លោក ហ៊ុន សែន បើក​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​អាស៊ាន

រដ្ឋមន្ត្រី​ក្រសួង​ថាមពល នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា បាន​ជួប​ប្រជុំ​គ្នា​នៅ​ឯ​វិមាន​សន្តិភាព ទីក្រុង​ភ្នំពេញ ដើម្បី​រិះរក​មធ្យោបាយ​ត​ភ្ជាប់​ប្រព័ន្ធ​ចែក​ចាយ​ថាមពល​អគ្គិសនី ក្នុង​ប្រទេស​សមាជិក​អាស៊ាន នៅ​ថ្ងៃ​អនាគត។

0:00 / 0:00

កិច្ច​ប្រជុំ​នេះ បាន​បើក​ជា​ផ្លូវ​ការ​ដោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន។

រដ្ឋមន្ត្រី​ក្រសួង​ថាមពល នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា បាន​បើក​កិច្ច​ពិភាក្សា​សំខាន់​មួយ ផ្ដោត​លើ​ផែនការ​មេ ដើម្បី​ត​ភ្ជាប់​ប្រព័ន្ធ​ថាមពល​អគ្គិសនី និង​ចែក​ចាយ​ថាមពល​អគ្គិសនី​នោះ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត នៅ​ក្នុង​តំបន់​អាស៊ាន ដើម្បី​ធានា​ថា ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់ មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ នៅ​ថ្ងៃ​អនាគត។

ផែនការ​មេ​នោះ ត្រូវ​បាន​អនុម័ត​ដោយ​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៧ នៅ​ទីក្រុង​ហាណូយ (Hanoi) ប្រទេស​វៀតណាម កាល​ពី​ខែ​តុលា ឆ្នាំ​២០១០ កន្លង​ទៅ។

ផែនការ​មេ​នោះ គឺ​ចាប់​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៥ រាប់​ទាំង​ការ​ផលិត និង​ការ​ប្រើប្រាស់​ថាមពល​ប្រើ​ដោយ​វារីអគ្គិសនី​ថាមពល​ខ្យល់ ថាមពល​ពន្លឺ​ព្រះអាទិត្យ ថាមពល​កម្លាំង​ទឹក​ក្រោម​ដី ថាមពល​ជីវឧស្ម័ន និង​ថាមពល​ជីវ​ឥន្ធនៈ ជាដើម ដើម្បី​កាត់​បន្ថយ​ការ​បំផ្លាញ​បរិយាកាស និង​បរិស្ថាន ដែល​នាំ​ឲ្យ​ប្រែប្រួល​អាកាសធាតុ។

នាយក​រដ្ឋមន្ត្រី​ប្រទេស​កម្ពុជា លោក ហ៊ុន សែន នៅ​ក្នុង​ការ​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​លើក​ទី​៣០ នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា បាន​មាន​ប្រសាសន៍​ថា អាស៊ាន​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​សន្តិសុខ​ថាមពល​អគ្គិសនី បញ្ហា​ស្បៀង​អាហារ និង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ជាដើម៖ «យើង​ក៏​អាច​មើល​ឃើញ​ដែរ​ថា ធ្យូង​ថ្ម​ក៏​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ សម្រាប់​ផ្គត់ផ្គង់​សេចក្តី​ត្រូវ​ការ​ថាមពល​ទាំង​បច្ចុប្បន្ន និង​ទៅ​អនាគត​ផង​ដែរ ប៉ុន្តែ​ការ​ប្រើប្រាស់​ប្រភព​ថាមពល​ធ្យូង​ថ្ម ក៏​ទាម​ទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ផង​ដែរ»

លោក​បញ្ជាក់​ថា ផែនការ​ត​ភ្ជាប់​ចរន្ត​អគ្គិសនី​នៅ​តំបន់​អាស៊ាន និង​ការ​ត​ភ្ជាប់​បំពង់​ឧស្ម័ន​អាស៊ាន នៅ​មិន​ទាន់​បាន​អនុវត្ត​ជាក់​ស្ដែង​នៅ​ឡើយ គឺ​មាន​តែ​ការ​ចុះ​កិច្ច​សន្យា​ទ្វេភាគី រវាង​ប្រទេស​សមាជិក​អាស៊ាន​កន្លង​មក។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល នៃ​ប្រទេស​កម្ពុជា លោក ស៊ុយ សែម បាន​មាន​ប្រសាសន៍​ថា ផែនការ​បន្ត​ពី​ផែនការ​មេ​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៥ នោះ គឺ​ការ​ត​ភ្ជាប់​បំពង់​ឧស្ម័ន​អាស៊ាន ការ​ប្រើប្រាស់​ធ្យូង​ថ្ម​ស្អាត និង​កិច្ច​សហប្រតិបត្តិការ​ថាមពល នុយ ក្លេអ៊ែរ (Nuclear) ជាដើម៖ «ឈាន​ទៅ​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​អនុវត្ត​ផែនការ​សកម្មភាព នៃ​កិច្ច​សហប្រតិបត្តិការ​ថាមពល​អាស៊ាន​ឆ្នាំ​២០១០-២០១៥ ក៏​ដូច​ជា​ទទួល​បាន​អាស៊ាន​មួយ ដែល​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចេរភាព លើ​វិស័យ​ថាមពល ដែល​ជា​ប្រភព​ចម្បង​ក្នុង​ការ​ជួយ​ទ្រទ្រង់ និង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន នៃ​បណ្ដា​ប្រទេស​អាស៊ាន​របស់​យើង និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់»

ស្រប​ពេល​នេះ​ដែរ មន្ត្រី​ជំនាញ​មក​ពី​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​១០ បាន​ជួប​ប្រជុំ​គ្នា​មួយ​ផ្សេង​ទៀត កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា កន្លង​ទៅ​នេះ ផ្ដោត​លើ​ផែនការ​មេ​មួយ​ផ្សេង​ទៀត ដើម្បី​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​អាស៊ាន រាប់​ទាំង​ផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវ​អាកាស នៅ​ឆ្នាំ​២០១៥។

ក្រៅ​ពី​នេះ ផែនការ​មេ​នោះ ក៏​នឹង​ត​ភ្ជាប់​ដែរ​នូវ​វប្បធម៌ ពាណិជ្ជកម្ម សេដ្ឋកិច្ច ស្ថាប័ន​រដ្ឋ និង​ស្ថាប័ន​រដ្ឋ ព្រម​ទាំង​ប្រជាជន និង​ប្រជាជន ឲ្យ​យល់​ដឹង​អំពី​វប្បធម៌ និង​ការ​អប់រំ នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​១០ ដែល​មាន​ប្រជាជន​សរុប​ជាង​៦០០​លាន​នាក់។

អ្នក​ឯកទេស​បាន​ប៉ាន់ស្មាន​ថា អាស៊ាន​ត្រូវ​ចំណាយ​ថវិកា​សរុប​ចំនួន​ជាង​៦០០​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​រយៈពេល​១០ឆ្នាំ​ទៀត ដើម្បី​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។