ជន​សង្ស័យ​បាញ់​សម្លាប់​ពលករ​ខ្មែរ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថៃ

ថ្មីៗនេះ អាជ្ញាធរ​ខ្មែរ-ថៃ​បាន​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​បី​នាក់ នៅ​ក្នុង​ទឹក​ដី​ខេត្ត​ចាន់បូរី ប្រទេស​ថៃ ដែល​មាន​ព្រំ​ប្រទល់​ជាប់​និង​ខេត្ត​ប៉ៃលិន​ខ្មែរ។

0:00 / 0:00

មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​បាន​ថ្លែង​ថា មេការ​ជន​ជាតិ​ថៃ បាន​បាញ់​កម្មករ​ខ្មែរ​ម្នាក់​ស្លាប់ និង​បាន​ដុត​កម្ទេច​សាក​សព​ដើម្បី​បំបាត់​ភស្តុតាង កាល​ពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១០ នៅ​ក្នុង​ចម្ការ​ដំណាំ​អំពៅ​មួយ​ស្ថិត​ក្នុង​ភូមិ​ឌីន​ដែង ឃុំ​ថេត​និម្មិត ស្រុក​ពង​ណាំរ៉ន ខេត្ត​ចាន់​បូរី ប្រទេស​ថៃ។

ប្រធាន​ទំនាក់​ទំនង​ព្រំដែន​ខ្មែរ​ថៃ ប្រចាំ​ច្រក​ព្រហ្ម ខេត្ត​ប៉ៃលិន លោក ជឹម ចំណាន បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​កញ្ញា​ថា មេការ​ជន​ជាតិ​ថៃ ឈ្មោះ ឯក កា​ភុត ប៉ម​ខាំ (Ek Kaphut Pom kham) ហៅ ម៉ៅ បាន​ប្រើ​កាំភ្លើង​ខ្លី​បាញ់​កម្មករ​ខ្មែរ ឈ្មោះ វ៉ាត វណ្ណា អាយុ​២៤ បណ្ដាល​ឲ្យ​ស្លាប់។ លោក ជឹម ចំណាន បន្ថែម ៖ «វា​បាញ់​​កាំភ្លើង​រូឡូ​ចំក្បាល​ហើយ​បាន​វា​យក​សព​ដាក់​លើ​ឡាន យក​កង់​ឡាន​ដុត​ជា​មួយ​ប្រេង​ម៉ាស៊ូត ដុត​ឆេះ​អស់​អ៊ីចឹង​ទៅ​បាន​វា​ជីក​រណ្ដៅ​កប់​ធ្យូង ដើម្បី​បំបាត់​ភស្តុតាង ប៉ុន្តែ​ឆេះ​អស់​ហើយ នៅ​សល់​ឆ្អឹង នៅ​ថ្លើម»

ប្រភព​ពី​កម្មករ​ខ្មែរ​ដែល​បាន​គេច​ខ្លួន​ពី​ដី​ថៃ​មក​រាយការណ៍​ជូន​សមត្ថកិច្ច​ខ្មែរ នៅ​ក្រោយ​ការ​បាញ់​សម្លាប់​បាន​កម្មករ​ខ្មែរ​​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ កម្មករ​ខ្មែរ-ថៃ​មាន​គ្នា​ចំនួន ៦​នាក់ បាន​នាំ​ផឹក​ស្រា​អស់​៤​ដប ក្រោយ​មក​ក៏​ទាស់​ពាក្យ​សំដី​គ្នា។

មេការ​ថៃ ឈ្មោះ ឯក កា​ភុត ប៉ម​ខាំ ឃើញ​ឈ្លោះ​គ្នា​អត់​ឈប់ ក៏​បាន​បាញ់​កាំភ្លើង​គំរាម​១​គ្រាប់ តែ​ត្រូវ​ជន​រង​គ្រោះ ឈ្មោះ វ៉ាត វណ្ណា ចូល​ទៅ​ឃាត់ ហើយ​បាន​​កៀស​ដៃ​មេការ​ថៃ​រូប​នោះ ប៉ុន្តែ​ត្រូវ​ឈ្មោះ ឯក កា​ភុត ប៉ម​ខាំ ជា​មេការ​ជន​ជាតិ​ថៃ លើក​កាំភ្លើង​បាញ់​១​គ្រាប់ ចំ​ក្បាល​បណ្ដាល​ឲ្យ​ស្លាប់។

កម្មករ​ខ្មែរ​ឃើញ​ហេតុ​ការណ៍​ឲ្យ​ដឹង​ថា ក្រោយ​ពី​ការ​បាញ់​សម្លាប់ មេការ​ជន​ជាតិ​ថៃ​រូប​នោះ បាន​ប្រើ​ឲ្យ​កម្មករ​ខ្មែរ​លើក​សព​ដាក់​ចូល​ទៅ​ក្នុង​រថយន្ត ដឹក​ចេញ​ដុត​នៅ​កន្លែង​ផ្សេង ដើម្បី​បំបាត់​ភស្តុ​តាង ៖ «កម្មករ​ខ្មែរ​វា​សម្លុត​ឲ្យ​ឡើង​ឡាន គ្នា​៥​នាក់ ហើយ​ដល់​ពាក់​កណ្ដាល​ផ្លូវ​វា​ឲ្យ​ចុះ​ពីរ​នាក់ ចុះ​ចាំ​ចម្ការ​អំពៅ សល់​បី​នាក់​ទៅ​តាម​វា។ ដល់​កន្លែង​ផ្លូវ​កាច់ បទ​ចូល​យក​សាក​សព​ដាក់​កន្លែង​ដុត​ហ្នឹង អា​មួយ​នោះ​ភ័យ​ពេក លោត​ចុះ​រត់​មក​ស្រុក​ខ្មែរ​ទាំង​យប់ សល់​ពីរ​នាក់ ថៃ​បី​នាក់ ទៅ​តាម​សព​ហ្នឹង ហើយ​វា​បញ្ជា​ខ្មែរ​យក​កង់​ឡាន​ពីរ​ដុត ដាក់​ពី​លើ​សព ហើយ​យក​ម៉ាស៊ូត​ចាក់ ហើយ​យក​ឈើ​ធំៗ គង​ពី​លើ​ទៅ ដុត​បណ្ដោយ វា​មុន​ដុត យូរ​ដែរ វា​យក​ត្រាក់ទ័រ​មក​ឈូស ដាក់​សព​ក្នុង​ទើប​ដុត»

បុរស​ខ្មែរ​ជា​ជន​រង​គ្រោះ មាន​ឈ្មោះ វ៉ាត វណ្ណា អាយុ​២៤ រស់​នៅ​ខេត្ត​កំពង់ស្ពឺ បាន​ឆ្លង​ដែន​ទៅ​ធ្វើ​ជា​កម្មករ​ស៊ី​ឈ្នួល​ឲ្យ​ថៃ នៅ​ភូមិ​ឌីន​ដែង ឃុំ​ថេត​និម្មិត ស្រុក​ពង​ណាំ​រ៉ន ខេត្ត​ចាន់បូរី។

មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ខ្មែរ និង​សមត្ថកិច្ច​ថៃ បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ រុក​រក​ឃើញ​ភស្តុតាង មាន​ឈាម​ប្រឡាក់​រថយន្ត និង​ឆ្អឹង ថ្លើម នៅ​សេស​សល់​ក្រោយ​ពី​ការ​ដុត​កម្ទេច។

ចំណែក​មេការ​ជន​ជាតិ​ថៃ ឈ្មោះ ឯក កា​ភុត ប៉ម​ខាំ អាយុ​២៨​ឆ្នាំ ជា​ជន​ដៃ​ដល់ និង​កម្មករ​ថៃ​ពាក់ព័ន្ធ​ពីរ​នាក់​ផ្សេង​ទៀត ត្រូវ​អាជ្ញាធរ​ខ្មែរ​សហ​ការ​ជា​មួយ​អាជ្ញាធរ​ថៃ ចាប់​ឃុំ​ខ្លួន​នៅ​ស្រុក​ពង​ណាំ​រ៉ន ខេត្ត​ចាន់បូរី ក្នុង​ប្រទេស​ថៃ៕