កម្ពុជា​បើក​កិច្ច​ប្រជុំ​អាស៊ាន-អឺរ៉ុប លើក​ទី​២ ស្ដី​ពី​ជំនួញ និង​ពាណិជ្ជកម្ម

នៅ​ថ្ងៃ​ទី ១ ខែ​មេសា ឆ្នាំ ២០១២ ប្រទេស​កម្ពុជា បើក​កិច្ច​ប្រជុំ​ធំ​មួយ គឺ​អាស៊ាន-អឺរ៉ុប លើក​ទី​២ ស្ដីពី​ជំនួញ និង​ពាណិជ្ជកម្ម ក្រោម​ប្រធាន​បទ​ថា ឈាន​ទៅ​មុខ​ទាំង​អស់​គ្នា (Moving Forward Together)។

0:00 / 0:00

មាន​អ្នក​វិនិយោគ​ទុន​ជាតិ និង​អន្តរជាតិ មក​ពី​តំបន់​អឺរ៉ុប​ចំនួន​ជាង ២០០​នាក់ បាន​មក​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា អាស៊ាន នៅ​តែ​ចាត់​ទុក​ប្រទេស​នៅ​តំបន់​អឺរ៉ុប ជា​ដៃ​គូ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដ៏​សំខាន់ និង​ធំ​ជាង​គេ បន្ទាប់​ពី​ប្រទេស​ចិន សម្រាប់​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​សេរី នៅ​គ្រា​ដែល​មេ​ដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន ចំនួន ១០ គ្រោង​បង្កើត​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ ២០១៥។ នៅ​ពេល​នោះ អាស៊ាន គឺ​ជា​សហគមន៍​តែ​មួយ វាសនា​តែ​មួយ និង​ជា​តំបន់​ពាណិជ្ជកម្ម​សេរី ដោយ​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ទាំង​ផ្លូវ​គោក ផ្លូវ​អាកាស និង​ផ្លូវ​ទឹក​ជា​មួយ​គ្នា​ទាំង​អស់។

ជាមួយ​គ្នា​នេះ​ដែរ លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​អ្នក​ជំនួញ​នៅ​តំបន់​អឺរ៉ុប មក​វិនិយោគ​ទុន​នៅ​ប្រទេស​កម្ពុជា ក្នុង​ការ​នាំ​អង្ករ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ពី​ព្រោះ​កម្ពុជា​មាន​សក្ដានុពល​ខាង​វិស័យ​កសិកម្ម។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា តំបន់​ទាំង​ពីរ អាស៊ាន និង​អឺរ៉ុប គឺ​មាន​សក្តានុពល​ខ្លាំង ខាង​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ សេដ្ឋកិច្ច និង​វិនិយោគ។

នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «អាស៊ាន ដែល​មាន​ប្រជាជន​សរុប​ជាង ៦០០ លាន​នាក់ មាន​ស្ថិរភាព​នយោបាយ និង​ធនធាន​ធម្មជាតិ​សម្បូរណ៍​បែប និង​មាន​ផលិតផល​ក្នុង​ស្រុក​សរុប​ប្រមាណ ៣០០ ពាន់​លាន​ដុល្លារ​អាមេរិក និង​ក្លាយ​ជា​ទី​ផ្សារ​មួយ ដែល​នឹង​ផ្ដល់​កាលានុវត្តន៍​ភាព​ខ្លាំង​ដល់​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម»។

ការ​ងើប​ឡើង​នូវ​សេដ្ឋកិច្ច​អាស៊ាន ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​តំបន់ ដែល​មាន​សក្ដានុពល​នៃ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគទុន នៅ​លើ​ពិភព​លោក នៅ​គ្រា​ដែល​តំបន់​អឺរ៉ុប កំពុង​តែ​ជួប​ប្រទះ​ស្ថានការណ៍​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​មិន​ទៀង​ទាត់។

អគ្គ​លេខាធិការ​អាស៊ាន លោក សុរិន្ទ ពិតសុវណ្ណ (Surin Pitsuwan) មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ ២០១០ កន្លង​ទៅ​នេះ តំបន់​អឺរ៉ុប គឺ​ជា​ទី​ផ្សារ​សម្រាប់​ការ​នាំ​ចូល​ទំនិញ​ពាណិជ្ជកម្ម​ដ៏​ធំ សម្រាប់​តំបន់​អាស៊ាន ចំនួន ១០,៧%។ លោក​រំពឹង​ទុក​ថា ទំហំ​ពាណិជ្ជកម្ម​នេះ គឺ​ស្ថិត​នៅ​ដដែល នៅ​ឆ្នាំ ២០១១។

លោក សុរិន្ទ ពិតសុវណ្ណ (Surin Pitsuwan)៖ «តំបន់​អឺរ៉ុប នៅ​តែ​បន្ត​ជា​ប្រភព​ដ៏​ធំ​បំផុត​មួយ របស់​អាស៊ាន សម្រាប់​ការ​នាំ​ចូល និង​ការ​ធ្វើ​ពាណិជ្ជកម្ម ដែល​មាន​ទំហំ​ជាង ១៧​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ ២០១០ កន្លង​ទៅ»។

តំណាង​សហភាព​អឺរ៉ុប លោក ដូមីនីក ខាតទ្រី ( Dominique Catry ) មាន​ប្រសាសន៍​ថា តំបន់​អឺរ៉ុប នៅ​តែ​ជា​ដៃ​គូ​សំខាន់ និង​ខ្លាំង​របស់​អាស៊ាន សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគទុន។

លោក ដូមីនីក ខាតទ្រី៖ «ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សហភាព​អឺរ៉ុប បាន​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​នូវ​ស្ថានការណ៍​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កន្លង​មក។ យើង​បាន​ឈាន​ទៅ​មុខ ជាមួយ​នឹង​ផែនការ​យុទ្ធសាស្ត្រ​ចាំបាច់​នានា ដើម្បី​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច»។

តាម​ការ​កត់​សំគាល់​របស់​អ្នក​ជំនាញ​សេដ្ឋកិច្ច បាន​ឲ្យ​ដឹង​ថា អាស៊ាន​បាន​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច ចំនួន ៧% នៅ​ឆ្នាំ ២០១០ កន្លង​ទៅ ហើយ​គេ​រំពឹង​ទុក​ថា កំណើន​សេដ្ឋកិច្ច​អាស៊ាន​នឹង​ធ្លាក់​ចុះ​មក​ចំនួន ៤,៥% នៅ​ឆ្នាំ ២០១២ ដោយសារ​តែ​សេដ្ឋកិច្ច​នៅ​ប្រទេស​ជឿនលឿន​នៅ​តំបន់​អឺរ៉ុប បន្ត​ធ្លាក់​ចុះ និង​បាន​កាត់​បន្ថយ​តម្រូវ​ការ​នៃ​ការ​នាំ​ចេញ​ពី​តំបន់​អាស៊ាន។

នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ អគ្គ​លេខាធិការ​អាស៊ាន លោក សុរិន្ទ ពិតសុវណ្ណ បាន​លើក​ឡើង​ថា នៅ​ឆ្នាំ ២០០៧ កន្លង​ទៅ មេ​ដឹកនាំ​សហភាព​អឺរ៉ុប បាន​ព្រមាន​មក​អាស៊ាន​ថា សូម​រៀបចំ​ផ្ទះ​សំបែង​របស់​យើង​ឲ្យ​បាន​រៀបរយ នៅ​គ្រា​ដែល​តំបន់​អឺរ៉ុប មិន​ទាន់​ជួប​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ប៉ុន្តែ នៅ​ពេល​នេះ យើង​ជា​អាស៊ាន និយាយ​ទៅ​កាន់​មេ​ដឹកនាំ​អឺរ៉ុប​វិញ​ថា ចូរ​រៀបចំ​ផ្ទះ​សំបែង​របស់​អ្នក​ឲ្យ​បាន​រៀបរយ នៅ​គ្រា​ដែល​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ាន​មាន​សក្ដានុពល៕

កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។