អ្នកឯកទេសសេដ្ឋកិច្ចយល់ឃើញថា ដើម្បីទាក់ទាញការវិនិយោគឲ្យកើនឡើងបន្ថែមទៀត កម្ពុជាត្រូវតែបង្ហាញអំពីវិស័យនានា ដែលមានសក្ដានុពលដល់វិនិយោគិនទាំងនោះ ហើយត្រូវពង្រឹងបន្ថែមទៀតនូវគោលនយោបាយមួយចំនួន ដូចជា កែលំអបរិយាកាសវិនិយោគទុននៅកម្ពុជា និងត្រូវយកចិត្តទុកដាក់ចំពោះការទាក់ទាញវិនិយោគិនពីប្រទេសវៀតណាម និងសិង្ហបុរី ជាដើម។
រវាងប្រទេសទាំង១០ នៅអាស៊ាន ប្រជាជនមានប្រាក់ចំណូលប្រចាំឆ្នាំខុសៗគ្នា។ ជាក់ស្ដែងដូចជានៅកម្ពុជា ចំណូលប្រជាជនកម្ពុជាម្នាក់ៗមានប្រមាណជា ៨០០ដុល្លារក្នុងមួយឆ្នាំ ដោយឡែកសម្រាប់ចំណូលជាមធ្យមប្រជាជននៅប្រទេសសិង្ហបុរីវិញ មានប្រមាណ ៤ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
អ្នកឯកទេសសេដ្ឋកិច្ចយល់ឃើញថា ដើម្បីឲ្យប្រជាជនទាំងអាស៊ានក្លាយជាតំបន់តែមួយសម្រាប់ការធ្វើពាណិជ្ជកម្មដោយសេរីបាននៅឆ្នាំ២០១៥ ការលើកកម្ពស់ការវិនិយោគទាំងដោយផ្ទាល់ និងដោយប្រយោល គឺមានសារសំខាន់ក្នុងការបង្កើតការងារសម្រាប់ប្រជាជន កាត់បន្ថយភាពក្រីក្រ និងដើម្បីកំណើនសេដ្ឋកិច្ចជាតិ។
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានបង្ហាញនាពេលកន្លងទៅនេះថា ប្រទេសកម្ពុជា បានការវិនិយោគទុនពីប្រទេសអាស៊ាន គិតជាទឹកប្រាក់ប្រមាណ ៨៨០លានដុល្លារ ដែលក្នុងនោះប្រទេសដែលវិនិយោគនៅកម្ពុជាច្រើនជាង គេគឺប្រទេសវៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី។
នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានឲ្យដឹងថា និន្នាការនៃការវិនិយោគនៅតំបន់អាស៊ានមានការរីកចម្រើនហើយ ជាពិសេសនៅឆ្នាំ២០១៥ ប្រទេសអាស៊ានចង់បាននូវទីផ្សារតែមួយ និងកន្លែងផលិតតែមួយ ដូច្នេះកម្ពុជាអាចជាចំណុចមួយដែលប្រទេសក្នុងអាស៊ានដទៃទៀតចាប់អារម្មណ៍។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ មានប្រសាសន៍បន្ថែមទៀតថា អ្វីដែលកម្ពុជា អាចធ្វើបាន គឺទាក់ទងនឹងការផ្គត់ផ្គង់ទៅក្នុងតំបន់ ដោយសារតែកម្ពុជា មានធនធានមនុស្ស និងធនធានធម្មជាតិមួយចំនួនដែលអាចផ្គត់ផ្គងដល់ការផលិតរួមក្នុងតំបន់។ លោកបញ្ជាក់ថា កត្តាទាំងនេះគឺជាឧកាសវិនិយោគ របស់កម្ពុជា ប៉ុន្តែកម្ពុជាត្រូវយកចិត្តទុកដាក់បន្ថែមទៀត។
ទាក់ទងនឹងបញ្ហានេះ លោកសាស្ត្រាចារ្យ ឡេង ធារិទ្ធ មានប្រសាសន៍ថា ដើម្បីទាក់ទងវិនិយោគបរទេសយើងត្រូវមានធនធានមនុស្សមួយដែលខ្លាំង ព្រោះក្រុមហ៊ុនបរទេសធំតែងតែសម្លឹងមើលកត្តាទាំងនោះគឺជាចាំបាច់ ព្រោះក្រុមហ៊ុននោះជៀសវាងការចំណាយលើការបង្រៀន និងបណ្តុះបណ្តាលបុគ្គលិកទាំងនោះ ។
សម្រាប់លោកបណ្ឌិត ឈាង វណ្ណារិទ្ធ មានប្រសាសន៍ថា បណ្តាប្រទេសអាស៊ានដែលកម្ពុជា គួរទាក់ទាញឲ្យមកវិនិយោគឲ្យបានច្រើននោះ គឺប្រទេសសិង្ហបុរី ដោយលោកលើកហេតុផលថា ប្រទេសនេះមានចំណេះដឹងបច្ចេកទេសខ្ពស់ដែលកម្ពុជាអាចទទួលបានបទពិសោធន៍ច្រើន។
អ្នកសេដ្ឋកិច្ចយល់ឃើញថា សម្រាប់អ្នកវិនិយោគិនបរទេសដែលមកវិនិយោគនៅប្រទេសណាមួយនោះ កត្តាសំខាន់គឺកំណើនសេដ្ឋកិច្ចខ្លាំងក្នុងប្រទេសនោះ។ ប៉ុន្តែសម្រាប់លោកសាស្ត្រាចារ្យ ឡេង ធារិទ្ធ ទោះបីទំហំសេដ្ឋកិច្ចនៅកម្ពុជា តូចជាងប្រទេសជិតខាង ប៉ុន្តែកម្ពុជាមានវិស័យសក្តានុពលដែលប្រទេសអាស៊ានមិនអាចប្រកួតប្រជែងបាន គឺវិស័យទេសចរណ៍ និងវិស័យសំណង់ជាដើម។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា អ្នកវិនិយោគភាគច្រើនផ្តោតលើវិស័យកាត់ដេ និងការរុករករ៉ែនៅកម្ពុជា ប៉ុន្តែវិស័យសំខាន់សម្រាប់កម្ពុជា គឺវិស័យកសិឧស្សាហកម្មជ័រកៅស៊ូ កសិកម្ម និងទេសចរណ៍។
លោកបណ្ឌិត សុខ ទូច មានប្រសាសន៍បន្ថែមទៀតថា កម្ពុជាត្រូវបង្ហាញឲ្យអ្នកវិនិយោគិនខាងក្រៅចាប់អារម្មណ៍លើវិស័យសក្ដានុពលទាំងនោះ ដោយលើកទឹកចិត្តចំពោះអ្នកវិនិយោគដែលទាក់ទងការកែច្នៃវត្ថុធាតុដើមនៅកម្ពុជា។
លោកបណ្ឌិតមានប្រសាសន៍បន្ថែមទៀតថា កម្ពុជាត្រូវវិភាគលើបញ្ហាច្បាប់ ការិយាធិបតេយ្យ ដែលរដ្ឋាភិបាលធ្វើហើយធ្វើទៀតមិនបានជោគជ័យ ហើយកម្ពុជាត្រូវបង្កើតឲ្យមានតុលាការពាណិជ្ជកម្មដែលអ្នកវិនិយោគភាគច្រើនសម្លឹងឃើញ។
លោកបណ្ឌិត សុខ ទូច បានលើកហេតុផលរវាងការវិនិយោគពីប្រទេសក្រៅអាស៊ាន និងក្នុងអាស៊ានថា លោកចង់ឲ្យការវិនិយោគពីប្រទេសក្រៅអាស៊ានចូលមកឲ្យច្រើនជាងក្នុងអាស៊ាន។
លោកបណ្ឌិតបញ្ជាក់ទៀតថា ប្រទេសអាស៊ានជាប្រទេសទីផ្សារទីបីលើពិភពលោក ក្រៅពីចិន និងអាមេរិក ហើយបើកម្ពុជាចង់ទាក់ទាញការវិនិយោគពីប្រទេសអាស៊ាន គឺហាក់ដូចជាលំបាកដោយសារតែចំណូលម្នាក់ៗនៅក្នុងអាស៊ានហាក់ដូចជាប្រហាក់ប្រហែលគ្នា និងប្រទេសអាស៊ានទាំងអស់ជាប្រទេសកសិកម្ម និងទេសចរណ៍ដូចគ្នា លើកលែងតែប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ហើយកម្ពុជានឹងជួបប្រទះការលំបាកទាក់ទងនឹងការលក់ផលិតផលកសិកម្មជាមួយប្រទេសអាស៊ាន ដោយសារតែថ្លៃដើមរបស់គេទាបជាង។
អ្នកឯកទេសយល់ឃើញថា ទន្ទឹមនឹងកម្ពុជាទាក់ទាញអ្នកវិនិយោគក្រៅពីអាស៊ាននៅមានតិចតូចនៅឡើយ ដូច្នេះកម្ពុជាត្រូវសម្លឹងមើលប្រទេសពីរ គឺវៀតណាម ដែលប្រទេសនេះគឺយកចិត្តទុកដាក់លើការថែរក្សារអ្នកវិនិយោគ និងទីពីរគឺប្រទេសសិង្ហបុរី ដែលផ្តោតលើសេដ្ឋកិច្ចទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
