ទោះជាយ៉ាងនេះក្ដី អាស៊ាននៅតែចង់បានប្រទេសជប៉ុន ជាដៃគូសេដ្ឋកិច្ចរបស់ខ្លួន ដោយសារជប៉ុន បានផ្ដល់ជំនួយច្រើន និងការគាំទ្រអភិវឌ្ឍនានានៅក្នុងរង្វង់អាស៊ាន។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ក្រៅពីធ្វើសមាហរណកម្មតំបន់រវាងប្រទេសជាសមាជិកនៅឆ្នាំ២០១៥ ប្រទេសនោះក៏ត្រូវមានសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចជាមួយប្រទេសដៃគូអាស៊ានផងដែរ ដោយសារតែប្រទេសអាស៊ានយល់ថា ការធ្វើពាណិជ្ជកម្មក្រៅអាស៊ានបានជួយលើកកម្ពស់សេដ្ឋកិច្ចអាស៊ាន កាន់ខ្លាំងថែមទៀត ក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លោក ចម ប្រសិទ្ធ បានមានប្រសាសន៍ថា ប្រទេសអាស៊ានបានចាត់ទុកថា ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រៅអាស៊ាន ជាកត្តាជំរុញកំណើនសេដ្ឋកិច្ច ហើយបានខិតខំប្រឹងប្រែង ដើម្បីបង្កើតភាពជាដៃគូសេដ្ឋកិច្ចរវាងអាស៊ាន ជាមួយប្រទេសចំនួនក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរី។
ទោះជាណា ការបង្កើតតំបន់ពាណិជ្ជកម្មសេរី គឺទាមទាឲ្យប្រទេសដៃគូអាស៊ានចរចាលើកិច្ចព្រមព្រៀងបីសំខាន់ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញសេវាកម្ម និងការវិនិយោគ។ ក្នុងនោះមានប្រទេសចិន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី បានចុះកិច្ចព្រមព្រៀងជាមួយអាស៊ាន បានស្ទើរតែគ្រប់ជ្រុងជ្រោយរួចហើយ។ ដោយឡែកប្រទេសជប៉ុន មានលក្ខណៈស្មុគស្មាញខ្លាំងក្នុងការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីដៃគូអាស៊ាន ដែលហៅថា កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន និងជប៉ុន (AJCEP)។
ទោះជាណាក៏ដោយ កិច្ចព្រមព្រៀងនេះកំពុងចរចាក្នុងកិច្ចប្រជុំពូលអាស៊ាន-ជប៉ុន រៀងរាល់ឆ្នាំ។ អំឡុងពេលប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទីមួយ នៅប្រទេសកម្ពុជា បានកំណត់ថា អាស៊ីអាគ្នេយ៍ត្រូវបង្កើតភាពជាដៃគូជាមួយជប៉ុន ឲ្យឆាប់រហ័ស ប៉ុន្តែប្រទេសសមាជិកអាស៊ានទាំងនោះ មានភាពខ្វែងគំនិតគ្នាសម្រាប់ការចរចាភាពជាដៃគូជាមួយជប៉ុន។ ទោះជាយ៉ាងណា កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទីពីរ នៅកម្ពុជា នៅថ្ងៃទី១៩ វិច្ឆិកា ២០១២ បានចាត់ទុកថា ប្រទេសជប៉ុន ជាដៃគូដ៏សំខាន់សម្រាប់អាស៊ាន ដែលមិនអាចកាត់ផ្ដាច់បាន។
របាយការណ៍ទំនាក់ទំនងអាស៊ាន-ជប៉ុន បានបង្ហាញថា ជប៉ុនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់ជាមួយប្រទេសសមាជិកអាស៊ាននីមួយៗ ហើយទំនាក់ទំនងនេះបានកើនឡើងរៀងរាល់ឆ្នាំ រហូតដល់បច្ចុប្បន្ន។ ទំហំពាណិជ្ជកម្មរវាងជប៉ុន មានប្រមាណជាង ១០% នៃពាណិជ្ជកម្មសរុបរបស់ជប៉ុន និងបានក្លាយជាដៃគូធំបំផុតរបស់អាស៊ាន បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក។
ក្នុងនោះជប៉ុន បានអនុញ្ញាតឲ្យនាំចូលទំនិញពីប្រទេសអាស៊ាន តែលើផលិតផលកសិកម្ម ប៉ុន្តែជប៉ុនវិញ បាននាំចេញទៅប្រទេសអាស៊ានវិញ ជាប្រភេទទំនិញឧស្សាហកម្ម។
សម្រាប់ការវិនិយោគវិញ ប្រទេសជប៉ុន បានចាត់ទុកតំបន់អាស៊ានជាទីកន្លែងសំខាន់ សម្រាប់អ្នកវិនិយោគរបស់ខ្លួនដែរ។ រហូតដល់ពេលនេះ អ្នកវិនិយោគជប៉ុន ប្រមាណជិត ៥ពាន់ កំពុងវិនិយោគនៅប្រទេសអាស៊ាន ហើយជនជាតិជប៉ុន ច្រើនជាងមួយសែននាក់ កំពុងរស់នៅក្នុងប្រទេសអាស៊ាន។ ម៉្យាងវិញទៀត ប្រទេសជប៉ុន ជាប្រទេសដែលផ្ដល់ជំនួយអភិវឌ្ឍដល់ប្រទេសអាស៊ានធំបំផុតផងដែរ។
របាយការណ៍ទំនាក់ទំនងអាស៊ាន-ជប៉ុន បានបង្ហាញថា ជំនួយអភិវឌ្ឍផ្លូវការរបស់ប្រទេសជប៉ុន (ODA) បានផ្ដល់ទៅប្រទេសលើពិភពលោកច្រើនជាង ១៦០ប្រទេស ភាគច្រើនជប៉ុន បានជួយដល់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ជប៉ុនបានផ្ដល់ជំនួយដល់ប្រទេសអាស៊ាន មានប្រមាណជាង ៧០០លានដុល្លារ ដើម្បីអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការសង់សាលារៀន មន្ទីរពេទ្យ និងការថែរក្សាបេតិកភណ្ឌវប្បធម៌ជាដើម។
បើទោះជាដៃគូអាស៊ានបានផ្ដល់ផលប្រយោជន៍ជាច្រើនក៏ដោយ ប៉ុន្តែលោក ចម ប្រសិទ្ធ បានបញ្ជាក់ថា អាស៊ានគួរតែបង្កើតការចរចាក្រោមក្របខ័ណ្ឌតែមួយ ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម ការវិនិយោគឈរលើមូលដ្ឋានតែមួយរវាងប្រទេសដែលជាដៃគូអាស៊ានទាំងអស់។
ឆ្លើយតបនៅនឹងបញ្ហានេះ អគ្គលេខាធិការអាស៊ាន លោក ស៊ូរិន ពិតសូវ៉ាន់ (Surin Pitsuwan) មានប្រសាសន៍ថា បច្ចុប្បន្នអាស៊ានកំពុងខិតខំប្រឹងប្រែងជំរុញឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូអាស៊ាន ចំនួន ៥ផ្សេងគ្នា ឲ្យក្លាយជាដៃគូពាណិជ្ជកម្មតែមួយរវាងប្រទេសអាស៊ាន ៦។ នៅក្នុងនោះមានកិច្ចព្រមព្រៀងជាមួយឥណ្ឌា អូស្ត្រាលី កូរ៉េខាងត្បូង ចិន និងប្រទេសជប៉ុន និងបង្កើតជាកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចតែមួយ។
លោក ស៊ូរិន ពិតសូវ៉ាន់៖ «ដូច្នេះ ពេលនេះអាស៊ានមានដៃគូចំនួន ៥ សម្រាប់បង្កើតតំបន់ពាណិជ្ជកម្មសេរី។ យើងចង់ជំរុញប្រទេសទាំង ៥ ជាមួយប្រទេសសមាជិកអាស៊ាន ៦ បង្កើតបានជាកិច្ចព្រមព្រៀងតែមួយ ដែលយើងហៅថា ភាពជាដៃគូសេដ្ឋកិច្ចតំបន់អាស៊ាន ហើយនិងអនុម័តនៅរាជធានីភ្នំពេញ»។
លោកមានប្រសាសន៍បន្ថែមថា អាស៊ានបានពិភាក្សាបញ្ហាជាច្រើនជាមួយដៃគូអន្តរជាតិ ដូចជាបញ្ហា ការបង្កើនភាពកាន់តែជិតស្និទ្ធផ្នែកសមាហរណកម្មសេដ្ឋកិច្ចរវាងអាស៊ាន និងក្រៅអាស៊ាន និងពិភាក្សាអំពីការបង្កើនសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចជាមួយប្រទេសអាស៊ីប៉ាស៊ីហ្វិក ដូចជាផ្នែកថាមពល ការអភិវឌ្ឍធនធានមនុស្ស និងការអប់រំជាដើម។
ទោះជាយ៉ាងណា អ្នកវិភាគសង្គមមួយចំនួនបានអះអាងថា ការអភិវឌ្ឍទាំងនោះ មានតែប្រទេសជប៉ុនមួយទេ ដែលឆ្លើយតបនឹងបញ្ហាខាងលើនេះបានប្រសើរជាងដៃគូអាស៊ានដទៃទៀត។
ទំនាក់ទំនងអាស៊ាន-ជប៉ុន បានចាប់ផ្ដើមនៅឆ្នាំ១៩៧៣ ហើយក្លាយជាដៃគូចរចាអាស៊ាន នៅឆ្នាំ១៩៧៧ ដែលគ្របដណ្ដប់លើវិស័យពាណិជ្ជកម្ម ទំនិញវិនិយោគទុន ការផ្ទេរបច្ចេកវិទ្យា និងជំនួយអភិវឌ្ឍ។ តាមការអង្កេតរបស់ក្រុមជំនាញការអាស៊ាន-ជប៉ុន បានបង្ហាញថា ការបង្កើតភាពជាដៃគូជិតស្និទ្ធ រួមទាំងសមាសភាពបង្កើតតំបន់ពាណិជ្ជកម្មសេរីរវាងអាស៊ាន និងជប៉ុន នឹងនាំមកនូវកំណើនផ្នែកពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច។ តាមការប៉ាន់ស្មានក្នុងរយៈពេលចុងក្រោយ ការនាំចេញពីអាស៊ានទៅជប៉ុន កើនឡើងចំនួនជាង ៤០% និងការនាំចេញពីជប៉ុន មកអាស៊ាន កើនឡើងជាង ២០%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
