សមាជិក​អាស៊ាន​ប្រជុំ​គ្នា​រក​វិធានការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន

មន្ត្រី​ជាន់​ខ្ពស់​ទទួល​​បន្ទុក​ខាង​សន្តិសុខ​នៃ​ប្រទេស​សមាជិក​សមាគម​អាស៊ាន​ចំនួន​១០​បូក​នឹង​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ កំពុង​ជួប​ប្រជុំ​គ្នា​រយៈពេល​២​ថ្ងៃ​នៅ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​១៧ ខែ​វិច្ឆិកា ស្តីពី​ការ​រិះរក​វិធានការ​រួម​គ្នា​​​ប្រឆាំង​បទ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៅ​ក្នុង​​តំបន់​ដែល​វា​ទាក់ទង​នឹង​ពិភពលោក​ទាំង​មូល​ផង​ដែរ។

0:00 / 0:00

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ថ្លែង​ក្នុង​ឱកាស​បើក​កិច្ចប្រជុំ​នោះ​ថា ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន បាន​ក្លាយ​ទៅ​ជា​ការ​គំរាម​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ពិភពលោក​ទាំង​មូល និង​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​តំបន់​យើង​ក្នុង​លក្ខណៈ​ជា​រួម និង​សម្រាប់​ប្រទេស​នីមួយៗ ដូច្នេះ​ការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​អំពាវនាវ​ឲ្យ​យើង​​ខិតខំ​ប្រឹង​ប្រែង​ចាត់​វិធានការ​រួម​គ្នា​ជា​ធ្លុង​មួយ។

លោក ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ ៖ «ការ​ជួប​ប្រជុំ​គ្នា​នៃ​រដ្ឋ​មន្ត្រី​ប្រទេស​សមាជិក​អាស៊ាន ទទួល​បន្ទុក​ការងារ​សន្តិសុខ​និង​បង្រ្កាប​បទ​ល្មើស​នា​ឱកាស​នេះ គឺ​ជា​សក្ខីភាព​ដែល​បង្ហាញ​អំពី​ការ​រួម​គ្នា​រក​វិធី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដែល​ពាក់ព័ន្ឋ​នឹង​បទ​ល្មើស​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ដែល​គំរាម​ដល់​អាយុ​ជីវិត​ប្រជាជន​ស្លូត​ត្រង់ បង្ក​អសន្តិសុខ​ដល់​សង្គម​ជាតិ និង​ពិសេស​គឺ​ការ​ធ្វើ​វិទ្ធង្សនា​ដល់​កិច្ច​អភិវឌ្ឈន៍​ប្រទេស​ជាតិ»

ប្រមុខ​​រដ្ឋាភិបាល​កម្ពុជា​បាន​កត់​សម្គាល់​ឃើញ​ថា ផល​ប៉ះពាល់​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល​ភាវូបនីយកម្ម​និង​បច្ចេកវិទ្យា​ទំនើប ក៏​បាន​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​​ដល់​បញ្ហា​សន្តិសុខ ជា​ពិសេស​បទ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ក្នុង​តំបន់​និង​ពិភពលោក។

លោកស្រី ឃិន ម្យ៉ាត ឈីត (KHINE MYAT CHIT) មន្ត្រី​ជាន់​ខ្ពស់​នៃ​នាយកដ្ឋាន​កិច្ច​សហ​ប្រតិបត្តិការ​នយោបាយ​និង​សន្តិសុខ​សហគមន៍​អាស៊ាន បាន​មាន​ប្រសាសន៍​ថា វា​ជា​រឿង​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​​ប្រទេស​ជា​សមាជិក​មួយ​ចំនួន​ដែល​យើង​ត្រូវ​តែ​មាន​វិធានការ​ចំពោះ​ការ​គំរាម​កំហែង​របស់​ពួក​ភេរវជន​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​ដទៃ​ទៀត​ដែរ។ យើង​មិន​អាច​និយាយ​បាន​ថា ការ​គំរាម​កំហែង​របស់​ភេរវជន​អាច​កើត​មាន​ឡើង​តែ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ឬ​ក៏​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ថៃ​នោះ​ទេ គឺ​តំបន់​ទាំង​មូល​ប្រឈម​មុខ​ទល់​នឹង​ការ​វាយ​ប្រហារ​ពី​សំណាក់​ភេរវជន។

លោកស្រី ឃិន ម្យ៉ាត ឈីត មាន​ប្រសាសន៍​ថា ៖ "ដូច្នេះ​ហើយ​បាន​ជា​មន្រ្តី​ជាន់​ខ្ពស់ បាន​មក​ប្រជុំ​គ្នា​នៅ​ទី​នេះ​ដើម្បី​ដាក់​ចេញ​នូវ​វិធានការ​ដែល​រឹង​មាំ ហើយ​ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​កំហែង​ពី​ភេរវជន"

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ទាំង​អស់​គ្នា​នៅ​ចង​ចាំ​នៅ​ឡើយ អំពី​ព្រឹត្តិការណ៍​​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១ នៃ​ការ​វាយ​ប្រហារ​របស់​ក្រុម​ភេរវកម្ម​មក​លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ភិភពលោក​ដ៏​ធំ​មួយ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ដែល​បាន​ក្លាយ​ទៅ​ជា​ចំណុច​ចាប់​ផ្តើម​​ថ្មី​នៃ​បទ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ជា​ពិសេស​អំពើ​ភេរវកម្ម៕