លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងក្នុងឱកាសបើកកិច្ចប្រជុំនោះថា ភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន បានក្លាយទៅជាការគំរាមយ៉ាងធ្ងន់ធ្ងរសម្រាប់ពិភពលោកទាំងមូល និងនៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់តំបន់យើងក្នុងលក្ខណៈជារួម និងសម្រាប់ប្រទេសនីមួយៗ ដូច្នេះការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បានអំពាវនាវឲ្យយើងខិតខំប្រឹងប្រែងចាត់វិធានការរួមគ្នាជាធ្លុងមួយ។
លោក ហ៊ុន សែន បានថ្លែងដូច្នេះ ៖ «ការជួបប្រជុំគ្នានៃរដ្ឋមន្ត្រីប្រទេសសមាជិកអាស៊ាន ទទួលបន្ទុកការងារសន្តិសុខនិងបង្រ្កាបបទល្មើសនាឱកាសនេះ គឺជាសក្ខីភាពដែលបង្ហាញអំពីការរួមគ្នារកវិធីដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ឋនឹងបទល្មើសនិងឧក្រិដ្ឋកម្មឆ្លងដែន ដែលគំរាមដល់អាយុជីវិតប្រជាជនស្លូតត្រង់ បង្កអសន្តិសុខដល់សង្គមជាតិ និងពិសេសគឺការធ្វើវិទ្ធង្សនាដល់កិច្ចអភិវឌ្ឈន៍ប្រទេសជាតិ»។
ប្រមុខរដ្ឋាភិបាលកម្ពុជាបានកត់សម្គាល់ឃើញថា ផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចសកលភាវូបនីយកម្មនិងបច្ចេកវិទ្យាទំនើប ក៏បានជះឥទ្ធិពលដោយផ្ទាល់ដល់បញ្ហាសន្តិសុខ ជាពិសេសបទឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់និងពិភពលោក។
លោកស្រី ឃិន ម្យ៉ាត ឈីត (KHINE MYAT CHIT) មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការនយោបាយនិងសន្តិសុខសហគមន៍អាស៊ាន បានមានប្រសាសន៍ថា វាជារឿងដែលកើតមានឡើងនៅក្នុងប្រទេសជាសមាជិកមួយចំនួនដែលយើងត្រូវតែមានវិធានការចំពោះការគំរាមកំហែងរបស់ពួកភេរវជននៅក្នុងប្រទេសជាសមាជិកដទៃទៀតដែរ។ យើងមិនអាចនិយាយបានថា ការគំរាមកំហែងរបស់ភេរវជនអាចកើតមានឡើងតែនៅក្នុងប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ឬក៏នៅភាគខាងត្បូងនៃប្រទេសថៃនោះទេ គឺតំបន់ទាំងមូលប្រឈមមុខទល់នឹងការវាយប្រហារពីសំណាក់ភេរវជន។
លោកស្រី ឃិន ម្យ៉ាត ឈីត មានប្រសាសន៍ថា ៖ "ដូច្នេះហើយបានជាមន្រ្តីជាន់ខ្ពស់ បានមកប្រជុំគ្នានៅទីនេះដើម្បីដាក់ចេញនូវវិធានការដែលរឹងមាំ ហើយដែលអាចឆ្លើយតបទៅនឹងការគំរាមកំហែងពីភេរវជន"។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ទាំងអស់គ្នានៅចងចាំនៅឡើយ អំពីព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៃការវាយប្រហាររបស់ក្រុមភេរវកម្មមកលើមជ្ឈមណ្ឌលពាណិជ្ជកម្មភិភពលោកដ៏ធំមួយ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលបានក្លាយទៅជាចំណុចចាប់ផ្តើមថ្មីនៃបទឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើភេរវកម្ម៕
