច្រើន​នាក់​នៅ​ឃុំ​គោកចក ខេត្ត​សៀមរាប បាន​ចោទ​ថា ក្រុម​ចម្រុះ​របស់​អាជ្ញាធរ​អប្សរា​បាន​វាយ​តប់​បុរស​ម្នាក់ និង​ប្រើ​កាំភ្លើង​បាញ់​គំរាម នៅ​ពេល​ពួក​គេ​ចុះ​ទៅ​រុះ​រើ​ផ្ទះ​មួយ​ខ្នង។

0:00 / 0:00

ក្រុម​អ្នក​ភូមិ​​គោកត្នោត ឃុំ​គោកចក ជា​ច្រើន​នាក់​បាន​មក​ចោមរោម​ក្រុម​អ្នក​សារព័ត៌មាន និង​អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ដោយ​អះអាង​ប្រាប់​ថា ក្រុម​ចម្រុះ​របស់​អាជ្ញាធរ​អប្សរា​ប្រដាប់​ដោយ​អាវុធ​បាន​វាយ​តប់​បុរស​អ្នក​ភូមិ​ម្នាក់ និង​ប្រើ​កាំភ្លើង​បាញ់​គំរាម​ទល់​ដី​ជា​ច្រើន​គ្រាប់ នៅ​ពេល​ដែល​ពួក​គេ​បាន​ចុះ​អនុវត្ត​ការ​រុះ​រើ​ផ្ទះ​មួយ​ខ្នង​ធ្វើ​ពី​ឈើ​ប្រក់​ស្លឹក​ត្នោត​ទំហំ ៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ​របស់​ប្តី​ប្រពន្ធ​ដែល​ទើប​តែ​រៀបការ​ហើយ​បែក​ផ្ទះ​ពី​ឪពុក​ម្តាយ​ក្នុង​ភូមិ​នោះ។

បុរស​អ្នក​ភូមិ​ត្នោត​ម្នាក់​ឈ្មោះ សាយ សុន អាយុ​២៦​ឆ្នាំ បាន​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​មីនា ថា រូប​គាត់​ត្រូវ​បាន​កម្លាំង​ចម្រុះ​របស់​អាជ្ញាធរ​អប្សរា​រុញ​ច្រាន​ដួល​លើ​ដី និង​ទះ​កំផ្លៀង​ផង កាល​ពី​ព្រឹក​ថ្ងៃ​ពុធ នៅ​ពេល​ដែល​គាត់​និង​បុរស​ម្នាក់​ទៀត​បាន​ចូល​ទៅ​ព្យាយាម​អង្វរ​ក្រុម​អាជ្ញាធរ​ទាំង​នោះ​កុំ​ឲ្យ​រុះ​រើ​ផ្ទះ​ប្អូន​របស់​គាត់​ដែល​ម្ចាស់​ផ្ទះ​មិន​នៅ។

លោក សាយ សុន បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​សុំ​អង្វរ​គេ​ថា កុំ​ឲ្យ​ទាន់​រើ ប្អូន​នោះ​នៅ​ធ្វើ​ការ​ឯ​ជាយ​ដែន​នោះ។ ខ្ញុំ​ចូល​មក​ក៏​អប្សរា​ច្រាន​ខ្ញុំ​ដួល ហើយ​ខ្ញុំ​ក្រោក​ឡើង​គេ​ទះ​១​ដៃ​ទៀត បាញ់​ប្រឆាក​បណ្តោយ!»

អាជ្ញាធរ​អប្សរា ៣០៥
បុរស​២​នាក់​ដែល​កាន់​ដប​នៅ​នឹង​ដៃ ​ត្រូវ​បាន​អាជ្ញាធរ​អប្សរា​ចោទ​ប្រកាន់​ថា​ជា​ដប​សាំង​ដើម្បី​សម្រុក​ចូល​ដុត​អាជ្ញាធរ។ (Apsara Authorities' Photo)

ស្ត្រី​អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ ចិ ហ៊ុប ដែល​ទៅ​ចូលរួម​គាំទ្រ​អ្នក​ភូមិ​ដូច​គ្នា​បាន​បន្ថែម ៖ «ពី​ដំបូង​ឡាន​គេ​មក​ដល់ ឡាន​៤ ខ្ញុំ​នេះ​ក៏​ដៃ​ម្ខាង​ពរ​កូន​លើក​សំពះ​គ្នា​អ៊ីចេះ​ឯង! លោក​អើយ​ទុក​ចែក​ទៅ ក្មួយ​នេះ​គ្នា​កំព្រី​កំព្រា​ទេ គ្មាន​បង​គ្មាន​ប្អូន​ណា អ្នក​ស្រុក​ទេ​គេ​ជួយ។ អ្នក​ភូមិ​នេះ​មក​ច្រើន​សុំ​អង្វរករ​មិន​បាន​​​សោះ​ណា។ ប្រុស​ចូល​មក​ច្រាន​ដួល ​ទះ​បណ្តោយ។ បាញ់​ផាំងៗ​ទៅ អ្នក​ភូមិ​ក៏​រត់​ឡើង​លើ​ថ្នល់​អស់​ទៅ​ណា៎!»

ស្រ្តី​ឈ្មោះ សឿត សៃ ដែល​មាន​ផ្ទៃ​ពោះ​៣​ខែ​ផង ជា​ម្ចាស់​ផ្ទះ​​​គេ​រុះ​រើ​នោះ បាន​មាន​ប្រសាសន៍​ថា ពេល​អាជ្ញាធរ​អប្សរា​ចុះ​រុះរើ​ផ្ទះ​គាត់​គឺ​គាត់​មិន​នៅ​ផ្ទះ​ទេ រវល់​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​នៅ​មណ្ឌល​សុខភាព។ ពេល​មក​ដល់​ផ្ទះ​ឃើញ​គេ​រុះរើ ដោយ​គាត់​បាត់​លុយ​ចំនួន ៣០០​ដុល្លារ ហើយ​អាជ្ញាធរ​នោះ​បាន​វាយ​បំបែក​ចោល​ពាង​ទឹក​១ កាំបិត​ខ្វែវ​ចំនួន​៣ និង​គ្រឿង​ផ្ទះ​១​ឈុត​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​យក​ទៅ។

ទោះ​យ៉ាង​ណា លោក ព្រំ ករុណា ប្រធាន​ស្តីទី​នៃ​នាយកដ្ឋាន​សណ្តាប់ធ្នាប់​និង​កិច្ច​សហ​ប្រតិបត្តិការ​របស់​អាជ្ញាធរ​អប្សរា បាន​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​បញ្ហា​នេះ​តាម​ទូរស័ព្ទ​ទេ ដោយ​លោក​មាន​ប្រសាសន៍​ថា ឲ្យ​ទៅ​ជួប​លោក​នៅ​ការិយាល័យ លោក​នឹង​ពន្យល់​ឲ្យ​ក្បោះក្បាយ។

លោក ព្រំ ករុណា បាន​អះអាង​ថា ៖ «ខ្ញុំ​អត់​មាន​ពេល​បក​ស្រាយ​រឿង​ហ្នឹង​តាម​ទូរស័ព្ទ​ទេ​បង។ បង​ចង់​បាន​ព័ត៌មាន​ច្បាស់ សុំ​អញ្ជើញ​មក​កន្លែង​ខ្ញុំ ខ្ញុំ​មាន​ឯកសារ​មួយ​ចំនួន​សម្រាប់​បង្ហាញ​បង!»

កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ លោក ព្រំ ករុណា បាន​ធ្វើ​សន្និសីទ​ជាមួយ​អ្នក​កាសែត​ក្នុង​ស្រុក​ចំនួន​៣​នាក់ ដោយ​មាន​បង្ហាញ​រូបថត​មនុស្ស​ដែល​កាន់​កាំបិត​ផ្គាក់​និង​ដប​សាំង ដែល​អាជ្ញាធរ​​អះអាង​ថា ក្រុម​អ្នក​ភូមិ​បាន​ព្យាយាម​ចូល​សំដៅ​អាជ្ញាធរ ទើប​មាន​ការ​បាញ់​កាំភ្លើង​ដើម្បី​ការពារ​ខ្លួន។

អ្នក​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ លោក លាង ប៊ុនរ៉ា ដែល​បាន​ចុះ​ពិនិត្យ​បញ្ហា​​នោះ​ បាន​រិះគន់​សកម្មភាព​របស់​អាជ្ញាធរ​អប្សរា​ថា ដោយ​គ្រាន់តែ​រុះ​រើ​ផ្ទះ​តូច​មួយ​នោះ​មិន​គួរ​រហូត​ដល់​ទៅ​ប្រើ​អាវុធ​បាញ់​គំរាម​អ្នក​ភូមិ​ទេ។

អង្គការ​សិទ្ធិ​មនុស្ស លីកាដូ បាន​ចាត់ទុក​ការ​វាយ​តប់​របស់​កម្លាំង​អាជ្ញាធរ​អប្សរា​មក​លើ​អ្នក​ភូមិ​នោះ​ថា គឺ​ជា​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស៕