ស្នងការនគរបាលក្រុងភ្នំពេញ លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានមានប្រសាសន៍តាមទូរស័ព្ទថា កិច្ចការពារស្ថានទូតត្រូវបានពង្រឹងដើម្បីកុំឲ្យមានការថ្លោះធ្លោយនៃអំពើហិង្សាដូចកាលពីពេលមុនទៀត ។
គួរបញ្ជាក់ថាព័ត៌មានស្តីពីបាតុកម្មប្រឆាំងថៃនេះបានកើតឡើងភ្លាមៗបន្ទាប់ពីមានការតវ៉ារបស់ក្រុមអ្នកប្រឆាំងថៃ និងពលរដ្ឋថៃខ្លះ កុំឲ្យរដ្ឋាភិបាលក្រុងបាងកកគាំទ្រក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារខ្មែរជាបេតិកភណ្ឌពិភពលោក និងមានអ្នកខ្លះបានប្រកាសទាមទារយកប្រាសាទព្រះវិហារថាជារបស់ថៃទៀតផង ។
មន្រ្តីជាន់ខ្ពស់នគរបាលជាតិមួយរូបបានឲ្យដឹងថា មានដំណឹងស្តីពីគម្រោងបាតុកម្មរបស់ចលនាប្រឆាំងថៃនោះវិញមែន ដែលគ្រោងនឹងសុំច្បាប់ពីអាជ្ញាធរហើយបាតុកម្មនោះអាចនឹងកើតមានឡើងនៅក្រោយការសម្រេចណាមួយរបស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំនាទីក្រុងកេបិច ប្រទេសកាណាដា ក្នុងសប្តាហ៍នេះឬសប្តាហ៍ក្រោយ ថាតើនឹងដាក់បញ្ចូលប្រាសាទព្រះវិហារខ្មែរជាបេតិកភណ្ឌពិភពលោកឬក៏មិនព្រមតាមការប្រឆាំងរបស់ថៃនោះ ។
ទាក់ទងនឹងបញ្ហាបាតុកម្មប្រឆាំងថៃនេះដែរនាយករដ្ឋមន្រ្តីថៃក៏បានស្នើដល់នាយករដ្ឋមន្រ្តីខ្មែរឲ្យមានការការពារដល់សុវត្ថិភាពប្រជាជនថៃនៅក្នុងប្រទេសកម្ពុជា ។
ទីភ្នាក់ងារសារព័ត៌មានថៃបាននិយាយថា នាយករដ្ឋមន្រ្តីថៃ លោក សាម៉ាក់ ស៊ុនដារាវេដ ដែលកំពុងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិនប្រជាមានិត បានទូរស័ព្ទមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអង្គារ ដោយសុំឲ្យជួយធានាសុវត្ថិភាពនិងសន្តិសុខស្ថានទូតនិងប្រជាពលរដ្ឋថៃ ហើយថៃក៏ធ្វើការឆ្លើយតបនូវវិធានការដូចគ្នានេះដែរ ។
កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៣កន្លងទៅ មានកុបកម្មប្រឆាំងថៃដោយការវាយកម្ទេចស្ថានទូតនិងអគារពាណិជ្ជកម្មថៃនៅទីក្រុងភ្នំពេញ បន្ទាប់ពីមានពាក្យចរចាមអារ៉ាមថាតារាភាពយន្តថៃមួយរូបឈ្មោះនាង ស៊ុវ៉ាក់ណាន់ ឃុនយីង បាននិយាយថាប្រាសាទអង្គរវត្តជារបស់ថៃ ។ លទ្ធផលនៃកុបកម្មនោះនាំឲ្យមានការប៉ះពាល់ដល់ទំនាក់ទំនងការទូតប្រទេសទាំងពីរមួយរយៈ ហើយរដ្ឋាភិបាលកម្ពុជាក៏បានចំណាយប្រាក់រាប់សិបលានដុល្លារសម្រាប់សងការខូចខាតដល់រដ្ឋាភិបាលនិងពលរដ្ឋថៃ ។
ទោះជាយ៉ាងណាក៏ដោយមន្រ្តីរដ្ឋាភិបាលខ្មែរបាននិយាយថានៅពេលថ្មីៗនេះថាគេនៅតែមានសង្ឃឹមអំពីជោគជ័យនៃការដាក់បញ្ចូលប្រាសាទព្រះវិហារខ្មែរជាបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូនៅប្រទេសកាណាដានោះ ទោះបីជាមានការជំទាស់ពីប្រទេសថៃក៏ដោយ ៕
