សមាគម​អាស៊ាន បង្កើត​មូលនិធិ​រួម​សម្រាប់​ទុក​ជា​ធនធាន​អភិវឌ្ឍន៍​ក្នុង​តំបន់

សមាគម​នៃ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន (ASEAN) បាន​បង្កើត​មូលនិធិ​រួម​មួយ ដែល​មាន​ទឹក​ប្រាក់​ជិត ៥០០ លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ទុក​ជា​ធនធាន​សម្រាប់​សេចក្ដី​ត្រូវ​ការ​ចាំបាច់ ដើម្បី​កាត់​បន្ថយ​គម្លាត​រវាង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ខ្លាំង និង​តិច នៅ​ក្នុង​តំបន់។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​សមាគម​អាស៊ាន​បាន​ឲ្យ​ដឹង​ថា ប្រាក់​ប្រមាណ ៥០០ លាន​ដុល្លារ​អាមេរិក​ នៅ​ក្នុង​មូលនិធិ​រួម​នេះ គឺ​ដើម្បី​ផ្ដល់​ប្រាក់​កម្ចី​ដល់​ប្រទេស​ក្នុង​តំបន់ សម្រាប់​ការ​សាងសង់​ផ្លូវ​ថ្នល់​ផ្លូវ​រទេះ​ភ្លើង និង​គម្រោង​ផ្សេងៗ ទៀត ដោយ​មិន​ចាំបាច់​ត្រូវ​ការ​ប្រាក់​ជំនួយ​បរទេស។ មូលនិធិ​នេះ នឹង​ធានា​ឲ្យ​ប្រជាពលរដ្ឋ ប្រមាណ ៦០០ លាន​នាក់ ក្នុង​តំបន់​អាច​មាន​ឋាមពល​អគ្គិសនី​ប្រើប្រាស់ ទឹក​ស្អាត អនាម័យ និង​ផ្លូវ​គមនាគមន៍។

ប្រភព​ព័ត៌មាន​បារាំង អា.អេហ្វ.ប៉េ ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ បាន​ឲ្យ​ដឹង​ថា លោក ស៊ូរិន ពិតស៊ូវ៉ាន់ (Surin Pitsuwan) អគ្គលេខាធិការ​អាស៊ាន បាន​ថ្លែង​ថា រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​សមាគម​អាស៊ាន បាន​ចុះ​ហត្ថលេខា លើ​កិច្ច​ព្រមព្រៀង​គ្នា​មួយ នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ជាមួយ​ធនាគារ​ពិភព​លោក និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​វ៉ាស៊ីងតោន​ សហរដ្ឋ​អាមេរិក ចាប់​ពី​ថ្ងៃ​ទី​២៤ រហូត​ដល់​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ ២០១១ នេះ។

លោក ស៊ូរិន ពិតស៊ូវ៉ាន់ បន្ត​ថា មូលនិធិ​រួម​នេះ​ផ្ដើម​ដំបូង គឺ​មាន​ទឹក​ប្រាក់​ជិត ៤៨៦ លាន​ដុល្លារ​សម្រាប់​ផ្ដល់​ក្នុង​គម្រោង​នានា យ៉ាង​តិច​ចំនួន ៦ ក្នុង​មួយ​ឆ្នាំៗ។ ប្រទេស​ម៉ាឡេស៊ី​ ផ្ដល់ ១៥០ លាន​ដុល្លារ ហើយ​ឥណ្ឌូណេស៊ី ផ្ដល់ ១២០ លាន។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា ADB ដែល​ស្ថាប័ន​នេះ មាន​ជប៉ុន និង​សហរដ្ឋ​អាមេរិក ឧបត្ថម្ភ​ច្រើន​ជាង​គេ នឹង​ផ្ដល់​ប្រាក់ ១៥០ លាន​ដុល្លារ ហើយ​សន្យា​ជួយ​ផ្ដល់​ប្រាក់ ៧០% នៃ​ចំនួន​ទឹក​ប្រាក់​ក្នុង​មូលនិធិ​សរុប​នោះ។

លោក ហារូហ៊ីកូ គូរ៉ូដា ( Haruhiko Kuroda) ប្រធាន​ធនាគារ​ពិភព​លោក បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​លោក គឺ​ជា​អ្នក​គ្រប់គ្រង​ថវិកា ហើយ​នឹង​ធានា​ឲ្យ​មាន​ការ​ធ្វើ​វិនិយោគ​ទុន​ឲ្យ​បាន​គ្រប់ៗ គ្នា​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់។

ប្រទេស​ភូមា បច្ចុប្បន្ន​នេះ នៅ​ពុំ​ទាន់​បាន​ផ្ដល់​ថវិកា​ទេ។ ប៉ុន្តែ ប្រទេស​នេះ​នឹង​ចូល​រួម​ទៅ​ថ្ងៃ​អនាគត។ ចំណែក​ប្រទេស​ថៃ​វិញ នៅ​មិន​ទាន់​បាន​ចូលរួម​ភ្លាមៗ ទេ ដោយ​រង់ចាំ​ការ​ពិភាក្សា​ក្នុង​រដ្ឋាភិបាល​ខ្លួន​ជា​មុន​សិន។ ប៉ុន្តែ ថៃ​ក៏​នឹង​ចូលរួម​ដែរ។ គេ​នៅ​ពុំ​ទាន់​បាន​ដឹង​ថា ប្រទេស​កម្ពុជា នឹង​ចូលរួម​ផ្ដល់​ថវិកា​ប៉ុន្មាន​នៅ​ឡើយ​ទេ។

គម្រោង​ផ្ដើម​មូលនិធិ​រួម​នេះ គឺ​ធ្វើ​ឡើង នៅ​បន្ទាប់​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន មាន​បញ្ហា​ទំនាក់ទំនង​នយោបាយ​មិន​ល្អ ជាមួយ​ប្រទេស​មួយ​ចំនួន​ក្នុង​សមាគម អាស៊ាន ដែល​គេ​មើល​ឃើញ​ថា កំពុង​បង្កើន​ឥទ្ធិពល​របស់​ខ្លួន តាម​រយៈ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ក្នុង​ប្រទេស​ខ្លះ។

លោក អគ្គលេខាធិការ​អាស៊ាន ពិតស៊ូវ៉ាន់ ថ្លែង​ថា ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង បង្ហាញ​ការ​ចាប់​អារម្មណ៍ ចង់​ចូលរួម​ផ្ដល់​ប្រាក់​ក្នុង​មូលនិធិ​នេះ​ដែរ។ ប៉ុន្តែ សមាគម​អាស៊ាន សម្រេច​អនុវត្ត​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សិន នៅ​ពេល​បច្ចុប្បន្ន​នេះ៕