មកដល់ថ្ងៃទី១៨ វិច្ឆកា ឆ្នាំ២០១២ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន ប្រកាសជំរុញឲ្យសមាជិកអាស៊ាន កៀរគរប្រាក់ជំនួយពីដៃគូបន្ថែមទៀត ដើម្បីបង្កើនទំហំមូលនិធិអាស៊ាន ដោយសារតែទំហំមូលនិធិនេះមិនទាន់គ្រប់ចំនួននៅឡើយ សម្រាប់កសាងសហគមន៍អាស៊ាន ឲ្យកើតបានឆាប់រហ័សនៅឆ្នាំ២០១៥។
មូលនិធិអាស៊ាន ឬកញ្ជប់លុយក្នុងតំបន់អាស៊ាន បង្កើតឡើងក្នុងគោលបំណងត្រួសត្រាយផ្លូវដើម្បីឲ្យសមាជិកអាស៊ាន រួមបញ្ចូលសេដ្ឋកិច្ច និងបង្កើតទីផ្សាររួមដែលអាស៊ានគ្រោងសម្រេចឲ្យបាននៅឆ្នាំ២០១៥ ខាងមុខ នៅមិនទាន់មានភាពរឹងមាំនៅឡើយ។
កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ស្នើកិច្ចប្រជុំកំពូលអាស៊ាន ពិនិត្យ និងអនុម័តវិធានការនានា ដើម្បីទាក់ទាញដៃគូពិភាក្សា ជាពិសេសប្រទេសមហាអំណាចសេដ្ឋកិច្ចឲ្យចូលរួមផ្តល់លុយវិនិយោគលើមូលនិធិអាស៊ាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ទំហំទឹកប្រាក់មូលនិធិអាស៊ានចំនួនជិត ៥០០លានដុល្លារ សម្រាប់ដាក់ឲ្យប្រទេសមានការអភិវឌ្ឍទាប ឬប្រទេសអ្នកក្រនៅក្នុងតំបន់ ខ្ចីយកទៅប្រើប្រាស់ មិនទាន់គ្រប់គ្រាន់នៅឡើយ។ លោកបន្តថា ប្រទេសក្នុងតំបន់ត្រូវការខ្ចីប្រាក់ដែលមានការប្រាក់ទាប ដើម្បីបង្កើនសមត្ថភាពអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ លោក ហ៊ុន សែន បញ្ជាក់ថា ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសក្នុងតំបន់អាស៊ាន គួរណែនាំឲ្យរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ពិនិត្យ និងដាក់ចេញនូវវិធានការនានា ដើម្បីទាក់ទាញដៃគូពិភាក្សាផ្សេងៗទៀត ឲ្យផ្តល់ប្រាក់ហិរញ្ញប្បទានវិនិយោគចូលទៅក្នុងមូលនិធិអាស៊ាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «យើងគួរណែនាំឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន ពិនិត្យ និងដាក់ចេញនូវវិធានការនានា សំដៅទាក់ទាញដៃគូឲ្យផ្តល់ហិរញ្ញប្បទាននានា ចូលក្នុងមូលនិធិឲ្យកាន់តែច្រើន ពិសេសដៃគូនៃប្រទេសអាស៊ានបូកបី អាស៊ីបូព៌ា ក្នុងគោលដៅ ម្យ៉ាងដើម្បីបង្កើនទំហំហិរញ្ញប្បទាននេះកាន់តែទាប ដើម្បីឲ្យប្រទេសទន់កម្រិតសេដ្ឋកិច្ចទន់ខ្សោយ អាចប្រើប្រាស់មូលនិធិនេះបាន»។
ទោះជាយ៉ាងណាក្តី អគ្គលេខាធិការអាស៊ាន លោក សូរិន ពិតស៊ូវ៉ាន់ កាលពីឆ្នាំមុន ធ្លាប់មានប្រសាសន៍ប្រាប់អ្នកកាសែតថា ចិន ជប៉ុន និងកូរ៉េខាងត្បូង បង្ហាញការចាប់អារម្មណ៍ចង់ចូលរួមផ្ដល់ប្រាក់ក្នុងមូលនិធិនេះ។ ប៉ុន្តែ សមាគមអាស៊ាន សម្រេចអនុវត្តកិច្ចការផ្ទៃក្នុងនៃបណ្ដាប្រទេសជាសមាជិកសិន។
បើតាមមន្ត្រីរដ្ឋាភិបាល ឲ្យដឹងថា នៅក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០ ម៉ាឡេស៊ី គឺជាប្រទេសផ្តល់វិភាគទានច្រើនជាងគេក្នុងមូលនិធិអាស៊ាន ដោយបានផ្តល់ប្រាក់ចំនួន ១៥០លានដុល្លារ។ ឥណ្ឌូនេស៊ី ដែលជាមហាអំណាចសេដ្ឋកិច្ចអាស៊ាន ផ្តល់វិភាគទានចំនួន ១២០លានដុល្លារ។ ក្រៅពីសមាជិកអាស៊ាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលរួមវិភាគទានចំនួន ១៥០លានដុល្លារដែរ។ មូលនិធិរបស់អាស៊ាន ត្រូវដាក់ក្រោមការគ្រប់គ្រងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីត្រួតពិនិត្យមើលថា រាល់ការធ្វើវិនិយោគទៅលើគម្រោងទាំងអស់ ត្រូវបានធ្វើឡើងដោយតម្លាភាព និងត្រឹមត្រូវ។
មកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយដែលបង្ហាញថា កម្ពុជា បានចូលរួមវិភាគទានក្នុងមូលនិធិអាស៊ាននោះប៉ុន្មានទេ ចំណែកឯប្រទេសថៃ និងភូមា (មីយ៉ាន់ម៉ា) ក៏មិនទាន់មានសេចក្តីរាយការណ៍ពីការចូលរួមក្នុងមូលនិធិអាស៊ានដែរ។ គេមិនទាន់ដឹងថា មានគម្រោងណាមួយក្នុងតំបន់អាស៊ាន ដែលបានប្រើប្រាស់មូលនិធិអាស៊ាននេះទេ ប៉ុន្តែគេជឿថា មូលនិធិនេះនឹងត្រូវយកទៅប្រើប្រាស់ដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសមួយចំនួន ដូចជា កម្ពុជា ឡាវ ភូមា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
