ក្រុមឯកសណ្ឋានយោធាត្រូវគេរាយការណ៍ថា បានប្រដាប់ដោយកាំភ្លើងអាកាចំនួន៥ដើមនិងកាំភ្លើងខ្លីមួយដើមផងនោះដែរ។
មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកថ្មពួក លោក ដុះ ម៉ៅ បានថ្លែងថា សកម្មភាពប្លន់របស់ក្រុមស្លៀកពាក់ឯកសណ្ឋានកងយោធពលខេមរភូមិន្ទនេះបានធ្វើនៅវេលាម៉ោង៨កន្លះយប់ថ្ងៃទី១៩ វិច្ឆិកា ចំពោះគ្រួសារលោក សុន ចង្ហាន់ អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ផ្លៃ សាម៉េន អាយុ៣៦ឆ្នាំ។
មេបញ្ជាការរងកងរាជអាវុធហត្ថដដែលបានរំឭកហេតុការណ៍ដែលកើតឡើងដោយលោកបញ្ជាក់ថា ការធ្វើសកម្មភាពប្លន់ប្រដាប់អាវុធបានកើតឡើងគឺនៅបន្ទាប់ពីប្ដីប្រពន្ធពីរនាក់បញ្ចប់ការចាក់ឌីសវីដេអូឲ្យអ្នកភូមិនៅជិតខាងមើល។
លោក ដុះ ម៉ៅ បានឲ្យដឹងថា ៖ «គាត់ឮឆ្កែព្រូសក៏ចេញមកថ្នល់ ដល់ចេញមកថ្នល់ប៉ះចោរភ្ជង់ចូលទៅផ្ទះវិញ។ ភ្ជង់ចូលទៅផ្ទះវិញ គាត់ស្លៀកកន្សែង ចោរហ្នឹងក៏យកកន្សែងនៅចង្កេះហ្នឹងមក ចងព័ទ្ធដៃមកក្រោយ ក៏ឲ្យគាត់ទៅដេកផ្កាប់មុខ ជើងជាន់ចង្កេះ ហើយស្វ័យកាំភ្លើងបុកចំស្មាខាងស្ដាំ ប្រហែលជាពីរបីបួននាទីគាត់ដឹងខ្លួនឡើងវិញ។ ហើយចំណែកប្រពន្ធវាចងដែរ ខ្សែដេរបាវយើងហ្នឹង យកហើយឲ្យដេកផ្កាប់មុខ យកគ្រែដែលគាត់ដាក់អីវ៉ាន់លក់ហ្នឹងសង្កត់ពីលើ ហើយវ៉ៃបុកស្វ័យកាំភ្លើងដូចគ្នាទាំងប្ដី ទាំងប្រពន្ធ ប៉ុន្តែប្រពន្ធបែកចុងចិញ្ចើមខាងឆ្វេង ដេរប្រហែលជា៤ថ្នេរ។ ពេលអ្នកស្រុកចូលទៅជួយវាបាញ់មួយគ្រាប់ គ្នាលោះព្រលឹង រត់ឡើងទៅលើផ្ទះវិញ។ ដល់ពេលចុងក្រោយវាយកបានហើយ អ្នកស្រុកយើងមកហ៊ុមព័ទ្ធជុំវិញផ្ទះ ថាបម្រុងទៅជួយ វាបាញ់បង្ហើពីរគ្រាប់ហើយ វានាំគ្នារត់តម្រង់ទៅតាមគន្លង ចូលទៅអន្លង់បរ»។
នាយរងផ្នែកព្រហ្មទណ្ឌនគរបាលស្រុកថ្មពួក លោក ខូ ដេត ដែលបានចុះទៅធ្វើកំណត់ហេតុដល់ទីកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមចោរបានប្លន់យកលុយចំនួន១ពាន់ដុល្លារ ប្រាក់បាត៧ម៉ឺនបាត និងលុយរៀលចំនួន១លានរៀលជាមួយនឹងមាសទម្ងន់៥ជី។
នាយប៉ូលិសស្រុកម្នាក់ទៀតដែលជាអធិការរងនគរបាលស្រុកថ្មពួក ឈ្មោះ លោក យ៉ត រ៉ាយ បានថ្លែងថា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវមុខសញ្ញា ប៉ុន្តែលោកមិនទាន់សន្និដ្ឋានថា ក្រុមចោរប្លន់ឯកសណ្ឋានកងទ័ពនេះចេញមកពីអង្គភាពមួយណានោះទេ។
ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សកម្មភាពប្លន់ប្រដាប់អាវុធនារយៈពេលចុងក្រោយនេះបានកើតមានឡើងជាបន្តបន្ទាប់ក្នុងនោះកាលពីថ្ងៃទី១៧ ខែសីហា នៅឃុំគោករមៀត ជិតច្រកបឹងត្រកួនមានមួយករណីនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៨ មានការប្លន់នៅផ្សារថ្មីស្ថិតនៅក្នុងភូមិគំរូ ស្រុកថ្មពួក មួយករណីទៀត ដែលក្រុមចោរបានប្លន់ប្រាក់សរុបទាំងអស់ជាង៧ម៉ឺនដុល្លារ៕
