កង​ពល​តូច​លេខ​៧០​រង​ការ​ចោទ​ថា​បាន​ចាប់​មនុស្ស​ឃុំ​ក្នុង​បន្ទាយ​ជំរិត​យក​លុយ

ក្រុម​យុវជន​វ័យ​ក្មេង​ជា​ជាង​ជួស​ជុល​រថយន្ត និង​ក្រុម​គ្រួសារ បាន​ចោទ​ថា មន្ត្រី​យោធា​នៃ​អង្គភាព​កង​ពល​តូច​លេខ​៧០ នៅ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ជា​កន្លែង​ចាប់​មនុស្ស​បង្ខំ​ទារ​ប្រាក់។

0:00 / 0:00

ការ​អះអាង​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​យោធា​នៅ​ទី​នោះ បាន​ចាប់​ខ្លួន ហើយ​ក្រោយ​មក​ត្រូវ​បាន​ដោះលែង​មក​វិញ​ជា​ថ្នូរ​នឹង​ការ​បង់​ប្រាក់​ច្រើន​លាន​រៀល។

យុវជន​អាយុ ២៣​ឆ្នាំ ឈ្មោះ រដ្ឋា អះអាង​ថា នៅ​យប់​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា ពួក​គាត់​៤​នាក់ ចេញ​ពី​ធ្វើ​ឡាន​ទៅ​ផឹក​ស៊ី​ពី​ម៉ោង​៩ រហូត​ដល់​ម៉ោង ១០​យប់។ គាត់​ត្រឡប់​មក​វិញ ជិះ​ម៉ូតូ​គ្នា ៤​នាក់ តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី។ ពេល​កំពុង​ធ្វើ​ដំណើរ​នោះ គេ​បាន​ជិះ​វ៉ា​ម៉ូតូ​មួយ​គ្រឿង ហើយ​ក៏​ទៅ​ជួប​នឹង​រថយន្ត​មន្ត្រី​យោធា​នៅ​អង្គភាព​កង​ពល​តូច​លេខ​៧០។ នៅ​ពេល​ម៉ូតូ​បើក​វ៉ា​នោះ ពួក​គាត់​ស្រែក​ប្រាប់​អ្នក​បើក​ម៉ូតូ​ថា ប្រយ័ត្ន​ប៉ះ​ឡាន​អ្នក​ធំ។ គ្រាន់​តែ​ឮ​ពាក្យ​នេះ ស្រាប់​តែ​រថយន្ត​របស់​មន្ត្រី​យោធា​នោះ បើក​កៀរ​ម៉ូតូ​គាត់ ហើយ​មាន​រថយន្ត​ស៊ីរ៉ែន បើក​ដេញ​ពី​ក្រោយ​ម៉ូតូ​គាត់ និង​ចាប់​គាត់​វាយ​តប់​ដាក់​ខ្នោះ​យក​ទៅ​ទុក​នៅ​ក្នុង​បន្ទាយ​អង្គភាព​កង​ពល​តូច​លេខ​៧០៖ «គេ​ថា​ពួក​ខ្ញុំ​ជេរ​គេ ដល់​ពេល​ជិះ​បាន​ដី​ប្រហែល​ជា ៥០០​ម៉ែត្រ ក៏​គេ​ឲ្យ​កូន​ចៅ​គេ​ចុះ​មក​ចាប់​ខ្ញុំ ហើយ​វ៉ៃ​ពួក​ខ្ញុំ ហើយ​យក​កាំភ្លើង​ភ្ជង់​ពួក​ខ្ញុំ​ទៀត ហើយ​ពួក​ខ្ញុំ​អត់​ដឹង​រឿង​អី​ផង»

យុវជន រដ្ឋា បន្ត​ថា អង្គភាព​យោធា​នោះ គេ​ដក​យក​ម៉ូតូ ទូរស័ព្ទ លុយ និង​កាត​សម្គាល់​ខ្លួន​ផ្សេងៗ ហើយ​គេ​យក​ឧបករណ៍​ប្រើ​គ្រឿង​ញៀន មក​ដាក់​នៅ​ម៉ូតូ​គាត់ រួច​ចោទ​ថា ពួក​គាត់​ប្រើ​គ្រឿង​ញៀន។ យោធា​បង្ខំ​ឲ្យ​ពួក​គាត់​ឲ្យ​ទូរស័ព្ទ​ទៅ​រក​ក្រុម​គ្រួសារ ដើម្បី​យក​លុយ​មក​លោះ​ម្នាក់ៗ ១ពាន់​ដុល្លារ។ យុវជន​អះអាង​ថា យោធា​ឃុំ​គាត់​នៅ​ក្នុង​បន្ទាយ ចាប់​ពី​ម៉ោង ១០​កន្លះ​យប់​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា រហូត​ដល់​ម៉ោង ៤ល្ងាច ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ទើប​ឲ្យ​គាត់​ចេញ​តាម​ទ្វារ​ក្រោយ​បន្ទាយ បន្ទាប់​ពី​ក្រុម​គ្រួសារ​យក​ប្រាក់​ទៅ​បង់​ឲ្យ​គ្រប់​ចំនួន​ទារ។

យុវជន រដ្ឋា៖ «កែប​ម៉ូតូ​ខ្ញុំ​អត់​មាន​អី​ផង រួច​ដល់​ពេល​គេ​យក​មក​ញុក គេ​ថា​ពួក​ខ្ញុំ​ហ្នឹង​ពាក់ព័ន្ធ​គ្រឿង​ញៀន​ហ្នឹង​ទៀត។ អីចឹង ទោះ​បី​យើង​មិន​មាន​ទោស​អ្វី​ធ្ងន់ធ្ងរ ក៏​គេ​ចាប់​ជំរិត​យើង​យក​លុយ​ដែរ បើ​មិន​បាន​អស់ ១ពាន់​ដុល្លារ ក៏​គេ​អត់​ឲ្យ​យើង​ចេញ​ដែរ។ ដូច​ថ្ងៃ​ខ្ញុំ​រួច​ខ្លួន​ហ្នឹង ជាប់ ១០​នាក់ មិន​ដឹង​ថា​មក​ពី​មូលហេតុ​អី​ទេ តែ​ឮ​ថា​អស់​ម្នាក់​ខ្ទង់ ១ពាន់​ដុល្លារ ទើប​បាន​រួច​ខ្លួន។ អីចឹង​និយាយ​ថា គេ​អត់​បាន​បញ្ជូន​ខ្ញុំ​ទៅ​ណា​ផង ដល់​ពេល​ដោះស្រាយ​រួច គេ​ឲ្យ​ខ្ញុំ​ចេញ​មក​ផ្ទះ​តែ​ម្តង​ហ្នឹង»

គ្រួសារ​តំណាង​យុវជន​ទាំង ៤​នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ថ្លែង​ថា គាត់​បាន​បង់​ប្រាក់​ទៅ​វរសេនីយ៍ឯក ឈ្មោះ កឹម សារុន បង់​ឲ្យ​កូន និង​ក្មួយ​ម្នាក់ៗ​ជាង ២លាន​រៀល។ ឯ​មិត្តភ័ក្ដិ​កូន ២​នាក់​ទៀត​នោះ លោក កឹម សារុន ឲ្យ​បង់​ម្នាក់ ៤​លាន​រៀល។ លោក​ចោទ​ថា អង្គភាព​កង​ពល​តូច​លេខ​៧០ បាន​ល្បាត​ចាប់​ក្មេង​ដើរ​យប់ ចោទ​ថា​ប្រើ​គ្រឿង​ញៀន ដើម្បី​ទារ​យក​លុយ​ពី​ឪពុក​ម្តាយ៖ «វរសេនីយ៍ឯក កឹម សារុន នាយ​ការិយាល័យ​ទី២ នៃ​កង​ពល​តូច​លេខ​៧០ គេ​ឲ្យ​គាត់​ម្នាក់ ១ពាន់ៗ»

ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នេះ ឧត្តមសេនីយ៍ សូយ ណាឫទ្ធិ មេ​បញ្ជាការ​រង​អង្គភាព​កង​ពល​តូច​លេខ​៧០ ថ្លែង​ថា នៅ​ថ្ងៃ​សៅរ៍ ទី២៤ ខែ​វិច្ឆិកា លោក​បាន​បើក​រថយន្ត​ត្រឡប់​ពី​ភ្នំពេញ​ទៅ​អង្គភាព។ លោក​បាន​ជួប​ក្រុម​យុវជន​នោះ​បាន​បើក​ម៉ូតូ​រេ​ពេញ​ផ្លូវ ហើយ​បាន​ជេរ​លោក ទើប​លោក​ហៅ​មន្ត្រី​ជំនាញ​ឲ្យ​ទៅ​សាក​សួរ​ក្រុម​យុវជន​នោះ៖ «គេ​ស្រែក​ជេរ​ខ្ញុំ មិន​មែន​ស្រែក​ជេរ​គ្នា​គេ​ទេ គ្រាន់​តែ​ខ្ញុំ​ចាត់​ឲ្យ​ជំនាញ​ខ្ញុំ​ចាប់​មនុស្ស​ហ្នឹង​យក​មក​សួរ ហេតុ​អី ខ្ញុំ​អត់​មាន​ពាក់ព័ន្ធ​ទេ គ្រាន់​តែ​ខ្ញុំ​សម្លឹង​មុខ​ក៏​មិន​បាន? ហើយ​ចាប់​យក​មនុស្ស​ហ្នឹង​យក​មក​សួរ​មក មាន​ឆែក​នៅ​ក្នុង​ខ្លួន​មាន​ពាក់ព័ន្ធ​នឹង​សម្ភារៈ​ជក់​គ្រឿង​ញៀន​ត​ទៅ​ទៀត។ អីចឹង ខ្ញុំ​រាយការណ៍​រហ័ស​បន្ទាន់ រាយការណ៍​ជូន​ថ្នាក់​លើ ថ្នាក់​លើ​បញ្ជា​ឲ្យ​បញ្ជូន​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បន្ត​ទៀត»

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ថ្លែង​ថា យោធា​មាន​សិទ្ធ​ចាប់​ជន​សង្ស័យ អាស្រ័យ​លើ​ភស្តុតាង និង​រឿង​ហេតុ​កើត​ឡើង​ជាក់ស្តែង តែ​គេ​មិន​អាច​ចាប់​ជន​សង្ស័យ​យក​ទៅ​ឃុំ​នៅ​ក្នុង​បន្ទាយ​យោធា​ទេ។ ក្រោយ​ចាប់ គឺ​ត្រូវ​បញ្ជូន​ជន​សង្ស័យ​ទៅ​ប៉ូលិស អាវុធហត្ថ ឬ​ទៅ​អាជ្ញាធរ​មូលដ្ឋាន។ តែ​បើ​សិន​ជា​យោធា​ចាប់​គេ​ដាក់​ឃុំ​ក្នុង​បន្ទាយ ហើយ​ទារ​យក​ប្រាក់​ទៀត​នោះ ជា​រឿង​ចាប់​ជំរិត​ដូច​ការ​ចោទ​របស់​ក្រុម​គ្រួសារ​យុវជន​រង​គ្រោះ។

ក្រុម​គ្រួសារ​យុវជន​រងគ្រោះ​គ្រោង​ដាក់​ពាក្យ​ប្ដឹង​ពី​អង្គភាព​កង​ពល​តូច​លេខ​៧០ ទៅ​រដ្ឋាភិបាល​ឲ្យ​ពិនិត្យ​បញ្ហា​កើត​ឡើង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។