ការប្រកាសទទួលស្គាល់នេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការសិទ្ធិមនុស្សអន្តររដ្ឋាភិបាលនៃអាស៊ាន ហៅកាត់ជាភាសាអង់គ្លេស (AICHR) ដែលបានបញ្ចប់ទៅនៅថ្ងៃច័ន្ទ ទី៨ ខែសីហា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។
អត្ថបទចុះផ្សាយរបស់ទីភ្នាក់ងារ អេស៊ាវ័ន (ASIAONE) នៅថ្ងៃច័ន្ទ ដែលបានដកស្រង់ប្រសាសន៍របស់លោក រ៉ាហ្វីនឌី ហ្យាមីន (Rafendi Djamin) តំណាងពីប្រទេសឥណ្ឌូណេស៊ី និងជាប្រធាននៃគណៈកម្មការសិទ្ធិមនុស្សអន្តររដ្ឋាភិបាលរបស់អាស៊ាន បានសារភាពថា គណៈកម្មការសិទ្ធិមនុស្សមួយនេះពិតជាមានបញ្ហាកង្វះខាតច្រើនក្នុងការបំពេញការងាររបស់ខ្លួន។
លោកបន្តថា តំណាងប្រទេសជាច្រើនមិនចង់មកចូលរួមប្រជុំ ឬជួបពិភាក្សាជាមួយតំណាងអង្គការសង្គមស៊ីវិលស្ដីពីស្ថានភាពសិទ្ធិមនុស្សទេ លើកលែងតែអង្គការក្រៅរដ្ឋាភិបាលខ្លះដែលគេពេញចិត្តប៉ុណ្ណោះ។
លោក សុន ឆ័យ តំណាងរាស្ត្រនៃគណបក្ស សម រង្ស៊ី ដែលធ្លាប់អញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំរបស់គណៈកម្មការសិទ្ធិមនុស្សអន្តររដ្ឋាភិបាលរបស់អាស៊ាន នៅប្រទេសថៃ កាលពីឆ្នាំទៅ បានមានប្រសាសន៍បញ្ជាក់ដែរថា បញ្ហាមិនចុះសម្រុងគ្នានៃសមាជិកខ្លះក្នុងអាស៊ាននោះ គឺដោយសារតែគេមិនចង់ឲ្យមានការជ្រៀតជ្រែកពីអង្គការក្រៅរដ្ឋាភិបាលលើស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់ខ្លួន។
លោក សុន ឆ័យ មានប្រសាសន៍បន្ថែមដូច្នេះ ៖ «ការមិនស្របគ្នារវាងរដ្ឋាភិបាលជាសមាជិកអាស៊ាន ដែលមិនសូវគោរពសិទ្ធិមនុស្ស គឺគេមិនចង់ឲ្យមានការបង្កើតរបៀបជាតុលាការកាត់សេចក្ដីទាក់ទងនឹងការរំលោភសិទ្ធិមនុស្សនោះទេ គេទុកឲ្យរដ្ឋាភិបាលជាអ្នកសម្រេច និងគ្រប់គ្រង ហើយមិនបាច់មានការជ្រៀតជ្រែកពីស្ថាប័នណាទេ។ ម៉្លោះហើយវាមានការប្រឈមមុខគ្នារវាងប្រទេសមួយចំនួន ក្នុងនោះមានកម្ពុជា វៀតណាម ដែលមិនចង់និយាយអំពីការរំលោភសិទ្ធិមនុស្សនៅក្នុងសមាជិកអាស៊ាន»។
វិទ្យុអាស៊ីសេរីបានទាក់ទងសុំការបញ្ជាក់ពីលោក ឱម យ៉ិនទៀង ប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាដែរ ប៉ុន្តែលោកបានថ្លែងថា លោកកំពុងជាប់រវល់។
គណៈកម្មការសិទ្ធិមនុស្សអន្តររដ្ឋាភិបាលនៃអាស៊ាន បានបង្កើតឡើងនៅឆ្នាំ២០០៩ ដោយសមាជិកទាំង១០ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ គោលបំណងសំខាន់នោះ គឺដើម្បីផ្សព្វផ្សាយ និងការពារបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ ហើយគណៈកម្មការមួយនេះត្រូវជួបប្រជុំពិភាក្សាជាមួយតំណាងអង្គការក្រៅរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្ស ដើម្បីរិះរកមធ្យោបាយធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសទាំង ១០ នៃអាស៊ាន ដែលក្នុងនោះមានកម្ពុជា ផងដែរ៕