មហោស្រពនេះ ធ្វើឡើងដោយផ្ដោតសំខាន់លើការផ្សព្វផ្សាយទៅដល់សាធារណជនខ្មែរ ពីផែនការរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលនឹងឆ្ពោះទៅកសាងសហគមន៍អាស៊ាននៅឆ្នាំ២០១៥ ខាងមុខ។
ក្រុមសិល្បៈប្រពៃណីមកពីប្រទេសជាសមាជិកអាស៊ានទាំង១០ និងក្រុមសិល្បៈអាស៊ានកូរ៉េ រួមគ្នាផ្សព្វផ្សាយពីផែនការនៃការធ្វើសមាហរណកម្មអាស៊ាន ដល់សាធារណជនខ្មែរ តាមរយៈការសម្ដែងសិល្បៈ ដោយដកស្រង់គំនិតពីផែនការមេនៃការកសាងសហគមន៍នេះ។
រដ្ឋលេខាធិការក្រសួងវប្បធម៌ លោក សំរាំង កំសាន្ត មានប្រសាសន៍ថា ការប្រើប្រាស់សិល្បៈដើម្បីអប់រំ គឺជារបត់ថ្មីមួយសម្រាប់ជំរុញអោយពលរដ្ឋ ជាពិសេសយុវជនបានយល់ដឹងពីអាស៊ាន ពោលគឺអប់រំភ្ជាប់នឹងការកម្សាន្តសប្បាយ។ លោក កំសាន្ត បន្តថា ការធ្វើសមាហរណកម្មអាស៊ាន គឺត្រូវការចាំបាច់អោយមានការចូលរួមពីពលរដ្ឋគ្រប់លំដាប់ថ្នាក់ក្នុងសង្គម ហេតុនេះពួកគេត្រូវយល់ដឹងពីអាស៊ានអោយបានច្រើន។
នៅក្នុងមហោស្រពសិល្បៈអាស៊ាននេះ កម្ពុជា លើកយកសិល្បៈប្រជាប្រិយបែបសម័យចំនួន៣ មកបង្ហាញ រួមមានរបាំអាស៊ានសហគមន៍មួយវាសនាតែមួយ របាំរួមគ្នានៃប្រជាជាតិអាស៊ាន និងបទចម្រៀងអាស៊ីតែមួយ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យ៉ង់ គឹមអេង មានប្រសាសន៍ថា គឺជាជម្រើសដ៏ល្អមួយក្នុងការអប់រំតាមរយៈការសម្ដែងសិល្បៈ។ ប៉ុន្តែលោកចង់ឃើញការអប់រំនោះមានជារឿយៗ និងនៅតាមទីសាធារណៈ ដែលពលរដ្ឋ ជាពិសេសយុវជនបានចេញចូលទៅឃើញ។
វប្បធម៌សិល្បៈអាស៊ាន ត្រូវសម្ដែងនៅសាលសន្និសីទចតុមុខ ដែលបើកអោយសាធារណជនបានចូលទស្សនាដោយសេរី។ ក្រុមអ្នករៀបចំកម្មវិធី អះអាងថា មានយុវជនយ៉ាងតិច ៦០០នាក់ចូលទស្សនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។