មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា ក្រោយពេលរដ្ឋមន្ត្រីការបរទេស អាស៊ាន ពិនិត្យ និងសំរេចរួចហើយនោះ គឺជាការចាប់ផ្ដើមមួយរបស់ អាស៊ាន ដើម្បីចរចាជាមួយប្រទេសចិន ដោះស្រាយ ជម្លោះនៅសមុទ្រចិនខាងត្បូង។
រដ្ឋលេខាធិការ នៃក្រសួងការបរទេសកម្ពុជា លោកស្រី សឿង រដ្ឋចាវី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋាន អាស៊ាន (Asean) ដែលបានដឹកនាំកិច្ចប្រជុំនេះ បានមានប្រសាសន៍ថា លោកស្រីរីករាយនឹងលទ្ធផលវិជ្ជមាននេះ ទោះបីជាត្រូវមានការចរចាច្រើនទៀតក៏ដោយ នៅថ្ងៃអនាគត។
លោកស្រី សឿង រដ្ឋចាវី៖ «ឧបករណ៍មួយសំខាន់ ក្នុងការបន្តពង្រឹងចង់និយាយថា សន្តិភាព ស្ថិរភាព ក្នុងតំបន់សមុទ្រចិនខាងត្បូងហ្នឹង ហើយនឹងក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ...នេះជាឯកសារគន្លឹះមួយសំខាន់។ Code of Conducts (ក្រមប្រតិបត្តិ) គឺសំខាន់មែនទែន»។
អ្នកវិភាគឯករាជ្យ លោក បណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា លោកចូលរួមត្រេកអរជាមួយជំហានវិជ្ជមាននេះ។
លោក បណ្ឌិត សុខ ទូច៖ «ឃើញថាកម្ពុជា ជាប្រធាន អាស៊ាន លើកទី២នេះ មានផ្លែផ្កាសំខាន់នៅក្នុងនយោបាយការបរទេស ដែលបង្រួបបង្រួមឲ្យអាស៊ានមានសំឡេងតែមួយ ក្នុងការដោះស្រាយជម្លោះជាមួយមហាអំណាច តែមិនពឹងពាក់មហាអំណាចណាមួយ ដើម្បីធ្វើជាយន្តការក្នុងការដោះស្រាយ។ ចំនុចទី២ បើសិនជាយន្តការហ្នឹង បានទទួលជោគជ័យនៅប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស អាស៊ាន បានសំរេចមែននោះ គឺជាផ្លែផ្កាសំរាប់បទពិសោធន៍អាស៊ាននៅឆ្នាំ២០១៥»។
ប្រទេសជាសមាជិក អាស៊ាន ដែលមានជម្លោះជាមួយប្រទេសចិន ក្នុងការដណ្ដើមកាន់កាប់កម្មសិទ្ធិនៅប្រជុំកោះស្តា្រតលី (Spratly) និងប្រជុំកោះប៉ារ៉ាសែល (Paracel) នៅសមុទ្រចិនខាងត្បូងនោះ មានដូចជា ប្រទេស ហ្វីលីពីន (Philippines) ប្រទេស ម៉ាឡេស៊ី (Malaysia) ប្រទេស វៀតណាម (Vietnam) និងប្រទេស ប្រ៊ុយនេ (Brunei)។
ទាក់ទងនឹងបញ្ហានេះ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១២ កន្លងទៅនេះ ក្រោយពីបញ្ចប់កិច្ចប្រជុំកំពូល អាស៊ាន លើកទី២០ នៅឯវិមានសន្តិភាព បានមានប្រសាសន៍ថា ក្នុងនាមប្រទេស កម្ពុជា ជាប្រធាន អាស៊ាន នៅឆ្នាំ២០១២ លោកមិនធ្វើបញ្ហាជម្លោះ នៅសមុទ្រចិនខាងត្បូងនោះ ក្លាយជាបញ្ហាអន្តរជាតិទេ។
អ្នកស្រាវជ្រាវបានប៉ាន់ស្មានថា នៅបាតសមុទ្រ នៃប្រជុំកោះទាំងនោះ គឺមានធនធានប្រេងកាត និងឧស្ម័នមហាសាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។