ព្រះសង្ឃព្រះនាម ស៊ន មន មានតួនាទីជាគ្រូបង្រៀនព្រះសង្ឃនៅក្នុងវត្តល្វាសរ សម្រេចចុះចេញពីវត្ត តាមលិខិតបង្គាប់របស់មន្ត្រីសង្ឃ ដែលតម្រូវឲ្យព្រះអង្គចាកចេញជាកំហិតនៅថ្ងៃទី១៤ ខែមករា។
ការចុះចេញនេះបានធ្វើឲ្យព្រះសង្ឃចំនួន ២៨អង្គផ្សេងទៀត ត្រូវជាកូនសិស្សរបស់ព្រះអង្គគង់ក្នុងវត្តជាមួយគ្នា សម្រេចព្រះទ័យចាកចេញតាមព្រះអង្គដែរ។
ព្រះតេជព្រះគុណ ស៊ន មន ក្នុងព្រះជន្ម ៣៤ព្រះវស្សា មានថេរដីកាពន្យល់ថា ព្រះអង្គគង់នៅវត្តល្វាសរ រយៈពេល ២ឆ្នាំមកហើយ ដោយមន្ត្រីសង្ឃក្នុងស្រុកល្វាឯម ឲ្យព្រះអង្គជួយបង្រៀនពីព្រះធម៌ និងវិន័យដល់ព្រះសង្ឃឯទៀត។ ក្នុងរយៈពេលគង់ក្នុងវត្តនេះ ព្រះអង្គក៏បានកសាងបណ្ណាល័យមួយដើម្បីត្រៀមដាក់សៀវភៅឲ្យបានជាង ៥ម៉ឺនក្បាល ទុកជាទុនសម្រាប់ឲ្យព្រះសង្ឃ និងឧបាសក ឧបាសិកាអានបង្កើនចំណេះ។ ក៏ប៉ុន្តែបណ្ណាល័យនោះមិនទាន់កសាងចប់សព្វគ្រប់ផង ស្រាប់តែមន្ត្រីសង្ឃក្នុងស្រុកល្វាឯម បានចេញលិខិតមួយបណ្ដេញព្រះអង្គចេញពីវត្តភ្លាមៗជាបន្ទាន់ នៅថ្ងៃទី១៤ ខែមករា ដោយចោទថា ព្រះអង្គមិនបានគោរពតាមគោលការណ៍ដែលខាងមន្ត្រីសង្ឃឲ្យអនុវត្តន៍។
គោលការណ៍នោះគឺខាងមន្ត្រីសង្ឃស្រុកបានបង្គាប់ឲ្យព្រះអង្គគោរព និងទទួលស្គាល់ព្រះតេជព្រះគុណព្រះនាម ហ៊ុន ហៀត ដែលធ្លាប់គង់នៅវត្តចំប៉ា ក្នុងស្រុកកៀនស្វាយ ឲ្យទៅធ្វើជាចៅអធិការវត្តស្ដីទីនៅវត្តល្វាសរ ដែលការតែងតាំងនោះ ត្រូវបានព្រះតេជព្រះគុណអះអាងថា ខាងមន្ត្រីសង្ឃមិនបានទួលឲ្យព្រះអង្គដឹងជាមុន។
ព្រះតេជព្រះគុណ ស៊ន មន៖ «អាត្មាចាកចេញអត់តអីទេ ចាកចេញព្រះសង្ឃទាំងអស់ហ្នឹងចាកចេញនៅតែព្រះសង្ឃដែលដាក់មកហ្នឹងទៅ។ បើមិនចេញចាប់ផ្សឹកបណ្ដោយ ហើយលោកទាំងអស់នឹងផ្សឹកតាមអាត្មា ព្រោះថាមកទាំងអស់គ្នា»។
ជុំវិញការលើកឡើងរបស់ព្រះតេជព្រះគុណ ស៊ន មន ថាមន្ត្រីសង្ឃស្រុកល្វាឯម បានបណ្ដេញព្រះអង្គចេញពីវត្តនេះ ត្រូវបានអនុគណស្រុកល្វាឯម ព្រះនាម ភោគ រស់ មានថេរដីកាបដិសេធ ដោយពន្យល់ថា ខាងមន្ត្រីសង្ឃ និងគណៈកម្មការអាចារ្យវត្តល្វាសរ រួមនឹងព្រះតេជព្រះគុណ ស៊ន មន បានឯកភាពយល់ព្រមទទួលយកការតែងតាំងព្រះតេជព្រះគុណ ហ៊ុន ហៀត ឲ្យធ្វើជាព្រះចៅអធិការវត្តស្ដីទី កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២។ លុះមានការតែងតាំង និងប្រកាសជាផ្លូវការកាលពីថ្ងៃទី១០ ខែមករា ស្រាប់តែព្រះតេជព្រះគុណ ស៊ន មន មិនអនុវត្តតាម និងបដិសេធមិនទទួលតាមការតែងតាំងនោះ។
ព្រះសង្ឃ ភោគ រស់៖ «ការធ្វើសេចក្ដីសម្រេចតែងតាំងចុះមក លោកអត់ទទួលស្គាល់ករណីដែលលោកធ្វើហ្នឹង ដូចករណីខាងដើមហាមឃាត់សាមណេរទាំងអស់មិនឲ្យឡើងឆាន់ បង្អត់ចង្ហាន់។ អ៊ីចឹងបានទូន្មានប្រដៅ សម្របសម្រួលអស់រយៈកាល ៣ថ្ងៃ លោកមិនទទួលស្គាល់ លោកមិនយល់ព្រម។ ប៉ុន្តែចំពោះព្រះសង្ឃនៅក្នុងវត្តអត់អីទេ គឺនៅទាំងអស់ មិនមានពីណាផ្សឹកមិនមានពីណាបង្ខិតបង្ខំទេ»។
ទាក់ទិននឹងបញ្ហានេះ អភិបាលរងស្រុកល្វាឯម លោក កែវ វិបុល ឲ្យដឹងថា ព្រះតេជព្រះគុណ ស៊ន មន បានអនុវត្តខុសពីវិន័យព្រះសង្ឃ ហើយត្រូវអនុគណស្រុកល្វាឯម បានចុះទៅសម្របសម្រួលរយៈពេល ៣ថ្ងៃមកហើយ ដោយឲ្យព្រះអង្គ ស៊ន មន គោរពនិងទទួលស្គាល់ការតែងតាំងព្រះអង្គ ហ៊ុន ហៀត ជាចៅអធិការវត្តស្ដីទីថ្មី ប៉ុន្តែត្រូវព្រះអង្គ ស៊ន មន បដិសេធរហូតព្រះអង្គសម្រេចព្រះទ័យដោយអង្គឯងចុះចេញពីវត្តល្វាសរ។
មន្ត្រីសម្របសម្រួលអង្គការអាដហុក (Adhoc) ប្រចាំខេត្តកណ្ដាល លោក ម៉ែន មករា មិនបានដឹងពីករណីវិវាទនេះទេ។ ប៉ុន្តែបើតាមអនុគណស្រុកល្វាឯម បានបញ្ជាក់ថា មានតែព្រះអង្គ ស៊ន មន មួយអង្គប៉ុណ្ណោះដែលត្រូវចាកចេញពីវត្ត រីឯព្រះសង្ឃអង្គផ្សេងជាកូនសិស្សនោះ ត្រូវបានអនុញ្ញាតឲ្យគង់ក្នុងវត្តនេះដដែល តែប្រសិនបើព្រះសង្ឃអង្គផ្សេងស្ម័គ្រព្រះទ័យចុះចេញតាមព្រះអង្គ ស៊ន មន នោះជាសិទ្ធិរបស់ព្រះអង្គ ដោយមិនមានការបង្ខិតបង្ខំឲ្យចាកចេញពីវត្តឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
