សេចក្តីថ្លែងការណ៍រួមនោះមាន ១២ចំណុច ផ្ដោតទៅលើប្រធានបទចម្បងៗបី គឺទី១ សេដ្ឋកិច្ច និងបរិស្ថាន ទី២ សេដ្ឋកិច្ច និងវប្បធម៌ និងទី៣ នយោបាយ និងសន្តិសុខ។
គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្នុងតំបន់ គឺជាចំណុចសំខាន់មួយក្នុងប្រធានបទ "នយោបាយ និងសន្តិសុខ" នៃសេចក្តីថ្លែងការណ៍រួមរបស់វេទិកាពលរដ្ឋអាស៊ាន។
ទាក់ទងលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត សេចក្តីថ្លែងការណ៍រួមផ្សព្វផ្សាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា គូសបញ្ជាក់ថា បញ្ហាប្រឈមនានាចំពោះដំណើរការប្រជាធិបតេយ្យ រួមមាន ប្រព័ន្ធរដ្ឋបាលគ្រប់គ្រងការបោះឆ្នោត ការចុះបញ្ជីឈ្មោះបោះឆ្នោត ការឃ្លាំមើលការបោះឆ្នោត និងភាពឯករាជ្យ អព្យាក្រឹត្យ និងយុត្តិធម៌ នៃស្ថាប័នរៀបចំការបោះឆ្នោត។
ចំពោះប្រការនេះ នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្រ្វែល = COMFREL) លោក គល់ បញ្ញា បញ្ជាក់ថា សេចក្តីថ្លែងការណ៍រួម ស្នើឱ្យកិច្ចប្រជុំកំពូលអាស៊ានពិនិត្យ និងជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសជាសមាជិកមួយចំនួន ត្រូវតែរៀបចំឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដើម្បីផ្តល់សិទ្ធិពេញលេញជូនដល់ប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិជ្រើសរើសមេដឹកនាំប្រទេសទៅតាមឆន្ទៈពិតប្រាកដរបស់ខ្លួន។
លោក គល់ បញ្ញា៖ «យ៉ាងហោចណាស់ក៏មានប្រទេស៣ ដែលមានការបោះឆ្នោតទៀងទាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី និងយុត្តិធម៌ និយាយឱ្យចំ គឺមិនទាន់មានការបោះឆ្នោតនៅឡើយ។ ប្រទេសទាំង៣ ក្នុងចំណោមប្រទេសទាំង១០ គឺឡាវ វៀតណាម និងប្រ៊ុយណេ ជាពិសេសប្រទេសឡាវ និងប្រទេសវៀតណាម ត្រូវរៀបចំការបោះឆ្នោត ព្រោះវាទាក់ទងនឹងអាស៊ាន ដែលថា យកប្រជាពលរដ្ឋជាស្នូល ជាការយកចិត្តទុកដាក់សំខាន់របស់អាស៊ាន។ ដូច្នេះ ដើម្បីឱ្យប្រជាពលរដ្ឋគាត់មានកម្រិតនៃការចូលរួម ត្រូវតែរៀបចំការបោះឆ្នោត ព្រោះមានតែការបោះឆ្នោតទេ ដែលផ្តល់សិទ្ធិអំណាចពេញលេញដល់ពលរដ្ឋក្នុងការរៀបចំរដ្ឋាភិបាល រៀបចំតំណាងរបស់ខ្លួន»។
សេចក្តីថ្លែងការណ៍រួមបានស្នើឱ្យប្រទេសសមាជិកអាស៊ានទាំងអស់ ពិចារណាគាំទ្រអនុវត្តគោលការណ៍សំខាន់ ដែលបង្កើតឡើងដោយបណ្ដាញអាស៊ី សម្រាប់ការបោះឆ្នោតដោយសេរី (អានហ្វ្រែល = ANFREL) រួមនឹងសេចក្តីប្រកាសទីក្រុងបាងកក និងសេចក្តីប្រកាសទីក្រុងហ្សាការតា ស្ដីពីសហគមន៍បោះឆ្នោត ដែលអនុម័តដោយវេទិកាស្ថាប័នគ្រប់គ្រងការបោះឆ្នោតអាស៊ាន ( Electoral Management Bodies = EMBs)។ ក្នុងនោះ ស្នើដល់ប្រទេសជាសមាជិកអាស៊ាន ដែលពុំទាន់ប្រកាន់លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត។ ទី១ ត្រូវផ្តល់សច្ចាប័នលើកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ។ ទី២ ត្រូវចូលរួម និងគោរពតាមគោលការណ៍សហភាពអន្តរសភា (IPU) ក្នុងការរៀបចំការបោះឆ្នោត។
ប្រធានគណៈកម្មការគ្រប់គ្រងវេទិកាពលរដ្ឋអាស៊ាន លោកមេធាវី សុក សំអឿន ថ្លែងថា សេចក្តីថ្លែងការណ៍រួមនេះមិនបានផ្ដោតលើបញ្ហាក្នុងប្រទេសនិមួយៗទេ គឺពិនិត្យលើស្ថានភាពរួមនៅក្នុងតំបន់ទាំងមូល។ លោកលើកឡើងអំពីចំណុចសំខាន់ៗពីរ នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ ទាក់ទងនឹងការបោះឆ្នោត៖ «គឺទី១ យើងឃើញថា ប្រទេសខ្លះ គណៈកម្មាធិការរៀបចំការបោះឆ្នោត អត់សូវឯករាជ្យ។ ទី២ ប្រទេសខ្លះទៀត គឺមិនបើកចំហឱ្យមានអ្នកសង្កេតការណ៍ការបោះឆ្នោតទេ។ ដូច្នេះ ក្នុងចំណុចទាំង ៩ហ្នឹង យើងមានលើកឡើងពី សុំឱ្យរដ្ឋាភិបាលប្រទេសអាស៊ាននិមួយៗ ពេលធ្វើការបោះឆ្នោតក្នុងប្រទេសនិមួយៗ គឺត្រូវបើកឱ្យមានក្រុមអ្នកសង្កេតការណ៍ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោត។ ប្រព័ន្ធដោះស្រាយការបោះឆ្នោត ក៏ជាបញ្ហាមួយទៀតដែរ ដូច្នេះត្រូវធ្វើយ៉ាងណាឱ្យការដោះស្រាយវិវាទក្នុងការបោះឆ្នោត ត្រូវដោះស្រាយដោយឯករាជ្យ ដោយកុំឱ្យលំអៀងទៅខាងណាៗ និងត្រូវមានការស៊ើបអង្កេតដោយយន្តការអព្យាក្រឹត្យ»។
ក្នុងចំណោមអនុសាសន៍សំខាន់ទាំង ៩ចំណុច នៃសេចក្តីថ្លែងការណ៍រួមរបស់វេទិកាពលរដ្ឋអាស៊ាន ស្ដីពីលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅក្នុងតំបន់នេះ ក៏មានលើកឡើងពីបញ្ហាធានាសិទ្ធិស្មើគ្នា ដោយមិនរើសអើង ជូនដល់ពលរដ្ឋជនជាតិភាគតិច ជនពិការ និងស្ត្រីភេទផងដែរ។ ចំណុចដទៃទៀត រួមមានការរៀបចំប្រព័ន្ធបោះឆ្នោត ដែលផ្តល់លទ្ធភាពឱ្យពលរដ្ឋរស់នៅក្រៅប្រទេស អាចចូលរួមបោះឆ្នោតបានដោយសេរី និងពេញលេញ យុទ្ធនាការបោះឆ្នោត ត្រូវប្រព្រឹត្តទៅដោយសន្តិវិធី ប្រព័ន្ធផ្សព្វផ្សាយត្រូវតែមានភាពស្មើគ្នា ដោយមិនលំអៀង ហើយបញ្ជីចុះឈ្មោះបោះឆ្នោត ត្រូវតែមានលក្ខណៈត្រឹមត្រូវ និងងាយស្រួល ដើម្បីធានាសិទ្ធិបោះឆ្នោតជូនដល់ពលរដ្ឋគ្រប់រូប។
ក្រុមអង្គការជាតិ និងអន្តរជាតិ ព្រមទាំងគណៈប្រតិភូមកពីប្រទេសទាំង១០ ក្នុងសមាគមអាស៊ាន បានចូលរួមក្នុងសិក្ខាសាលាស្ដីពីការបង្កើតប្រព័ន្ធគ្រប់គ្រងការបោះឆ្នោតប្រកបដោយគុណភាព និងវិជ្ជាជីវៈ ក្នុងតំបន់អាស៊ានទាំងមូល ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍មុន។ សិក្ខាសាលា បានចាត់ទុកប្រការនេះ ជាផ្នែកមួយដ៏សំខាន់ និងចាំបាច់ដល់ការរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យក្នុងតំបន់។
លោក គល់ បញ្ញា បញ្ជាក់ថា គឺជាការសំខាន់ និងចាំបាច់ដែលប្រទេសជាសមាជិកទាំងអស់ ត្រូវតែមានប្រព័ន្ធបោះឆ្នោតមួយ តាមលទ្ធិប្រជាធិបតេយ្យដូចគ្នា៖ «គោលការណ៍សហគមន៍នយោបាយអាស៊ាននៅឆ្នាំ២០១៥ គេចង់ឱ្យមានសហគមន៍បោះឆ្នោត។ ដូច្នេះ ប្រទេសដែលមិនទាន់មានរៀបចំការបោះឆ្នោត ត្រូវតែរៀបចំនីតិវិធីច្បាប់ទម្លាប់បោះឆ្នោតឱ្យមានឡើង រីឯប្រទេសដែលមានហើយ តែមិនទាន់រឹងមាំ ត្រូវតែពង្រឹងថែមទៀត ព្រោះមានតែការបោះឆ្នោតដោយសេរី និងយុត្តិធម៌ទេ ដែលផ្តល់សិទ្ធិដល់ពលរដ្ឋឱ្យសម្ដែងមតិរបស់ខ្លួនបាន។ គោលការណ៍សហគមន៍បោះឆ្នោត អាចសម្រេចបានមូលដ្ឋានរឹងមាំបាន លុះត្រាតែមានការបោះឆ្នោតមួយតាមស្តង់ដារអន្តរជាតិទាំងអស់គ្នា»។
សេចក្តីថ្លែងការណ៍រួមនៃវេទិកាពលរដ្ឋអាស៊ាន ស្ដីពីលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្នុងតំបន់ គូសបញ្ជាក់ថា ការបោះឆ្នោត គឺជាជំហានដំបូងនៃដំណើរការលទ្ធិប្រជាធិបតេយ្យ។ ប្រការនេះ គឺជាផ្នែកមួយដ៏សំខាន់ ដែលនាំឆ្ពោះទៅរកការអភិវឌ្ឍសង្គម នយោបាយ និងសេដ្ឋកិច្ច។
ប្រធានគណៈកម្មការគ្រប់គ្រងវេទិកាពលរដ្ឋអាស៊ាន លោកមេធាវី សុក សំអឿន ថ្លែងថា គណៈកម្មការវេទិកាពលរដ្ឋអាស៊ាន នៃប្រទេសជាសមាជិកទាំង១០ បានដាក់សេចក្តីថ្លែងការណ៍រួមរបស់ខ្លួនជូនរដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួនរួចហើយ។ ដោយឡែកប្រទេសកម្ពុជា បានដាក់សេចក្តីថ្លែងការណ៍នេះជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ រីឯយន្តការពិនិត្យថា តើកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលកំពុងប្រព្រឹត្តទៅនៅកម្ពុជា នឹងលើកយកសេចក្តីថ្លែងការណ៍នេះទៅពិភាក្សា ហើយនឹងសម្រេចយ៉ាងណានោះ គឺជាភារៈរបស់ក្រុមគណៈកម្មាធិការវេទិកាអាស៊ានប្រចាំតំបន់ ដែលមានប្រទេសថៃ ហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី ដើរតួជាសំខាន់ និងសកម្ម។
មិនទាន់មានការឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍នេះពីសំណាក់មន្ត្រីរដ្ឋាភិបាលនៅឡើយទេ។ គោលការណ៍លើកស្ទួយលទ្ធិប្រជាធិបតេយ្យ គឺជាផ្នែកមួយដ៏សំខាន់នៃធម្មនុញ្ញអាស៊ាន និងគម្រោងផែនការរបស់អាស៊ាន ដើម្បីឱ្យបានក្លាយជាសហគមន៍អាស៊ាននៅឆ្នាំ២០១៥ ដែលក្នុងនោះ សមាជិកមួយចំនួនជាប្រទេសប្រកាន់របបកុម្មុយនីស្ត របបផ្តាច់ការ និងរបបយោធានិយមនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
