ប្រទេស​កម្ពុជា​បញ្ចប់​អាណត្តិ​ជា​ប្រធាន​ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា បាន​បញ្ចប់​អាណត្តិ​ជា​ប្រធាន​នៃ​ការ​រៀបចំ​កិច្ច​ប្រជុំ​ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ហើយ សម្រាប់​ឆ្នាំ​២០១២ នេះ។

0:00 / 0:00

កម្ពុជា បាន​ធ្វើ​ការ​ផ្ទេរ​តួនាទី​ប្រធាន​រៀបចំ​កិច្ច​ប្រជុំ​ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ទៅ​ឱ្យ​ប្រទេស​ប្រ៊ុយណេ ដារ៉ូសាឡឹម បន្ត​ការ​ដឹកនាំ​ប្រជុំ​សម្រាប់​ឆ្នាំ​២០១៣ ខាង​មុខ។

កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​របស់​ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន សម្រាប់​ឆ្នាំ​២០១២ ដែល​ធ្វើ​ឡើង​នៅ​ឯ​ខេត្ត​សៀមរាប បាន​បញ្ចប់​ហើយ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ទី១៦ ខែ​វិច្ឆិកា។

កិច្ច​ប្រជុំ​នេះ បាន​ធ្វើ​ឡើង​រយៈពេល​ប្រមាណ​តែ​ជាង ៤ម៉ោង បន្ទាប់​ពី​ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ និង​អគ្គលេខាធិការ​អាស៊ាន​បាន​ជួប​ជជែក​គ្នា​ទៅ​លើ​បញ្ហា​មួយ​ចំនួន ដែល​បាន​គ្រោង​ទុក​រួច​ហើយ​នោះ។

លោក ទៀ បាញ់ ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា និង​ជា​ប្រធាន​ដឹកនាំ​កិច្ច​ប្រជុំ​នោះ លោក​បាន​ថ្លែង​ថា កាល​ពី​កិច្ច​ប្រជុំ​ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី៦ គឺ​ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន បាន​អនុម័ត​លើ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ ស្ដីពី​ការ​ឯកភាព​អាស៊ាន ដើម្បី​ឆ្ពោះ​ទៅ​រក​សហគមន៍​មួយ​ដែល​មាន​សុខដុមនីយកម្ម និង​សន្តិសុខ។ ភាព​ត្រូវ​ការ​ផ្នែក​សន្តិសុខ​នៅ​ក្នុង​តំបន់​នេះ គឺ​ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​នៃ​ប្រទេស​ទាំង​១០ បាន​យល់​ព្រម​ឱ្យ​បន្ថែម​យន្តការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​រវាង​បណ្ដា​ប្រទេស​អាស៊ាន ជាមួយ​នឹង​ក្រុម​បណ្ដា​​ប្រទេស​ផ្សេង​ទៀត​នៅ​ក្រៅ​តំបន់ ទៅ​លើ​បញ្ហា​យុទ្ធសាស្ត្រ​នៃ​កិច្ច​ការពារ​ជាតិ និង​សន្តិសុខ។

លោក ទៀ បាញ់៖ «បញ្ហា​សន្តិសុខ​ដែល​កំពុង​កើត​ឡើង​នា​បច្ចុប្បន្ន កាល​នេះ​ជា​បញ្ហា​ដែល​តម្រូវ​ឱ្យ​យើង​ទាំង​អស់​គ្នា​រួបរួម​ពុះពារ​ជំនះ និង​ដោះស្រាយ។ ចំណុច​នេះ​ហើយ ដែល​អាស៊ាន​ត្រូវ​បាន​ទទួល​ស្គាល់ ឬ​ផ្តល់​តួនាទី​ជា​និម្មាបនករ​សន្តិសុខ​ក្នុង​តំបន់។ នៅ​ក្នុង​រយៈពេល​តែ ៦ខែ​កន្លង​មក​នេះ មាន​ព្រឹត្តិការណ៍​ធំៗ ដូច​ជា​កិច្ច​ប្រជុំ​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​ឆ្នាំ កិច្ច​ប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប (ASEM) កិច្ចប្រជុំ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ (NAM) និង​កិច្ច​ប្រជុំ​ផ្សេងៗ​ដែល​ក្នុង​នោះ​បាន​លើក​ឡើង​នូវ​ប្រធាន​បទ​ជាច្រើន ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​អភិវឌ្ឍ និង​កិច្ចការ​ផ្សេងៗ។ ក៏ប៉ុន្តែ ទោះ​យ៉ាង​ណា កិច្ច​ការពារ​សន្តិសុខ​នេះ ក៏​នៅ​តែ​ជា​កត្តា​មូលដ្ឋាន​នៅ​ក្នុង​ការ​ចូល​រួម​ពង្រឹង​ដល់​ការ​វិវត្តន៍​ទាំង​ឡាយ»

លោក ទៀ បាញ់ បាន​បញ្ជាក់​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​នេះ គឺ​ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន បាន​គាំទ្រ​ទៅ​លើ​ផែនការ​ពង្រឹង​សន្តិសុខ​នៅ​ក្នុង​តំបន់​ជាច្រើន​ចំណុច ដូច​ជា​ផែនការ​រៀបចំ​លំហាត់ និង​ហ្វឹកហ្វឺន​រួម​គ្នា​រវាង​ផ្នែក​ជំនួយ​មនុស្ស​ធម៌ និង​កិច្ច​ការ​សង្គ្រោះ​ក្នុង​ពេល​មាន​គ្រោះ​មហន្តរាយ​ជាមួយ​នឹង​ផ្នែក​សុខាភិបាល​យោធា ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ប្រ៊ុយណេ ដារ៉ូសាឡឹម នៅ​ក្នុង​ឆ្នាំ​២០១៣ ខាង​មុខ។

ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​យល់​ថា លំហាត់​ហ្វឹកហ្វឺន​រួម​គ្នា​នេះ នឹង​ចូល​រួម​ជា​វិភាគទាន​យ៉ាង​សំខាន់​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ជាក់ស្តែង និង​ទៅ​លើ​សន្តិសុខ​ដែល​មិន​មែន​ជា​ប្រពៃណី​ផង។

ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន បាន​ទទួល​ស្គាល់​ថា ក្នុង​រយៈពេល ពីរ​បី​ទសវត្ស​កន្លង​មក​នេះ តំបន់​អាស៊ី​អគ្នេយ៍ គឺ​ជា​តំបន់​ដែល​មាន​សេចក្តី​សុខដុមរមនា គួរ​ឱ្យ​ពេញ​ចិត្ត។ ក៏ប៉ុន្តែ ទោះ​យ៉ាង​ណា ក៏​គេ​ពុំ​អាច​មើល​រំលង​ភាព​ប្រឈម​មុខ​ទាំង​ឡាយ ដូច​ជា​បញ្ហា​សន្តិសុខ​នៅ​ក្នុង​លំហ​សមុទ្រ បញ្ហា​បរិស្ថាន បញ្ហា​សន្តិសុខ​ទឹក សន្តិសុខ​ស្បៀង និង​ថាមពល ដែល​កំពុង​មាន​នៅ​ចំពោះ​មុខ និង​អាច​បន្ត​ទៅ​យូរ​អង្វែង​ទាំង​នោះ​បាន​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។