សង្គម​ស៊ីវិល​អាស៊ាន​ធ្វើ​ទស្សនកិច្ច​តំបន់​បឹង​កក់

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​បឹងកក់ ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​អ្នក​ភូមិ​បឹង​កក់ និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​នោះ នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១២។

អ្នក​ភូមិ​បឹង​កក់​ដែល​រង​ការ​បណ្ដេញ​ចេញ​ប្រមាណ ៣០០​នាក់ បាន​មក​ឈរ​ទទួល​ស្វាគមន៍​ក្រុម​សង្គម​ស៊ីវិល​អាស៊ាន ដោយ​មាន​លើក​បង្ហាញ​បដា​ស្ដី​ពី​ការ​បណ្ដេញ​ចេញ និង​រូបថត​នៃ​ការ​ប្រើ​អំពើ​ហិង្សា​របស់​សមត្ថកិច្ច​រាជធានី​ភ្នំពេញ។

ក្រុម​អ្នក​ភូមិ​ក៏​សុំ​ឲ្យ​អង្គការ​នៃ​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ាន ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​ពលរដ្ឋ​តំបន់​បឹង​កក់​ទាំង​អស់​គ្នា អាច​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង បោះ​ព្រំប្រទល់​ដី ១២,៤៤​ហិកតារ ឲ្យ​បាន​ច្បាស់លាស់​ដាច់​ពី​ដី​របស់​ក្រុមហ៊ុន ហើយ​មិន​កាត់​ប្រជាពលរដ្ឋ​ណា​មួយ​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​នោះ​ឡើយ។

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន​ទាំង​នោះ បាន​សម្ដែង​ក្ដី​សោកស្ដាយ និង​ខ្លះ​ទៀត​សម្រក់​ទឹក​ភ្នែក​នៅ​ពេល​ឃើញ​ស្ថានភាព​អ្នក​បឹង​កក់​ទាំង​នោះ។ ពួក​គាត់​បាន​ថ្លែង​ថា ពួកគាត់​គាំទ្រ​ចំពោះ​ការ​តវ៉ា​នានា​ដោយ​អហិង្សា៖ «ខ្ញុំ​គិត​ថា សារសំខាន់​បំផុត​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​នេះ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​យើង ហើយ​យើង​នឹង​ធានា​ថា យើង​ទៅ​វិញ ហើយ​ធ្វើ​ឲ្យ​សាធារណៈ​ដឹង និង​មាន​សម្ពាធ​អន្តរជាតិ។ យើង​នឹង​ធ្វើ​លិខិត​ទៅ​ស្ថានទូត​នានា និង​ផ្សាយ​ព័ត៌មាន​តាម​គេហទំព័រ និង​ទៅ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ»

នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ បាន​ថ្លែង​ថា ទស្សនកិច្ច​នេះ​គឺ​ជា​ការ​បង្ហាញ​ពី​ការ​សហការ និង​គាំទ្រ​គ្នា​ពី​ពលរដ្ឋ​ក្នុង​តំបន់​អាស៊ាន។ ករណី​នេះ​រដ្ឋាភិបាល​កម្ពុជា ក៏​ត្រូវ​តែ​ស្វះស្វែង​រក​ដំណោះស្រាយ​ជាមួយ​អ្នក​ភូមិ​បឹងកក់ និង​អ្នក​ភូមិ​បុរី​កីឡា ឲ្យ​បាន​ឆាប់​ចប់ ព្រោះ​នេះ​គឺ​ជា​មុខ​មាត់​របស់​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នោះ និង​មុខ​មាត់​ក្នុង​ឆាក​អន្តរជាតិ​នោះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។