លំហាត់ហ្វឹកហ្វឺនរួមគ្នាសម្រាប់ការជួយសង្គ្រោះនៅពេលមានគ្រោះមហន្តរាយ ព្រមទាំងការពង្រឹងជំនាញសម្រាប់ប្រឆាំងភេរវកម្មផងនោះ ត្រូវបានគេរំពឹងថា នឹងមានសហរដ្ឋអាមេរិកចូលរួមផងដែរ។
ក្រុមរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានព្រមព្រៀងជាមួយគ្នានៅក្នុងកិច្ចប្រជុំក្រៅផ្លូវការ ឯខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ថា គេបានគាំទ្រយ៉ាងពេញទំហឹងទៅលើផែនការដែលគ្រោងនឹងរៀបចំឱ្យមានការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា សម្រាប់កិច្ចការមនុស្សធម៌ ដើម្បីសង្គ្រោះនៅពេលមានគ្រោះមហន្តរាយ និងប្រឆាំងអំពើភេរវកម្មនៅក្នុងតំបន់។
សន្និសីទសារព័ត៌មានមួយដែលធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក្រៅផ្លូវការ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៣ ខាងមុខ ក្រសួងការពារជាតិនៃបណ្តាប្រទេសអាស៊ាន គ្រោងនឹងរៀបចំធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាចំនួន ៣លើកធំៗ។ លំហាត់ហ្វឹកហ្វឺនរួមគ្នាទាំងនោះ ដូចជាការផ្តល់បទពិសោធន៍ចំពោះក្រុមគ្រូពេទ្យយោធា ទៅលើកិច្ចការសង្គ្រោះនៅពេលមានគ្រោះមហន្តរាយ ហើយលំហាត់នេះគ្រោងធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំក្រោយ នាប្រទេសប៊្រុយណេ។
លំហាត់ហ្វឹកហ្វឺនអំពីការប្រឆាំងអំពើភេរវកម្មនៅក្នុងតំបន់ដែលគ្រោងនឹងធ្វើឡើងនៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៣ នាប្រទេសឥណ្ឌូនេស៊ី និងលំហាត់ហ្វឹកហ្វឺនដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយ ដែលគ្រោងនឹងធ្វើនៅឯប្រទេសថៃ។
ក្រៅពីប្រទេសអាស៊ាន មានគម្រោងធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាទៅលើការងារមនុស្សធម៌នោះ គឺអាស៊ានត្រូវការសន្តិសុខដ៏រឹងមាំមួយនៅក្នុងតំបន់ ដូចបញ្ហាសន្តិសុខសមុទ្រ និងការប្រឆាំងភេរវកម្មជាដើម ដែលបញ្ហានេះគេត្រូវការកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយបណ្តាប្រទេសដែលនៅក្រៅតំបន់ដទៃទៀត។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា អាស៊ានកំពុងត្រូវការកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ជាមួយបណ្ដាប្រទេសមួយចំនួនដែលនៅក្រៅតំបន់ជាចាំបាច់៖ «ច្បាស់ណាស់ គឺយើងត្រូវតែធ្វើសហប្រតិបត្តិការនូវគ្រប់ភាគីទាំងអស់ ហើយជាពិសេស មហាអំណាចទាំងឡាយដែលមក មានតួនាទីកាន់តែខ្លាំង គឺជាការចាំបាច់កាន់តែធំអំពីកិច្ចសហប្រតិបត្តិការជាមួយមហាអំណាចទាំងនោះ ធ្វើម៉េចឱ្យវាមានស្ថិរភាពដ៏ពិតប្រាកដ»។
សហរដ្ឋអាមេរិកបានបង្ហាញឱ្យឃើញពីគោលបំណងរបស់ខ្លួន ក្នុងការចូលរួមលំហាត់ហ្វឹកហ្វឺនរបស់ក្រុមបណ្តាប្រទេសអាស៊ាន នាឆ្នាំ២០១៣ នោះ។
លោក ឡេអន បេណាតា (Leon Benatta) រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានថ្លែងក្នុងសន្និសីទកាសែត បន្ទាប់ពីបានជួបជាមួយក្រុមរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅឯខេត្តសៀមរាប ថា កងទ័ពអាមេរិក បានធ្វើការជាមួយមិត្តភ័ក្ដិ និងដៃគូ រួមទាំងសម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍រយៈពេល ៧០ឆ្នាំកន្លងទៅហើយ។ ទាហានអាមេរិកជាច្រើនបានស្លាប់នៅក្នុងសង្គ្រាមនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ប៉ុន្តែគោលដៅសំខាន់ គឺការរក្សាសន្តិភាព និងភាពចម្រុងចម្រើនក្នុងតំបន់។ សហរដ្ឋអាមេរិក ក៏បានជំរុញឱ្យកាន់តែស៊ីជំរៅថែមទៀត នូវសហប្រតិបត្តិការយោធារវាងមិត្ត សម្ព័ន្ធមិត្ត ហើយនិងដៃគូនៅក្នុងតំបន់ ដើម្បីធានាឱ្យមានស្ថិរភាព និងការរីកចំរើនសម្រាប់ពេលអនាគត។
លោកបន្តថា៖ «អ្វីដែលសហរដ្ឋអាមេរិកបានធ្វើ គឺការចូលរួមជំរុញឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិទាំងឡាយដែលអាស៊ានកំពុងដឹកនាំ។ ក្នុងនោះរួមមានប្រតិបត្តិការមនុស្សធម៌ ប្រតិបត្តិការសង្គ្រោះ ក្នុងករណីមានគ្រោះមហន្តរាយ អំពីសន្តិសុខសមុទ្រ អំពីការសាយភាយអាវុធ និងការប្រឆាំងភេរវកម្មជាដើម»។
ក្រុមបណ្ដាប្រទេសអាស៊ានខ្លះបានមើលឃើញថា ដើម្បីស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ ឱ្យកាន់តែប្រសើរថែមទៀត គឺប្រទេសមួយចំនួនកំពុងប្រឹងប្រែងដោះស្រាយបញ្ហាឧទ្ទាមឱ្យបានជោគជ័យ៕
