អាស៊ាន​នឹង​រៀបចំ​ផែនការ​ទប់ស្កាត់​ជំងឺ​គ្រុន​ផ្ដាសាយ​ជ្រូក

រដ្ឋាភិបាល​នៃ​ប្រទេស​សមាជិក​សមាគម​អាស៊ាន​ទាំង​១០​គ្រោង​នឹង​រួម​គ្នា​គូស​ចេញ​នូវ​ផែនការ​រួម​មួយ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាល​ដាល​នៃ​ជំងឺ​គ្រុន​ផ្ដាសាយ​ជ្រូក។

អនុ​រដ្ឋលេខាធិការ​អចិន្រ្តៃយ៍​នៃ​ក្រសួង​សុខាភិបាល​ថៃ លោកស្រី​វេជ្ជបណ្ឌិត ស៊ីរីផន កាន់ឆាណា បាន​ថ្លែង​បញ្ជាក់​ប្រាប់​កាសែត The Nation ផ្សាយ​បន្ត​នៅ​ថ្ងៃ​នេះ​ឲ្យ​ដឹង​ថា ក្រុង​បាងកក​នឹង​ដឹកនាំ​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​ពិសេស​មួយ​ជួប​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​សមាជិក​សមាគម​អាស៊ាន។

កិច្ចប្រជុំ​នោះ​នឹង​មាន​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​៧ និង​ទី​៨ ខែ​ឧសភា​សប្តាហ៍​ក្រោយ​នេះ នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ពិភាក្សា​រក​វិធី​ទប់ស្កាត់​បញ្ហា​ការឆ្លង​រាលដាល​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​ជ្រូក។

ចំណែក​អតីត​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ថៃ​ក៏​បាន​ថ្លែង​បញ្ជាក់​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ផ្សាយ​បន្ត​នៅ​ថ្ងៃ​នេះ​ឲ្យ​ដឹង​ដែរ​ថា លោក​ជំរុញ​ឲ្យ​មាន​ការចូលរួម​ពិភាក្សា​ពី​បណ្តា​ប្រទេស​នានា​ដែល​ឋិត​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​កើត​ផង៕