ក្នុងវេទិកានេះពួកគេលើកយកបញ្ហាប្រឈមដែលមាននៅក្នុងសហគមន៍មកពិភាក្សា ដើម្បីដាក់ជូនប្រមុខដឹកនាំរដ្ឋាភិបាលអាស៊ាន យកទៅពិភាក្សា និងដោះស្រាយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ ប៉ុន្តែសង្គមស៊ីវិលទាំងនោះហាក់មានចរន្តពីរផ្សេងគ្នា គឺមានក្រុមមួយនិយមកណ្តាល និងមួយទៀតនិយមរដ្ឋាភិបាល ដែលបញ្ហានេះបានធ្វើឲ្យកើតមានភាពចម្រូងចម្រាស់មួយបានកើតឡើងក្នុងពេលប្រមូលផ្តុំមតិរួមមួយ ដើម្បីចូលក្នុងកិច្ចប្រជុំកំពូលអាស៊ាន។
តំណាងអង្គការសង្គមស៊ីវិលអាស៊ានប្រមាណ ២.០០០នាក់ បានជួបប្រជុំគ្នាក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមវេទិកាប្រជាពលរដ្ឋអាស៊ាន ដែលគេរំពឹងទុកថា បញ្ហាប្រឈមដែលបានជួបប្រទះ នឹងត្រូវគេនាំទៅដាក់អោយមេដឹកនាំអាស៊ាន។ ពួកគេបានធ្វើវេទិកាពីរដាច់ដោយឡែកពីគ្នា ប៉ុន្តែមានឈ្មោះដូចគ្នា។ មួយក្រុមមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ចំណែកមួយក្រុមទៀតត្រូវបដិសេធ។ បើទោះជាបែបណា ពួកគេអះអាងថា នឹងនាំយកបញ្ហាដែលបានពិភាក្សាទៅដាក់អោយថ្នាក់ដឹកនាំអាស៊ានដោះស្រាយ។
នាយិកាអង្គការសីលការ និងជាគណៈកម្មាធិការដឹកនាំរៀបចំវេទិកា អ្នកស្រី ធិតា ឃិះ។ អ្នកស្រីមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៩ ខែមីនា នៅសណ្ឋាគារឡាក់គី ស្តារ ថា ពួកគាត់ទាំងជាង ៤០០ស្ថាប័ន ជាក្រុមអង្គការសង្គមស៊ីវិលអាស៊ាន ដែលបានធ្វើការងារដោយផ្ទាល់ក្នុងការដោះស្រាយបញ្ហារបស់ពលរដ្ឋក្នុងសហគមន៍៖ «បញ្ហាចម្បងនៅត្រង់ណា? ហើយយើងនឹងរកអោយឃើញ ហើយយកបញ្ហាអស់នេះមកដោះស្រាយរួមគ្នា ដើម្បីការអភិវឌ្ឍសង្គមជាតិ។ នេះជាគោលគំនិតនៃវេទិកានេះ ដើម្បីរកអោយឃើញនូវបញ្ហាចម្បង ដើម្បីអោយមានការអភិវឌ្ឍទាំងអស់គ្នា»។
សង្គមស៊ីវិលក្រុមនេះអះអាងថា នឹងនាំយកបញ្ហាសំខាន់ៗចំនួន ២៤ ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន។ ក្នុងនោះរួមមានគោលនយោបាយទាក់ទងនឹងពលករចំណាកស្រុក ការអភិវឌ្ឍដែលធ្វើឲ្យប៉ះពាល់ទៅដល់ដីធ្លី និងលំនៅឋានរបស់ប្រជាពលរដ្ឋ បញ្ហាសិទ្ធិមនុស្សជាទូទៅ សិទ្ធិស្ត្រី និងការរើសអើងជនជាតិភាគតិចនៅពេលធ្វើការអភិវឌ្ឍជាដើម។
អ្នករៀបចំវេទិការបស់សង្គមស៊ីវិលមួយក្រុមទៀត នៅឯសាលសន្និសីទចតុមុខ លោក ឈាង វណ្ណារិទ្ធិ ជានាយកប្រតិបត្តិវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព។ លោកថា ក្រុមរបស់លោកតែងមានការកិច្ចសហការល្អជាដៃគូរបស់រដ្ឋាភិបាល ក្នុងគោលដៅធ្វើអោយមានការផ្លាស់ប្ដូរផ្នែកនយោបាយ ។
លោក ឈាង វណ្ណារិទ្ធិ៖ «គឺមានការចូលរួមពីថ្នាក់ដឹកនាំ គឺឧបនាយករដ្ឋមន្ត្រី សុខ អាន។ រឿង ១២ប្រធានបទហ្នឹង យើងមានបញ្ហាសន្តិសុខ និងសន្តិភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ភាពជាដៃគូរវាងសង្គមស៊ីវិល និងរដ្ឋាភិបាល សិទ្ធិស្ត្រី និងកុមារ បញ្ហាបរិស្ថាន និងធនធានធម្មជាតិ»។
លោក ឈាង វណ្ណារិទ្ធិ បន្តថា សង្គមស៊ីវិលអាស៊ានតែងមានភាពប្រទាំងប្រទើសគ្នា ដែលមិនអាចដោះស្រាយបាន។
តំណាងសង្គមស៊ីវិលមកពីប្រទេសឥណ្ឌូនេស៊ី អ្នកស្រី យុនយុន វ៉ាស់ យូនីងរ៉ាម់ (Yunyun Wah Yuningrum)។ អ្នកស្រីមានប្រសាសន៍ថា ករណីបែបនេះអាចជាការបំបែកមិនអោយសង្គមស៊ីវិលមានសំឡេងតែមួយ។ តែទោះជាយ៉ាងណាអ្នកស្រី នៅតែសង្ឃឹមថា អាស៊ានគឺរួមគ្នាតែមួយ៖ «អាស៊ានធ្លាប់បានគិតថា អ្វីៗទាំងអស់នៃអាស៊ានគឺជាកិច្ចការរបស់រដ្ឋាភិបាល មិនមែនជារបស់ពលរដ្ឋទេ។ ប៉ុន្តែឥឡូវនេះបន្ទាប់ពីមានធម្មនុញ្ញអាស៊ាន វាបានផ្លាស់ប្ដូរហើយ។ រដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ានទាំង ១០ បានបង្ហាញឆន្ទៈផ្លាស់ប្ដូរផ្នត់គំនិត ដោយទទួលស្គាល់ថា អាស៊ានគឺសម្រាប់ពលរដ្ឋអាស៊ាន»។
វេទិកាប្រជាពលរដ្ឋ និងសន្និសីទសង្គមស៊ីវិលអាស៊ាន បានចាប់ផ្ដើមដំបូងកាលពីឆ្នាំ២០០៥ នៅក្រុងសាសអាឡាម ក្នុងប្រទេសម៉ាឡេស៊ី។ ក្នុងពេលនោះកិច្ចប្រជុំកំពូលអាស៊ានក៏បានឯកភាពអោយមានសន្និសីទបែបនេះជារៀងរាល់ឆ្នាំ ដើម្បីផ្ដល់ឱកាសអោយសង្គមស៊ីវិលបានពិភាក្សា និងលើកយកបញ្ហាជាក់ស្ដែង រៀបចំជាសេចក្ដីថ្លែងការណ៍ដាក់ទៅប្រមុខរដ្ឋាភិបាលអាស៊ានដោះស្រាយ។
សម្រាប់ឆ្នាំ២០១២នេះ ប្រធានបទរបស់វេទិកាពលរដ្ឋអាស៊ាន គឺប្រែក្លាយអាស៊ានទៅជាសហគមន៍ដែលយកប្រជាពលរដ្ឋជាចម្បង៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
