អគ្គលេខាធិការ​អាស៊ាន​ជំរុញ​ឲ្យ​ដោះស្រាយ​បញ្ហា​នៅ​សល់​ក្នុង​សហគមន៍​សេដ្ឋកិច្ច

ឯកសារ​គោល​បង្ហាញ​​ពី​វិធានការ​សម្រាប់​​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ​បាន​បង្កើត​នៅ​ឆ្នាំ​២០០៩ ប៉ុន្តែ​ការ​អនុវត្ត​មិន​បាន​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ។

0:00 / 0:00

រហូត​ដល់​ពេល​នេះ​ ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​​សម្រេច​បាន​ចន្លោះ​ពី ៧០% ទៅ ៨៥% ប៉ុណ្ណោះ​ប្រចាំ​ឆ្នាំ។ បញ្ហា​ប្រឈម​ដែល​រាំង​ស្ទះ​ដល់​ការ​អនុវត្ត​មិន​ទទួល​​បាន​ជោគជ័យ គឺ​​​ទាក់​ទង​​នឹង​ កិច្ច​ព្រមព្រៀង​​របាំង​​មិន​មែន​ពន្ធគយ និង​សេវាកម្ម។ កិច្ចការ​នេះ អគ្គលេខាធិការ​អាស៊ាន​បាន​ជំរុញ​ឲ្យ​ប្រទេស​​រដ្ឋ​សមាជិក​អាស៊ាន ធ្វើ​ការ​ពិភាក្សា​ជាមួយ​អ្នក​តែង​ច្បាប់​បន្ថែម​ទៀត ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​នៅ​សល់​ទាំង​នោះ​ឲ្យ​មាន​មុន​ឆ្នាំ​២០១៥។

រយៈពេល ៤៥​ឆ្នាំ​ហើយ​ដែល​​ប្រទេស​​អាស៊ាន បាន​បង្កើត​ក្នុង​គោល​បំណង​ប្រែក្លាយ​​ជា​​តំបន់​​​​មាន​សក្ដានុពល​ខាង​សេដ្ឋកិច្ច​នយោបាយ និង​ការ​អភិវឌ្ឍ​សង្គម​នៅ​លើ​ពិភពលោក។ ដើម្បី​សម្រេច​បាន​គោល​ដៅ​នេះ ប្រទេស​អាស៊ាន​បាន​ដាក់​ចេញ​នូវ​ផែន​ទី​ចង្អុល​ផ្លូវ​សម្រាប់​ការ​កសាង​សហគមន៍​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៥។ ក្នុង​ផែន​ទី​មាន​កិច្ចព្រមព្រៀង​ជា​​ច្រើន​ដែល​ត្រូវ​អនុម័ត​រវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់ នៅ​រយៈពេល ២​ឆ្នាំ​​ទៀត។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា នៅ​រាជធានី​ភ្នំពេញ ថា ​​បញ្ហា​ច្រើន​ណាស់​ដែល​យើង​ត្រូវ​ដោះ​ស្រាយ​ទាំង​កម្រិត​តំបន់ និង​សកលលោក ហើយ​បច្ចុប្បន្ន​ប្រទេស​អាស៊ាន មាន​កិច្ចការ​ជា​ច្រើន​ដែល​សល់​ច្រើន​មិន​ទាន់​ដោះ​ស្រាយ​បាន​នៅ​ឡើយ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ប្រទេស​សមាជិក​​​ទាំង​អស់​ត្រូវ​បន្ត​កិច្ច​ប្រឹង​ប្រែង​សហប្រតិបត្តិការ​ជា​ធ្លុង​មួយ សាមគ្គីភាព មិត្តភាព ក្រោម​បាវចនា អាស៊ាន សហគមន៍​តែ​​មួយ​វាសនា​តែមួយ ហើយ​ជម្នះ​នូវ​បញ្ហា​ប្រឈម​ទាំង​ឡាយ ដូច​ជា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​កាត់​បន្ថយ​គម្លាត​រវាង​ប្រទេស​សមាជិក​អាស៊ាន ដើម្បី​ឈាន​ដល់​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។

លោក ហ៊ុន សែន៖ «យើង​ចាំ​បាច់​ពន្លឿន​ការ​រៀបចំ​ដ៏​ហ្មត​ចត់​មួយ ដែល​មាន​សកម្មភាព​ច្បាស់​លាស់ ដូច​ជា​ការ​ធ្វើ​ហិរញ្ញប្បទាន​សហគ្រាស​ខ្នាត​តូច និង​មធ្យម ដោយ​ភ្ជាប់​ជាមួយ​គំនិត​ផ្ដួចផ្ដើម​ការ​កសាង​សមត្ថភាព»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ដើម្បី​សម្រេច​បាន​គោល​ដៅ​សហគមន៍​តែ​មួយ​នៅ​​ឆ្នាំ​២០១៥ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ នេះ បាន​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​​​មួយ​ចំនួន​​ដែល​ត្រូវ​អនុវត្ត ដូច​ជា​របាំង​ពន្ធគយ និង​មិន​មែន​ពន្ធគយ សេរីភាវូបនីយកម្ម​វិនិយោគ ការ​តភ្ជាប់ និង​គមនាគមន៍ ការ​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច និង​មធ្យម និង​ការ​ផ្ដួច​ផ្ដើម​សម្រាប់​សមាហរណកម្ម​អាស៊ាន។

ការ​តភ្ជាប់​អាស៊ាន​​ទំនាក់​ទំនង​នៅ​ក្នុង​តំបន់ គឺ​សំដៅ​លើ​ការ​កាត់​បន្ថយ​​ចម្ងាយ និង​ពេល​វេលា​រវាង​ប្រទេស​សមាជិក​អាស៊ាន និង​ទីផ្សារ​ពិភពលោក តាម​រយៈ​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ដឹក​ជញ្ជូន ព្រម​ទាំង​លុប​បំបាត់​ឧបសគ្គ​ផ្សេងៗ ផ្នែក​គោល​នយោបាយ និង​ស្ថាប័ន ដែល​ជា​កត្តា​រារាំង​ផ្នែក​សេដ្ឋកិច្ច​អាស៊ាន។

ការ​លុប​បំបាត់​ពន្ធគយ​នៅ​ក្នុង​តំបន់​ជា​ទិដ្ឋភាព​សម្រាប់​កំណែ​ទម្រង់ ដើម្បី​សម្រេច​បាន​គោលដៅ​អាស៊ាន។ ជាក់​ស្ដែង​ប្រទេស​សមាជិក​អាស៊ាន ៦ ដែល​មាន​ការ​អភិវឌ្ឍ​ខ្ពស់​បាន​កាត់​បន្ថយ​របាំង​ពន្ធគយ​ស្ទើរ​តែ ១០០% នៃ​ទំនិញ​ជាប់​ពន្ធ​រវាង​អាស៊ាន។ ចំពោះ​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម បាន​បន្ថយ​ពន្ធគយ​មក​ត្រឹម ០% ទៅ ៥% លើ​មុខ​ទំនិញ​ប្រមាណ​ជាង ៩៨% ដែល​ជាប់​ពន្ធ។

អគ្គលេខាធិការ​អាស៊ាន លោក ស៊ូរិន ពិតសូវ៉ាន់ (Surin Pitsuwan) មាន​ប្រសាសន៍​ថា បញ្ហា​ដែល​ប្រឈម​ខ្លាំង​សម្រាប់​ការ​​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន គឺ​បញ្ហា​ទាក់​ទង​នឹង​របាំង​មិន​មែន​ពន្ធគយ​ ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​ត្រូវ​មាន​កិច្ច​ព្រមព្រៀង​ កាត់​បន្ថយ​របាំង​ទាំង​នោះ​ឲ្យ​បាន​ជា​អតិបរមា​នៅ​មុន​ឆ្នាំ​២០១៥ ខាង​មុខ។

ទោះ​ជា​យ៉ាងណា ក្រោម​​ទិស​ស្លោក​ថា អាស៊ាន​សហគមន៍​តែ​មួយ​វាសនា​តែ​មួយ គឺ​មាន​បញ្ហា ឬ​គោល​នយោបាយ​​ច្រើន​ណាស់​​​ដែល​ត្រូវ​ធ្វើ​ការ​​ឯកភាព​គ្នា នៅ​ក្នុង​ផែន​ទី​បង្ហាញ​ផ្លូវ ដែល​​ប្រធាន​អាស៊ាន​ប្ដូរ​វេន​នីមួយៗ​ត្រូវ​ជំរុញ​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​រៀងរាល់​ឆ្នាំ។ ផែន​ទី​បង្ហាញ​ផ្លូវ​ចែង​ថា ប្រទេស​សមាជិក​ត្រូវ​អនុវត្ត​ឲ្យ​បាន​លើ ១១១ កំណែ​ទម្រង់​គោល​នយោបាយ​នៅ​ក្នុង​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០០៩ ប៉ុន្តែ​ជា​មធ្យម​ប្រទេស​សមាជិក​នីមួយៗ​ អនុវត្តន៍​បាន​ត្រឹម​តែ​ជាង ៨៣% ប៉ុណ្ណោះ។ នៅ​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១១ តម្រូវ​ឲ្យ​ប្រទេស​នីមួយៗ​អនុវត្ត​កំណែ​ទម្រង់ ១៨៩​វិធានការ​បន្ថែម​ទៀត ប៉ុន្តែ​ជា​មធ្យម​ប្រទេស​នីមួយៗ អនុវត្ត​បាន​​តែ​​ជាង ៦៨% ប៉ុណ្ណោះ។

ដោយ​ឡែក​ប្រទេស​កម្ពុជា បាន​ខិត​ខំ​ប្រឹង​ប្រែង​កំណែ​ទម្រង់​គោល​នយោបាយ​ដែល​​មាន​​ក្នុង​ផែន​ទី​ចង្អុល​ផ្លូវ​បាន​ប្រសើរ​ជាង​​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ក្នុង​​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន បាន​ដល់​ជាង ៩៥% សម្រាប់​ដំណាក់​កាល​ទី​មួយ​ និង​​ជាង ៧៦% សម្រាប់​ដំណាក់​កាល​ទី​ពីរ។ ប៉ុន្តែ​បញ្ហា​ប្រឈម​ជាក់​ស្ដែង​មួយ​របស់​កម្ពុជា គឺ​ការ​លើក​កម្ពស់​ស្ថាប័ន ដើម្បី​អនុវត្ត​គោលនយោបាយ​ឲ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព។

អគ្គលេខាធិការ​អាស៊ាន លោក ស៊ូរិន ពិតសូវ៉ាន់ មាន​ប្រសាសន៍​​បន្ត​ថា កិច្ច​ការ​​ជា​ច្រើន​ទៀត​ដែល​នៅ​សល់​សម្រាប់​ការ​កសាង​សហគមន៍​សេដ្ឋកិច្ច​ និង​ពន្លឿន​ការ​អនុវត្ត​រវាង​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំង​អស់។ ជាក់​ស្ដែង​នៅ​ពេល​កន្លង​ទៅ​ កិច្ច​ការ​ទាំង​អស់​នោះ​សម្រេច​បាន​ជាង ៧៣% ហើយ​​បញ្ហា​ដែល​នៅ​សល់ គឺ​ទាម​ទា​ឲ្យ​ប្រទេស​នានា ពិនិត្យ​មើល​ឲ្យ​កាន់​តែ​លម្អិត​បន្ថែម​ទៀត​ និង​ការ​សម្រប​សម្រួល​ រួម​ទាំង​ការ​ពិភាក្សា​រវាង​អ្នក​តែ​ច្បាប់​របស់​ប្រទេស​នីមួយៗ ដើម្បី​ឈាន​ដល់​ការ​មាន​​​កិច្ច​ព្រមព្រៀង និង​ការ​អនុម័ត​ប្រកប​ដោយ​ជោគជ័យ។

លោក ស៊ូរិន ពិតស៊ូវ៉ាន់៖ «យើង​ចាំ​បាច់​ត្រូវ​តែ​មើល​អំពី​ការ​អនុវត្ត​ជាក់​ស្ដែង​នៃ​កិច្ច​ព្រមព្រៀង​ទាំង​អស់។ ប្រទេស​ជា​សមាជិក​ទាំង​អស់​ត្រូវ​មើល​ឲ្យ​លម្អិត និង​សម្របសម្រួល​រវាង​អ្នក​ពាក់​ព័ន្ធ និង​អ្នក​​តាក់​តែង​ច្បាប់ ដើម្បី​ដោះ​ស្រាយ​បទបញ្ញត្តិ​ទាំង​ឡាយ និង​បក​ស្រាយ​អំពី​​អ្វី​ដែល​ប្រទេស​សមាជិក​ទាំង​អស់​បាន​ព្រមព្រៀង​គ្នា​ ថ្នាក់​តំបន់​ឲ្យ​ក្លាយ​ទៅ​ការ​​អនុវត្ត​បាន​សម្រាប់​​ប្រទេស​ជា​សមាជិក។ បញ្ហា​ទាំង​នោះ​ គឺ​ជា​បញ្ហា​ដែល​តែង​តែ​កើត​ឡើង​នៅ​ពេល​ដែល​មាន​ការ​បង្កើត​តំបន់​​នានា​លើ​ពិភពលោក»

ទោះ​ជា​យ៉ាង​​ណា​ក៏​ដោយ អ្នក​វិភាគ​ព្រឹត្តិការណ៍​សមាហរណកម្ម​តំបន់​លើក​សកលលោក​បាន​អះអាង​ថា ការ​បង្កើត​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥​ នោះ គឺ​មិន​អាច​ទៅ​រួច​ឡើយ ដោយ​សារ​បទពិសោធន៍​លើ​សកលលោក​ទាម​ទា​​រយៈពេល​ច្រើន​ណាស់ សម្រាប់​បន្សំ​ប្រទេស​ទាំង​អស់​ជា​​តំបន់​តែ​មួយ។

តំណាង​មូលនិធិ ខុនរ៉ាដ អាឌិន​ណៅអ៊ែរ ប្រចាំ​​ប្រទេស​កម្ពុជា លោក ឌិនីស ស្រេ (Denish Schrey) បាន​បង្ហាញ​បទពិសោធន៍​នៃ​ការ​ធ្វើ​សមាហរណកម្ម​​តំបន់​មួយ​ចំនួន​​នៅ​លើ​សកលលោក ថា​នៅ​សហភាព​អឺរ៉ុប​មាន​បញ្ហា​ជា​ច្រើន​​​​កំពុង​ដោះ​ស្រាយ​​នៅ​ឡើយ បើ​ទោះ​ជា​​សហភាព​អឺរ៉ុប ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បង្កើត​តំបន់​មួយ​នេះ។ បច្ចុប្បន្ន​ប្រទេស​នីមួយៗ​នៅ​ក្នុង​សហភាព​អឺរ៉ុប នៅ​តែ​មាន​ភាព​ស្ទាក់​ស្ទើរ​ការ​ធ្វើ​សេរីភាវូបនីយកម្ម​រវាង​ប្រទេស​សមាជិក​ទាំង ២៧​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។