ស្ថាប័នទាំងនោះ បានអះអាងថា អាស៊ានត្រូវតែប្រើតួនាទីរបស់ខ្លួនដើម្បីចូលរួមចំណែកបញ្ហានោះ ហើយអាស៊ានខ្លួនឯង ក៏ត្រូវរកដំណោះស្រាយដើម្បីទប់ស្កាត់វិបត្តិសេដ្ឋកិច្ចទាំងនោះផងដែរ។ អ្នកវិភាគសេដ្ឋកិច្ច បានអះអាងថា បើទោះជាកិច្ចប្រជុំនោះជាកិច្ចប្រជុំដំបូង ប៉ុន្តែមានសារសំខាន់សម្រាប់អាស៊ាន។
កិច្ចប្រជុំដៃគូពិភាក្សាសកលជាមួយអាស៊ាន បានពិភាក្សាដោយផ្ដោតជាសំខាន់លើផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក។ ការពិភាក្សា គឺមានសារសំខាន់ដើម្បីជៀសវាងការរងឥទ្ធិពលពីវិបត្តិខាងក្រៅ ដែលធ្វើឲ្យបន្ថុចបង្អាក់ដល់ការរីកចម្រើនដល់ប្រទេសសមាជិកអាស៊ាននីមួយៗ។ ក្នុងកិច្ចប្រជុំនោះដែរ មានតំណាងស្ថាប័នធំៗលើសកលលោក ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារពិភពលោក (WB) អង្គការពាណិជ្ជកម្មពិភពលោក (WTO) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាដើម។
កិច្ចពិភាក្សានេះ បានធ្វើឡើងជាលើកដំបូងនៅប្រទេសកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលលើកទី២១ ហើយបានផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាដែលកើតឡើងនៅលើពិភពលោក និងការរួមចំណែករបស់អាស៊ាន សម្រាប់រកដំណោះស្រាយឆ្លើយតបនឹងបញ្ហាទាំងអស់នោះ។ អាស៊ានជឿជាក់ថា បញ្ហាដែលរាំងស្ទះដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅប្រទេសជឿនលឿន នឹងជះឥទ្ធិពលអាក្រក់ដល់ប្រទេសសមាជិកអាស៊ាន។
អ្នកវិភាគសេដ្ឋកិច្ច បានអះអាងថា ការពិភាក្សានោះ គឺមានសារសំខាន់សម្រាប់អាស៊ានផ្ទាល់ ដើម្បីគេចផុតពីវិបត្តិសេដ្ឋកិច្ចសកល និងអាស៊ានត្រូវបង្ហាញអំពីតួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិ។ ដោយសារអាស៊ាន និងពិភពលោក នឹងរងឥទ្ធិពលទៅវិញទៅមកពីវិបត្តិសកល ដែលប្រទេសអាស៊ានត្រូវបង្កើនតួនាទីរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ នឹងឈានដល់ការកំណត់គោលនយោបាយទាំងនៅក្នុងតំបន់ និងពិភពលោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា វិបត្តិសេដ្ឋកិច្ចសកលកំពុងកើតមាន និងបានជះឥទ្ធិពលកាន់តែអាក្រក់ដល់កំណើនសេដ្ឋកិច្ច និងជីវភាពប្រជាជននៅតំបន់ និងពិភពលោក។ ផលលំបាកនេះ បាននាំឲ្យប្រជាជនជាច្រើននាក់បាត់បង់ការងារធ្វើ និងច្រើនលាននាក់ធ្លាក់ក្នុងភាពក្រីក្រ។
លោកមានប្រសាសន៍បន្ថែមថា បញ្ហានេះ បានធ្វើឲ្យរដ្ឋាភិបាលបានដឹងយ៉ាងច្បាស់ថាត្រូវស្វែងរកគោលនយោបាយ ឬចំណាត់ការប្រកបដោយប្រសិទ្ធភាពដើម្បីដោះស្រាយទាំងថ្នាក់ជាតិ និងតំបន់។
ទោះជាយ៉ាងណា តួនាទីរបស់ស្ថាប័នហិរញ្ញវត្ថុបានក្លាយជាដៃគូរបស់ប្រទេសនីមួយៗដែលមិនអាចកាត់ផ្ដាច់បានសម្រាប់ការអភិវឌ្ឍប្រទេស ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ាន។ ស្ថាប័នទាំងនោះមានធនាគារពិភពលោក បានជួយគាំទ្រដល់ប្រទេសអាស៊ាន តាមរយៈការអភិវឌ្ឍស្ថាប័នរដ្ឋបាលសាធារណៈ ការអភិវឌ្ឍផ្នែកហិរញ្ញវត្ថុ ជាដើម ដែលស្ថាប័ននេះបានបង្កើតឡើងនៅឆ្នាំ១៩៤៤។
ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី វិញ មានទិសដៅស្រដៀងគ្នាក្នុងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ។ ដោយឡែក ស្ថាប័នហិរញ្ញវត្ថុមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មានគោលដៅសំខាន់ក្នុងការជួយដល់ប្រទេសណាមួយដែលរងគ្រោះដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោក រួមទាំងអង្គការពាណិជ្ជកម្មពិភពលោក បានជួយគាំទ្រកាន់តែខ្លាំងដល់ប្រទេសនានា សម្រាប់លើកកម្ពស់ការធ្វើពាណិជ្ជកម្ម។
ស្ថាប័នទាំងនោះ បានជួបប្រជុំជាផ្លូវការជាមួយប្រទេសអាស៊ានជាលើកដំបូង នាកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ធ្វើឡើងនៅប្រទេសកម្ពុជា ក្នុងគោលបំណងសំខាន់ឆ្លើយតបបញ្ហាដែលកើតឡើងនៅក្នុងតំបន់ និងពិភពលោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍បន្ថែមទៀតថា អាស៊ានជាតំបន់ថ្មីដែលឈានមុខគេនៅលើពិភពលោក។ ដូច្នេះ អាស៊ានត្រូវធានាឲ្យមានទំនិញសាធារណៈ ដូចជាសន្តិភាព សន្តិសុខ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍស្ថាប័ន ហើយការចូលរួមចំណែករបស់ស្ថាប័នអន្តរជាតិ បានផ្ដល់ឲ្យប្រទេសក្នុងតំបន់ បង្កើតវិធានការសម្រាប់ការដោះស្រាយវិបត្តិសកលដែលកំពុងកើតមានឡើង។
ទោះជាយ៉ាងណា សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា លោក ឌួង ពូលឡង់ មានប្រសាសន៍ថា តួនាទីរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ បានចូលរួមចំណែកអភិវឌ្ឍស្របទៅតាមវិស័យ ឬទៅតាមជំនាញរបស់ស្ថាប័នទាំងនោះ ដូចជាការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍវិស័យឯកជន និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់។
លោក ឌូង ពូលឡង់ មានប្រសាសន៍បន្តថា នៅពេលដែលប្រទេសណាមួយកាន់តែអភិវឌ្ឍ តួនាទីរបស់ស្ថាប័នទាំងនោះហាក់ដូចជាបានកាត់បន្ថយ។
ទោះជាយ៉ាងណា នាយកវិទ្យាស្ថានខ្មែរសម្រាប់ប្រតិបត្តិការអន្តរជាតិ និងសន្តិភាព លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ មានប្រសាសន៍ថា ដើម្បីធ្វើឲ្យសម្រេចសហគមន៍អាស៊ាន គឺទាមទារមានការវិនិយោគខ្លាំងលើគ្រប់វិស័យនៅក្នុងតំបន់ ហើយមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុនានា សម្រាប់ធានាស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងតំបន់ ដោយសារតែស្ថាប័ននោះបានជួយគាំទ្រពីស្ថាប័នតំបន់ និងពិភពលោក ដូចជាធនាគារពិភពលោក មូលនិធិរូបិយវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី ជាដើម។
លោក ឈាង វណ្ណារិទ្ធិ មានប្រសាសន៍បន្ថែមទៀតថា ការពិភាក្សានោះ គឺចំណុចចាប់ផ្ដើមជាវិជ្ជមានសម្រាប់ការកសាងភាពជាដៃគូអាស៊ាន និងស្ថាប័នអន្តរជាតិ។ លោកបញ្ជាក់យ៉ាងខ្លីថា ទោះបីជាការចាប់ផ្ដើម ប៉ុន្តែវាសំខាន់បំផុតសម្រាប់អាស៊ាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
