នេះជាជំនួបផ្លូវការលើកដំបូងរវាងឧត្ដមមន្ត្រីមកពីប្រទេសចិន និងឧត្ដមមន្ត្រីមកពីអាស៊ាន ក្រោយពីក្រសួងការបរទេសកម្ពុជា និងអាស៊ាន បានជួបពិភាក្សាគ្នាកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ កន្លងទៅនេះ នៅទីក្រុងភ្នំពេញ ដើម្បីធ្វើសេចក្ដីព្រាងនៃក្រមប្រតិបត្តិស្ដីពីការដោះស្រាយដោយសន្តិវិធីនៅតំបន់សមុទ្រចិនខាងត្បូងនោះ។
នៅក្នុងកិច្ចប្រជុំរវាងឧត្ដមមន្ត្រីចិន និងអាស៊ាន នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១២ គឺឧត្ដមមន្ត្រីចិន បានស្នើសុំមិនឲ្យអ្នកកាសែតទាំងអស់ឲ្យអង្គុយស្ដាប់កិច្ចពិភាក្សានេះទេ និងហាមមិនឲ្យអ្នកកាសែតទាំងអស់ស្ទាក់សួរសំណួរទេ រីឯលទ្ធផលនៃកិច្ចប្រជុំនេះក៏គេនឹងមិនប្រកាសឲ្យដឹងដែរ។
ប្រធានកិច្ចប្រជុំស្ដីពីក្រមប្រតិបត្តិនៃសមុទ្រចិនខាងត្បូង គឺរដ្ឋលេខាធិការក្រសួងការបរទេសវៀតណាម លោក ផាម ក្វ័ងវិញ (Pham Quang Vinh) បានមានប្រសាសន៍ថា លោករីករាយនឹងការបើកកិច្ចប្រជុំសំខាន់នេះ៖ «រដ្ឋមន្ត្រីរបស់យើងជួបប្រជុំរយៈពេលប៉ុន្មានថ្ងៃទៀតនេះ គឺដើម្បីសម្រេចលើអនុសាសន៍ស្ដីពីវិធីដែលយើងធ្វើការងារជឿនលឿនទៅមុខរវាងអាស៊ាន និងចិន ស្ដីពីក្រមប្រតិបត្តិនៃសមុទ្រចិនខាងត្បូង។ បញ្ហានេះគឺមានសារសំខាន់ណាស់។ យើងមកពីអាស៊ាន និងភាគីចិន គប្បីរក្សានូវបរិយាកាស និងស្មារតីស្ថាបនា និងកិច្ចពិភាក្សាប្រកបដោយស្ថាបនាសម្រាប់ផលប្រយោជន៍នៃសន្តិភាព ស្ថិរភាព និងសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់»។
ជាមួយគ្នានេះដែរ រដ្ឋលេខាធិការក្រសួងការបរទេសចិន អ្នកស្រី ហ្វូ យ៉ីង (Fu Ying) បានមានប្រសាសន៍ថា ជាការរីករាយរបស់អ្នកស្រីដែលបានមកជួបជាមួយឧត្ដមមន្ត្រីមកពីអាស៊ាន៖ «ខ្ញុំសូមអរគុណចំពោះរដ្ឋាភិបាលកម្ពុជា ជាប្រធានអាស៊ាន ដែលបានរៀបចំឲ្យមានកិច្ចប្រជុំសំខាន់នេះ ហើយយើងរំពឹងថា កិច្ចប្រជុំនេះនឹងដំណើរការទៅប្រកបដោយស្ថាបនា»។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា ភាគីចិនមិនងាយចុះចាញ់ដៃគូជម្លោះនោះទេ ដោយមានហេតុផលប្រវត្តិសាស្ត្រ៖ «នៅពេលណាដោះស្រាយមិនផ្អែកលើច្បាប់អន្តរជាតិ យើងកម្ររកដំណោះស្រាយណាមួយដែលមានភាពទូលាយទាំងសងខាងណាស់»។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ានចំនួន ១០ប្រទេស បានយល់ព្រមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៦ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ កន្លងទៅនេះ នៅទីក្រុងភ្នំពេញ លើសេចក្ដីព្រាងនៃក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូងនោះ។
នៅពេលនោះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក លាង ហ្គួងលី (Liang Guanglie) បានមកជួបចរចាក្រៅផ្លូវការមួយជាមួយរដ្ឋមន្ត្រី ក្រសួងការពារមកពីប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប្រទេសប្រ៊ុយណេ (Brunei) ដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹងនៅសមុទ្រចិនខាងត្បូងនោះ ក្រោមកិច្ចសម្របសម្រួលដោយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោកនាយឧត្ដមសេនីយ៍ ទៀ បាញ់។
ទាក់ទងនឹងជម្លោះនោះ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) បានមានប្រសាសន៍ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថា សហរដ្ឋអាមេរិកអំពាវនាវសុំឲ្យអាស៊ាន និងចិន បន្តកិច្ចប្រឹងប្រែងដើម្បីឈានដល់ការឯកភាពគ្នាលើសេចក្ដីព្រាងក្រមប្រតិបត្តិ ស្ដីពីការដោះស្រាយដោយសន្តិវិធីនៅសមុទ្រចិនខាងត្បូងនោះ។ អ្នកស្រីបន្តថា សហរដ្ឋអាមេរិកជំទាស់នឹងការប្រើប្រាស់កម្លាំងទ័ពដើម្បីដណ្ដើមកាន់កាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
