អំពើ​ប្លន់​ប្រដាប់​អាវុធ​កើត​មាន​ផ្ទួនៗ នៅ​ខេត្ត​កំពង់ធំ

2008-05-08

អំពើ​ប្លន់​ប្រដាប់​អាវុធ​បាន​កើត​មាន​ផ្ទួនៗ​គ្នា្ន នៅ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​មាន​ការ​ភ័យខ្លាច និង​ទាមទារ​ឲ្យ​សមត្ថកិច្ច​ពង្រឹង​កិច្ចការពារ​បន្ថែម​ទៀត​សម្រាប់​សន្តិសុខ​ពួកគេ ។

បុរស​ឈ្មោះ ហ៊ុយ ហ៊ន នៅ​ភូមិ​ចតុឡោក ឃុំ​បារាយណ៍ ស្រុកបារាយណ៍ ខេត្ត​កំពងធំ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​ឧសភា​ថា គ្រួសារ​របស់​គាត់​ត្រូវ​ក្រុម​ចោរ​ប្រដាប់​អាវុធ​មាន​គ្នា​ពីរ​នាក់​ចូល​ប្លន់​យក​បាន​ប្រាក់​ជាង ៣​លាន​រៀល កាលពី​វេលា​ម៉ោង ៩​យប់​ថ្ងៃ​ទី៧ ខែ​ឧសភា​កន្លងមក ជាមួយ​នឹង​ការ​គំរាម​បាញ់​សម្លាប់​ចោល​ផង ។

លោក ហ៊ុយ ហ៊ន បាន​ឲ្យ​ដឹង​ថា ៖ «ចោរ​យក​កាំភ្លើង​ភ្ជង់​ប្រពន្ធ​ខ្ញុំ ។ អា​ម្នាក់​ទៀត​ដើរ​ភ្ជង់​គ្រប់​គ្នា​ហ្នឹង ។ ភ័យ​ពេក​ក៏​ទៅ​ចាក់​សោ​យក​លុយ​ឲ្យ អស់​៣៦០​ម៉ឺន​(រៀល) ។ ទើប​តែ​លក់​សណ្ដែក​ដី​ថ្មីៗ​ហ្នឹង បាន​ទៅ​វា​អស់​ហើយ»

មេបញ្ជាការ​ប៉េអឹម​ស្រុក​បារាយណ៍ លោក ឃុន ប៊ុនហួរ បាន​មាន​ប្រសាសន៍​ថា យោងតាម​ការ​សាកសួរ​ពី​ជនរងគ្រោះ ក្រុម​ចោរ​ប្លន់​នោះ​ប្រដាប់​ដោយ​កាំភ្លើង​ម៉ាក​អាកា​ចំនួន ២​ដើម ៖ «តាម​ការ​សាកសួរ​របស់​យើង​ទៅ​លើ​ជន​រងគ្រោះ​ហ្នឹង​ថា មាន​ឃើញ​អាវុធ​២​ដើម ។ មុខសញ្ញា​យើង​កំពុងតែ​ស៊ើបអង្កេត»

អធិការ​រង​នគរបាល​ស្រុក​បារាយណ៍ លោក សន ថាល់ បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​អំពី​អំពើ​ចោរកម្ម​នោះ​ទេ ហើយ​លោក​ជំរុញ​ឲ្យ​សួរ​ទៅ​អធិការ​នគរបាល ៖ «ខ្ញុំ​ក្ដាប់​អត់​ទាន់​បាន​ដែរ អ៊ីចេះ​បង​សួរ​អធិការ​តែម្ដង​ទៅ ។ ខ្ញុំ​ក្ដាប់​មិន​សូវ​បាន​ទេ ព្រោះ​ខ្ញុំ​អធិការ​រង​ទេ»

ប៉ុន្តែ​អធិការ​នគរបាល​ស្រុក​បារាយណ៍ លោក ម៉ី ឆែម មិន​បាន​ទទួល​ទូរស័ព្ទ​ឆ្លើយឆ្លង​ទេ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា​នេះ​ជា​អំពើ​ប្លន់​ប្រដាប់អាវុធ​លើក​ទី​២​ហើយ នៅ​ឯ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ក្នុង​រយៈពេល​មួយ​សប្តាហ៍​មក​នេះ ។

កាលពី​ថ្ងៃ​ទី​២៩ ខែ​មេសាកន្លងមក ចោរ​ប្លន់​ប្រដាប់អាវុធ​មាន​គ្នា​២​នាក់​បាន​ចូល​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ភូមិ​ត្នោតជុំ២ ឃុំ​ត្នោតជុំ ស្រុក​បារាយណ៍ ដែល​ទើបតែ​លក់​ក្របី​បាន​ប្រាក់ ៥​លាន​៣​សែន​រៀល ហើយ​ក្រុម​ចោរ​ទាំង​នោះ​បាន​បាញ់​សម្លាប់​បុរស​ដែល​ជា​ម្ចាស់​ផ្ទះ​ផង ។

អ្នកស្រី រ៉េត បាន​មាន​ប្រសាសន៍​ថា ប្តី​របស់​គាត់​ឈ្មោះ ម៉ី សេង អាយុ​៦៧​ឆ្នាំ​ត្រូវ​ក្រុម​ចោរ​បាញ់​សម្លាប់​នៅ​ពេល​ដែល​ធ្វើ​សកម្មភាព​ប្លន់ ៖ «សួរ​ថា​លុយ​នៅ​ឯណា ? ខ្ញុំ​ថា​អត់​មាន​ទេ ដាំ​បន្លែ​លក់​បន្តិចបន្តួច ។ អត់​មាន​និយាយ​អី​ទេ បាញ់​តែម្ដង»

ប្រជាពលរដ្ឋ​ជាច្រើន​នៅ​ស្រុក​បារាយណ៍ បាន​សម្ដែង​ការ​ភ័យខ្លាច​បន្ទាប់ពី​កើតមាន​អំពើ​ប្លន់​ប្រដាប់អាវុធ ហើយ​ពួកគេ​ទាមទារ​ឲ្យ​សមត្ថកិច្ច​បង្កើន​កិច្ចការពារ​សន្តិសុខ​បន្ថែម​ទៀត ៖ «ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ដែរ ព្រោះ​ជិត​បោះឆ្នោត ហើយ​ប្លន់​សុទ្ធតែ​ប្រដាប់អាវុធ ។ ថ្ងៃ​ឡើង​ខ្វល់ខ្វាយ​នឹង​ការ​រកស៊ី ទំនិញ​ឡើង​ថ្លៃ​ផង យប់ឡើង​មិន​ហ៊ាន​សម្រាក​នៅ​ពេល​យប់​ទៀត»

នៅ​ស្រុក​បារាយណ៍​ខេត្ត​កំពង់ធំ អំពើ​ប្លន់​ប្រដាប់អាវុធ​ឧស្សាហ៍​កើតមាន​ចាប់តាំង​តែ​ពី​មាន​ការ​អះអាង​ថា មាន​ការ​បាត់​អាវុធ​របស់​នគរបាល​ប៉ុស្តិ៍​ឃុំ​ទ្រៀល​ចំនួន​២​ដើម កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០០៧ ។

បន្ទាប់​មក​កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា ក្រោយ​ពី​ការ​បាត់​អាវុធ​ជាង​មួយ​ខែ អំពើ​ចាប់​ជំរិត​មួយ​បាន​កើតឡើង​នៅ​ភូមិ​ជីឱក ក្នុង​ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ដោយ​គ្រួសារ​ជន​រងគ្រោះ​បាន​បង់​ប្រាក់​ចំនួន​២០​លាន​រៀល ជា​ថ្នូរ​ទៅ​នឹង​ការ​ដោះ​លែង​ក្រុម​គ្រួសារ ៕

អត្ថបទ​ដែល​ទាក់ទង

អ៊ិន សូលីដា សោកស្ដាយ​ចំពោះ​ហេតុការណ៍​ជះ​ទឹក​អាស៊ីដ​លើ​ម្ដាយ​មីង

សិទ្ធិមនុស្ស​ជំរុញ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ករណី​បាញ់​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់

អង់គ្លេស​ស្វាគមន៍​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ខ្មែរក្រហម

អ្នកភូមិ​៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ពីបទ​កាប់​ឈើ​ខុសច្បាប់

អតីត​ជនសង្ស័យ​ខ្មែរក្រហម​ម្នាក់​ទៀត​ត្រូវ​បាន​ចាប់ខ្លួន

ប៉ូលិស​នៅ​ខែត្រ​រតនគិរី​រងការចោទ​ថា ជំរិត​ទារប្រាក់​ពី​ពលរដ្ឋ

ជន​អាល្លឺម៉ង់​ម្នាក់​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​គុក​២​ឆ្នាំ

ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ម្នាក់​ទៀត​ទទួល​មរណភាព

ជន​សង្ស័យ​ជួញ​គ្រឿង​ញៀន ​បាញ់​ប៉ូលិស​ម្នាក់​ស្លាប់


 
Radio Free Asia
2025 M Street NW, Suite 300
Washington DC 20036, USA
202-530-4900
khmweb@rfa.org