វេទិកា​យុវជន​ប្រចាំ​ឆ្នាំ​ផ្ដោត​លើ​ការ​ផ្ដល់​ចំណេះ​ដឹង​អំពី​អាស៊ាន

វេទិកា​យុវជន​ប្រចាំ​ឆ្នាំ​លើក​ទី​៨ ឆ្នាំ​២០១០ ធ្វើ​ឡើង​នៅ​​រាជធានី​​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា​នេះ ដោយ​ផ្ដោត​លើ​ការ​បញ្ជ្រាប​នូវ​ការ​យល់​ដឹង​របស់​ក្រុម​យុវជន​កម្ពុជា ស្ដី​ពី​សមាគម​អាស៊ាន​សម្រាប់​យុវជន។

0:00 / 0:00

ក្រុម​សង្គម​ស៊ីវិល​ដែល​មាន​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​យុវជន បាន​បង្ហាញ​ថា យុវជន​កម្ពុជា មាន​ការ​យល់​ដឹង​តិច​តួច​ណាស់​អំពី​សមាគម​អាស៊ាន បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជា​សមាជិក​នៃ​សមាគម​អាស៊ាន​ទាំង ១០​ប្រទេស​នោះ។

នាយក​រង​នៃ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក រាម រដ្ឋាមុនី បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ថា ពាក្យ​ថា អាស៊ាន សម្រាប់​យុវជន​ខ្មែរ ពួកគេ​ភាគ​ច្រើន​បាន​ស្គាល់​ត្រឹម​តែ​ឈ្មោះ​ប៉ុណ្ណោះ ចំណែក​អត្ថន័យ​ខ្លឹមសារ ព្រមទាំង​អត្ថប្រយោជន៍​របស់​អាស៊ាន ដែល​ទាក់ទង​នឹង​ពួកគេ គឺ​គេ​ពុំ​បាន​ដឹង និង​ពុំ​ដែល​មាន​ការ​ចាប់​អារម្មណ៍​ឡើយ។

លោក រាម រដ្ឋាមុនី មាន​ប្រសាសន៍​ដូច្នេះ ៖ «អ៊ីចឹង​បើ​យើង​មិន​ធ្វើការ​ស្វែង​យល់​ពី​អាស៊ាន​ហ្នឹង​ទៀត​ទេ យើង​ជា​ជន​រង​គ្រោះ​មែន​ទែន អ៊ីចឹង​បាន​យើង​រៀបចំ​វេទិកា​នេះ​ឡើង ដើម្បី​ឲ្យ​គាត់​រៀបចំ​ខ្លួន​ថា គួរ​ចាប់​យក​ឱកាស​អ្វី​ខ្លះ​ពី​អាស៊ាន​សម្រាប់​ខ្លួន​ឯង»

លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​វេទិកា​យុវជន​ប្រចាំ​ឆ្នាំ​លើក​ទី​៨ ឆ្នាំ​២០១០ ស្តី​អំពី​កាលានុវត្តន៍​ភាព ឬ​ការ​អនុវត្ត​ទៅ​តាម​ពេល​វេលា​កំណត់​នៃ​អាស៊ាន សម្រាប់​យុវជន​ដែល​មាន​និស្សិត​ចូល​រួម​ប្រមាណ​ជាង ៦០០​នាក់ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​មិថុនា។

និស្សិត​មក​ពី​សាកល​វិទ្យាល័យ​កម្ពុជា ឆ្នាំ​ទី​២ ផ្នែក​សេដ្ឋកិច្ច ឈ្មោះ ងួន សុខសាន បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​គេ​បាន​ស្ដាប់​ការ​ពិភាក្សា​យ៉ាង​ក្បោះក្បាយ​ពី​អាស៊ាន ជា​ពិសេស​ការ​យល់​ដឹង​ពី​សារប្រយោជន៍​របស់​អាស៊ាន ចំពោះ​យុវជន។

និស្សិត ងួន សុខសាន ឲ្យ​ដឹង​ដូច្នេះ ៖ «ថ្ងៃ​នេះ​យើង​បាន​ស្គាល់​ពី​សាវតារ​មួយ​ចំនួន​ពី​អាស៊ាន ដែល​អាច​ឲ្យ​យុវជន និង​និស្សិត​តាម​សកល​វិទ្យាល័យ​មាន​ឱកាស​បាន​ចូល​រួម​ក្នុង​សកម្មភាព​ផ្សេងៗ​ក្នុង​អាស៊ាន»

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យ៉ង់ គឹមអេង មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា យុវជន​កម្ពុជា ពិត​ជា​មាន​ការ​យល់​ដឹង​ពី​អាស៊ាន តិច​តួច​បំផុត ហើយ​លោក​មាន​ការ​បារម្ភ​ផង​ដែរ​ខ្លាច​យុវជន​មិន​អាច​តាម​ទាន់​នូវ​ការ​វិវឌ្ឍ​នានា​ក្នុង​សមាគម​អាស៊ាន ខណៈ​ដែល​ស្ថានភាព​ក្នុង​តំបន់​កំពុង​មាន​សមាហរណកម្ម​ទៅ​មុខ​ហើយ​នោះ។

លោក​បន្ត​ថា ការ​ដែល​យុវជន​កម្ពុជា មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ស្វែង​យល់​ពី​អាស៊ាន​នេះ ដោយសារ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​មួយ​ចំនួន​មិន​បើក​ច្រក​ឲ្យ​យុវជន​ធ្វើការ​សិក្សា​ស្រាវជ្រាវ ការ​ពិភាក្សា​ឲ្យ​បាន​ទូលំ​ទូលាយ​ប៉ុន្មាន​ឡើយ ដូចជា​បញ្ហា​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ កិច្ច​សហ​ប្រតិបត្តិការ​ផ្សេងៗ​ទៀត ពីព្រោះ​បើ​និស្សិត​និយាយ​អំពី​បញ្ហា​នេះ​គេ​ថា ជា​រឿង​នយោបាយ​ប៉ះពាល់​ដល់​សង្គម​ជាតិ រដ្ឋាភិបាល​ជាដើម។

លោក យ៉ង់ គឹមអេង មាន​ប្រសាសន៍​ដូច្នេះ ៖ «បញ្ហា​នយោបាយ គឺ​អាស៊ាន​មាន​តួនាទី​សំខាន់​ក្នុង​ការ​ដោះស្រាយ ចុះ​បើ​ពួកគេ​មិន​យល់​ពី​បញ្ហា​នយោបាយ សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ​ឲ្យ​បាន​ល្អិតល្អន់​ទេ តើ​ពួកគេ​ទៅ​ធ្វើការ​ជាមួយ​តំបន់​យ៉ាងម៉េច?»

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៦៧ បច្ចុប្បន្ន​មាន​សមាជិក ១០​ប្រទេស​ចូល​រួម ក្នុង​នោះ​មាន​កម្ពុជា វៀតណាម លាវ ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប្រ៊ុយណេ ហ្វីលីពីន ភូមា និង​សិង្ហបុរី ហើយ​កន្លង​មក​ក្នុង​មួយ​ឆ្នាំៗ អាស៊ាន​តែងតែ​ផ្ដល់​នូវ​ឱកាស​ដល់​ក្រុម​យុវជន នូវ​ការ​ផ្លាស់​ប្ដូរ​បទពិសោធន៍​ការងារ និង​ដំណោះ​ស្រាយ​ផ្សេងៗ​ពី​បញ្ហា​ប្រឈម​របស់​យុវជន​ជាដើម៕