លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានឡើងថ្លែងបើកកិច្ចប្រជុំ ដោយលោកនៅតែបន្តជំរុញឲ្យសមាជិកអាស៊ាន ឈរលើស្មារតីសហគមន៍តែមួយវាសនាតែមួយ ឈានទៅបង្កើតសហគមន៍អាស៊ានឆ្នាំ២០១៥។
កិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ នារាជធានីភ្នំពេញ គឺផ្ដោតលើការសម្រេចឲ្យបាននូវសសរស្ដម្ភទាំងបី រួមមានសហគមន៍នយោបាយ និងសន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍ សង្គម វប្បធម៌ ដើម្បីឈានដល់ការសម្រេចឲ្យបាននូវការបង្កើតសហគមន៍អាស៊ានតែមួយ នៅឆ្នាំ ២០១៥។
ក្នុងឱកាសបើកកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវបន្តកិច្ចប្រឹងប្រែង សហប្រតិបត្តិការជាធ្លុងមួយ សាមគ្គីភាព មិត្តភាព ក្រោមបាវចនា "អាស៊ាន សហគមន៍តែមួយ វាសនាតែមួយ" ហើយជំនះនូវរាល់បញ្ហាប្រឈមទាំងឡាយ ដូចជា កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយគម្លាតរវាងប្រទេសសមាជិកអាស៊ាន។
ដើម្បីសម្រេចបានគោលដៅសហគមន៍តែមួយ នៅឆ្នាំ ២០១៥ កិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ នេះ បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដែលត្រូវអនុវត្ត ដូចជា របាំងពន្ធគយ និងមិនមែនពន្ធគយ សេរីភាវូបនីយកម្មវិនិយោគ ការតភ្ជាប់ និងគមនាគមន៍ ការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម និងការផ្ដួចផ្ដើមសម្រាប់សមាហរណកម្មអាស៊ាន។
របាយការណ៍ដែលបានបង្ហាញនៅក្នុងឯកសារគោលអាស៊ានថា វិធានការដែលបានសម្រេចសហគមន៍សេដ្ឋកិច្ចអាស៊ានតែមួយ គឺបង្កើតនៅឆ្នាំ ២០០៩។ រហូតមកដល់ពេលនេះ ប្រទេសសមាជិកអាស៊ានទាំងអស់ សម្រេចបានចន្លោះពី ៧០% ទៅ ៨៥% ប៉ុណ្ណោះប្រចាំឆ្នាំ៕
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។