លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១២ បានឲ្យដឹងថា ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០១២ នេះ បានលើកយកបញ្ហាជំលោះនៅសមុទ្រចិនខាងត្បូងមកពិភាក្សា ដើម្បីដោះស្រាយនៅក្នុងរបៀបវារៈនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ ដែលទើបបានបញ្ចប់នៅពេលនេះ ដោយមេដឹកនាំប្រទេសសមាជិកអាស៊ានចំនួន ១០ បានឯកភាពគ្នាថា នឹងបន្តដោះស្រាយជំលោះដោយសន្តិវិធីរវាងអាស៊ាន និងចិន។
នៅថ្ងៃដដែលនេះដែរ លោក ហ៊ុន សែន បានឆ្លៀតឱកាសនៅក្នុងសន្និសីទកាសែតមួយ បានបរិហារ រិះគន់ថា មានតំណាងរាស្ត្រគណបក្ស សម រង្ស៊ី និងលោក សម រង្ស៊ី ព្រមទាំងអ្នកវិភាគឯករាជ្យមួយចំនួន បាននិយាយថា ប្រទេសកម្ពុជា គឺស្ថិតក្រោមឥទ្ធិពលរបស់ចិន មិនបានលើកយកបញ្ហាជំលោះនៅសមុទ្រចិនខាងត្បូងនោះមកពិភាក្សាដោះស្រាយនៅក្នុងរបៀបវារៈនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ការវិភាគបែបនោះ គឺជាការមើលងាយមកលើរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក និងប្រជាជាតិកម្ពុជា ដែលលោកមិនអាចទទួលយកបានទេ៖ «គ្មានការរារាំងណាមួយពីចិន អំពីការពិភាក្សាលើបញ្ហានេះទេ។ អ្វីដែលជាក្របខ័ណ្ឌនៃការពិភាក្សានោះ ស្ថិតនៅត្រឹមកម្រិតប៉ុណ្ណេះ … វេទិកាសមុទ្រចិន គឺជាវេទិការវាងអាស៊ាន និងចិន មិនមានវេទិកាណាមួយជំនួសបានទេ ដោយសារអ្វី? ដោយសារតែវាបានចាប់ផ្ដើមពីការចុះហត្ថលេខារវាងអាស៊ាន ១០ ជាមួយនឹងចិន»។
 

ឆ្លើយតបនឹងការរិះគន់នេះ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី គឺលោក សុន ឆ័យ បានមានប្រសាសន៍បញ្ជាក់ថា ប្រមុខរដ្ឋាភិបាលមិនគួរព្រួយបារម្ភពេកទេចំពោះការបញ្ចេញមតិកន្លងមកនោះ៖ «ខ្ញុំបានធ្វើលិខិតផ្ទាល់មួយ ស្នើសុំឲ្យសម្ដេចនាយករដ្ឋមន្ត្រីមកឆ្លើយបំភ្លឺនៅមន្ទីររដ្ឋសភា ពាក់ព័ន្ធនឹងករណីជំហររបស់ប្រទេសកម្ពុជា ...ការងារមួយចំនួនពាក់ព័ន្ធនឹងប្រទេសចិននេះផងដែរ ដើម្បីឲ្យយើងខ្ញុំជាអ្នកតំណាងរាស្ត្របានដឹង ដើម្បីឲ្យប្រជាជាតិបានយល់ ក៏ប៉ុន្តែមកទល់ពេលនេះមិនទាន់បានទទួលចំលើយទេ»។
ការវិភាគរបស់តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ និងអ្នកវិភាគឯករាជ្យដែលគេស្គាល់ថា លោកបណ្ឌិត ឡៅ ម៉ុងហៃ នោះ គឺនៅពេលដែលប្រធានាធិបតីចិន លោក ហ៊ូ ជិនតាវ (Hu Jintao) បានមកទស្សនកិច្ចនៅប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១២ កន្លងទៅនេះ តាមការអញ្ជើញពីព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ សម្ដេចព្រះ នរោត្តម សីហមុនី និងបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមុនពេលការបើកកិច្ចប្រជុំកំពូលអាស៊ាននៅឯវិមានសន្តិភាព។
នៅពេលនោះហើយ លោក ហ៊ូ ជិនតាវ និងលោក ហ៊ុន សែន បានចូលរួមធ្វើជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីចំនួន ១០ ហើយប្រទេសចិន បានសន្យាថា នឹងផ្តល់ជំនួយឥតសំណងចំនួន ២៥០លានយន់ និងប្រាក់កម្ចីឥណទានចំនួន ២០០លានយន់ទៀត សរុបស្មើនឹងជិត ៦០លានដុល្លារអាមេរិក។
បន្ថែមលើនេះទៀត លោក ហ៊ូ ជិនតាវ បានយល់ព្រមឲ្យកម្ពុជាខ្ចីប្រាក់ចំនួនរវាង ៣០០លានដុល្លារអាមេរិក ទៅ ៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ សំរាប់រយៈពេល ៥ឆ្នាំ តាមសំណើរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បញ្ហាជំលោះនៅសមុទ្រចិនខាងត្បូងនោះ កំពុងក្លាយជាបញ្ហាក្តៅរវាងប្រទេសសមាជិកអាស៊ានមួយចំនួនជាមួយប្រទេសចិន។ ប្រទេសទាំងនោះមានដូចជាប្រទេសវៀតណាម (Vietnam) ហ្វីលីពីន (Philippines) ម៉ាឡេស៊ី (Malaysia) និងប្រទេសប្រ៊ុយណេ (Brunei)។
សមុទ្រចិនខាងត្បូងនោះ គឺអ្នកស្រាវជ្រាវបានរកឃើញថា មានធនធានប្រេង និងឧស្ម័នមហាសាលនៅបាតសមុទ្រ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានប្រកាសថា មេដឹកនាំប្រទេសសមាជិកអាស៊ានទាំងអស់បានឯកភាពគ្នាអំពាវនាវសុំឲ្យមានការដកទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសភូមា ដោយសារតែប្រទេសភូមា ឬមីយ៉ាន់ម៉ា បានរៀបចំការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ នៅថ្ងៃទី១ ខែមេសា កន្លងមកនេះ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
