កម្ពុជា​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ដល់​ក្រុម​មជ្ឈត្ដករ

ប្រទេស​កម្ពុជា​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ដល់​ក្រុម​មន្ត្រី​អាជ្ញា​កណ្តាល ដែល​គេហៅ​ជា​ផ្លូវការ​ថា ក្រុម​មជ្ឈត្តករ​កម្ពុជា ដើម្បី​​ដោះ​ស្រាយ​ជម្លោះ​ពាណិជ្ជកម្ម ​ចំនួន ៥៤​រូប នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា​នេះ។

0:00 / 0:00

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ដែល​ចូល​រួម​បើក​វគ្គ​ជា​ភ្ញៀវ​កិត្តិយស​នៅ​សណ្ឋាគារ លឺរ៉ូយ៉ាល់ (Le Royal) ក្នុង​ទី​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ បាន​ថ្លែង​ថា នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​ប្រទេស​កម្ពុជា មាន​ស្ថាប័ន​មួយ​នេះ​ឡើង ដែល​ហៅ​ជា​ផ្លូវ​ការ​ថា មជ្ឈមណ្ឌល​មជ្ឈត្តការ​ជាតិ​កម្ពុជា ហើយ​លោក​បាន​រំពឹង​ថា តាម​រយៈ​ការងារ​ដែល​មាន​តម្លាភាព គុណភាព ឯករាជ្យ​នៃ​ស្ថាប័ន​នេះ ប្រទេស​កម្ពុជា អាច​ទាក់ទាញ​វិនិយោគិន​បរទេស​មក​ប្រទេស​កម្ពុជា បាន​ច្រើន​ជាង​ពេល​មុនៗ ដែល​ប្រទេស​កម្ពុជា មិន​​មានស្ថាប័ន​ដោះស្រាយ​ទំនាស់​ពាណិជ្ជកម្ម​នេះ​ទាល់​តែ​សោះ។

លោក ចម ប្រសិទ្ធ បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​វគ្គ​នោះ​ថា ៖ «...អ៊ីចឹង​មនុស្ស ៥៤​នាក់​នេះ នៅ​ពេល​នរណា​មួយ​ជាប់ លុះ​ត្រា​តែ​អ្នក​ហ្នឹង​បាន​បង្ហាញ​ថា ខ្លួន​ឯង​មាន​សមត្ថភាព មាន​សុចរិត​ភាព​ពិត​ប្រាកដ គេ​ទុក​ចិត្ត​បាន ទើប​គេ​ទៅ​រក​យើង»

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ​ក្រុម​មជ្ឈត្ដករ​ទាំង ​៥៤​នាក់​នោះ នឹង​មិន​បាន​ចូល​ធ្វើការ​ទេ បើ​សិន​ជា​ការ​សិក្សា​របស់​គេ​ខ្សោយ មិន​ជាប់​ពិន្ទុ​ដែល​លោក​ថា ជា​ពិន្ទុ​កំណត់​តាម​និយាម​អន្តរជាតិ។

វគ្គ​បណ្ដុះ​បណ្តាល​មជ្ឈត្តករ​នេះ​បាន​កើត​ឡើង បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា បាន​សហការ​ជា​មួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដើម្បី​បង្កើត​មជ្ឈមណ្ឌល​មជ្ឈត្តការ​ជាតិ​កម្ពុជា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក។ ប្រទេស​កម្ពុជា មិន​ធ្លាប់​មាន​​មជ្ឈមណ្ឌល​មជ្ឈត្តការ ឬ​តុលាការ​ពាណិជ្ជកម្ម​ទេ ចាប់​តាំង​ពី​ប្រទេស​នេះ​ប្រកាន់​របប​ទីផ្សារ​សេរី​មក។

លោកស្រី ជូលៀ ប៊្រិកខេល (Julia Brickell) តំណាង​សារជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ប្រចាំ​កម្ពុជា ដែល​បាន​ចូលរួម​ពិធី​បើក​វគ្គ​នោះ​ដែរ មាន​ប្រសាសន៍​​ថា អំឡុង​ពេល​កម្ពុជា មិន​មាន​តុលាការ​ពាណិជ្ជកម្ម ឬ​មជ្ឈត្ដករ ពាណិជ្ជករ​ជា​ច្រើន​បាន​ដោះស្រាយ​ទំនាស់​តាម​រយៈ​ផ្លូវ​តុលាការ។

លោកស្រី​ថ្លែង​ដោយ​ស្រង់​របាយការណ៍​ធនាគារ​ពិភពលោក​ថា ឈ្មួញ​បាន​ចំណាយ​ពេល​ដល់​ទៅ ៤០១​ថ្ងៃ ក្នុង​ដំណើរ​ការ​នីតិ​វិធី​ចំនួន​តែ ៤៤​ប៉ុណ្ណោះ ហើយ​ក្រុម​ឈ្មួញ​បាន​ចំណាយ​ប្រាក់​ច្រើន​លើស​លប់​ទៅ​ឲ្យ​ចៅក្រម និង​មន្ត្រី​តុលាការ​ ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគិន​ធុញ​ទ្រាន់​ ហើយ​មិន​ចង់​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា បន្ត​ទៅ​ទៀត។

រដ្ឋលេខាធិការ​ពាណិជ្ជកម្ម​ លោក ម៉ៅ ថូណា បាន​ឲ្យ​ដឹង​ថា វគ្គ​បណ្តុះបណ្តាល​នេះ​ ផ្តោតលើ​ច្បាប់​ពាណិជ្ជកម្ម បច្ចេក​ទេស និង​នីតិ​វិធី​ដោះ​ស្រាយ​ទំនាស់​ពាណិជ្ជកម្ម។ ការសិក្សា​នេះ​ចែក​ជា​ពី​វគ្គ គឺ​សិក្សា​នៅ​ចុង​សប្ដាហ៍ និង​សិក្សា​នៅ​ពេល​យប់​ក្រោយ​ការងារ ហើយ​នៅ​ពេល​រៀន​ចប់ ក្រុម​មជ្ឈត្ដករ​នោះ ត្រូវ​ដើរ​ផ្សព្វផ្សាយ​តាម​ខេត្ត​ក្រុង​ឲ្យ​គេ​ដឹង​អំពី​ការងារ​របស់​ខ្លួន។

លោក ម៉ៅ ថូណា មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​ត្រូវ​ទៅ​ផ្សព្វផ្សាយ​អំពី​ការងារ​របស់​យើង​ឲ្យ​សភា​ពាណិជ្ជកម្ម​នៅ​តាម​ខេត្ត​គាត់​បាន​ស្គាល់ ឲ្យ​អាជីវករ​ធំៗ​គាត់​បាន​ស្គាល់ ដើម្បី​ដល់​ពេល​គាត់​មាន​ទំនាស់ ឬ​ក៏​កិច្ចការ​ដែល​គាត់​ត្រូវ​ពឹង​ពាក់​យើង ត្រូវ​ធ្វើ​ជាមួយ​យើង»

លោក​រដ្ឋលេខាធិការ​បន្តថា ក្រុម​មជ្ឈត្ដករ ត្រូវ​បំប៉ន​ការ​សិក្សា​ជា​បន្ត​បន្ទាប់​ទៀត ដើម្បី​ឲ្យ​មាន​ជំនាញ​ពិត​ប្រាកដ​ អនុវត្ត​ការងារ​មាន​តម្លាភាព​ និង​ប្រសិទ្ធភាព ដូចជា​ធ្វើ​ទស្សនកិច្ច​ដក​ពិសោធន៍​ក្រៅ​ប្រទេស ហើយ​ត្រូវ​រៀន​បន្ថែម​ក្នុង​រយៈ​ពេល ២​ឆ្នាំ​ម្តង​យ៉ាង​ហោច បើ​មិន​ដូច្នោះ​ទេ​ពួក​គេ​នឹង​បាត់​បង់​ការងារ​នេះ​វិញ៕