អំពើ​ប្លន់​ប្រដាប់អាវុធ​កើត​ឡើង​នៅ​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង

គ្រឿង​ប្លាកទីន​ជាង​៥០​តំឡឹង លុយ​ប្រាក់​បាត​២​សែន និង​លុយ​រៀល​ជាង​មួយ​លាន ត្រូវ​បាន​ចោរ​ប្លន់​៤​នាក់​ធ្វើ​សកម្មភាព​ប្លន់​យក​ទៅ​បាត់ កាលពី​ព្រលប់​ម៉ោង ៧:១៥​នាទី នា​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០០៨ ។

0:00 / 0:00

ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​នេះ​បាន​កើតឡើង​នៅ​ផ្សារ​តាស្តារ ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ។

លោក សូ ភី អធិការ​ប៉ូលិស​ស្រុក​សំពៅលូន​បាន​ថ្លែង​ថា ក្រុម​ចោរ​ប្លន់​មាន​គ្នា​៤​នាក់ មាន​អាវុធ​វែង​មួយ​ដើម​និង​កាំភ្លើង​ខ្លី​២​ដើម បាន​ធ្វើ​សកម្មភាព​ប្លន់​ទៅ​លើ​ប្តី​ប្រពន្ធ​ពីរ​នាក់​ដែល​មាន​មុខរបរ​ជា​អ្នក​លក់​គ្រឿង​អល្លង្ការ​និង​ដូរ​លុយ​នៅ​ផ្សារ​តាស្តារ ។

លោក សូ ភី បាន​ឲ្យ​ដឹង​ថា ៖ «នៅ​ពេល​ម្ចាស់​ផ្ទះ​រត់​ចេញ​ពី​ផ្ទះ ស្រែក​ថា​ចោរ វា​បាញ់​ប៉ុន្តែ​បាញ់​មិន​ផ្ទុះ ។ បាន​ប៉ូលិស​យើង​ឡើង​ពី​លិច​មក​ទៀត វា​បាញ់​សំដៅ​ទៅ​ផ្ទះ​ខាង​លិច​ចំនួន​ពី​គ្រាប់​ទៀត ហើយ​ក៏​វា​រត់​ចេញ​ពី​កន្លែង​កើតហេតុ បាន​ប្រហែល​ជា​១០០​ម៉ែត្រ​ពី​កន្លែង​កើត​ហេតុ វា​ដល់​ចម្ការ​ដំឡូង​មី វា​បាញ់​ពីរ​គ្រាប់​ទៀត អត់​មាន​រងគ្រោះ​អី​ទេ»

លោក សាន សុខណា អាយុ​៣១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ យូ ហន បាន​រៀបរាប់​ថា​មុន​ក្រុម​ចោរ​ប្លន់​ទាំង​នោះ​ចូល​មក​ធ្វើ​សកម្មភាព​ប្លន់ រូប​លោក​កំពុង​អង្គុយ​ក្នុង​ផ្ទះ​ខាត់​គ្រឿង​ប្លាកទីន រីឯ​ប្រពន្ធ​របស់​លោក​កំពុង​បោក​គក់ ។

លោក សាន សុខណា បាន​បញ្ជាក់​ថា ៖ «ប្រពន្ធ​ខ្ញុំ​កំពុង​បោក​ខោ​អាវ ប្រពន្ធ​ខ្ញុំ​ប្រុង​ផ្លោះ​របង​ដែរ តែ​វា​ទៅ​ដល់​ចាប់​ក្របួច​សក់​យក​មក​តែម្ដង ។ វា​ថា​យក​សោ​ឲ្យ​វា ឲ្យ​សោ​វា​រួច វា​លែង លែង ប្រពន្ធ​ខ្ញុំ​រត់​ចេញ​ដែរ»

លោក សុខណា បាន​បន្ត​ថា ៖ «ប្លាក​ទី​៥០​ដំឡឹង​ជាង មាស​គេ​ប្រចាំ​តែ​៥​ជី​ទេ លុយ (បាត) ២​សែន ហើយ​លុយ​ខ្មែរ​មួយ​លាន​ជាង»

លោក សូភី អធិការ​នគរបាល និង​លោក ស្រី ណាន មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​សំពៅលូន បាន​ថ្លែង​ថា​ក្រោយពី​ការប្លន់​សមត្ថកិច្ច​បាន​ធ្វើការ​ឡោមព័ទ្ធ​ចម្ការ​ដំឡូង​ទីតាំង​ដែល​ក្រុម​ចោរ​ប្លន់​រត់​គេច​ខ្លួន រហូត​ដល់​ម៉ោង​ជាង​១២​យប់ ប៉ុន្តែ​រក​មិន​ឃើញ ។

សមត្ថកិច្ច​ស្រុក​បាន​អះអាង​ថា បច្ចុប្បន្ន​ខាង​អាជ្ញាធរ​កំពុង​ធ្វើការ​ប្រមូល​ភស្តុតាង និង​សាកសួរ​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​ពី​ភិនភាគ​ចោរ​ប្លន់ ដើម្បី​កំណត់​អត្តសញ្ញាណ​ក្រុម​ចោរ​ប្លន់​ទាំង​នោះ ។

ក្រុម​ប្រជាពលរដ្ឋ​មួយចំនួន​បាន​សម្តែង​ការព្រួយ​បារម្ភ​ជុំវិញ​ករណី​អំពើ​ចោរ​ប្លន់​ប្រដាប់​អាវុធ​បាន​ចាប់ផ្តើម​កក្រើក​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​ខេត្ត​បាត់ដំបង នា​រយៈពេល​ចុង​ក្រោយ​នេះ ។

លោក ម៉ាក់ ទន ស្នងការ​រង​ខេត្ត​បាត់ដំបង ទទួល​បន្ទុក​ផែន​កណ្តាល​ព្រហ្មទណ្ឌ មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​ចោរ​ប្លន់​ដែល​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​នេះ​ទេ ដោយ​លោក​ជំរុញ​ឲ្យ​ទៅ​សួរ​លោក​ស្នងការ កង សាខន ។ រីឯ​លោក កង សាខន វិញ បាន​មាន​ប្រសាសន៍​ថា​លោក​កំពុង​ជាប់​ប្រជុំ ។

គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​១០ សីហា​កន្លង​ទៅ​នេះ ក្រុម​ចោរ​ប្លន់​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ប្លន់ នៅ​ភូមិ​ស្តុកប្រវឹក ឃុំ​ព្រៃត្រឡាច ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង អស់​មាស​ជាង​៥០​ដំឡឹង បា្រក់​ជាង​១០​លាន​រៀល ហើយ​ក្រុម​ចោរ​ប្លន់​មាន​គ្នា​បី​នាក់​បាន​ប្រើ​អាកាបត់​មួយ​ដើម​និង​កាំភ្លើង​ខ្លី ៕