កិច្ចប្រជុំលើកទី៣០ របស់ប៉ូលិសអាស៊ាន (ASEAN-NAPOL) នៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា រយៈពេលជិតមួយសប្ដាហ៍នោះ បានបិទបញ្ចប់ជាផ្លូវការហើយ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ដោយមានការប្រកាសរួមគ្នាថា ប៉ូលិសប្រទេសនានាជាសមាជិកអាស៊ាន ចំនួន១០ បន្តកិច្ចសហការគ្នាកាន់តែរឹងមាំ និងជិតស្និទ្ធថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការជួញដូរអាវុធ និងអំពើឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។
បទល្មើសឧក្រិដ្ឋកម្មធំៗ ដែលមន្ត្រីប៉ូលិសប្រទេសសមាជិកអាស៊ាន បានឯកភាពគ្នាកម្ចាត់នោះ មានដូចជា បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម អំពើជួញដូរមនុស្ស ប្រឆាំងការរត់ពន្ធគ្រឿងញៀន ការជួញដូរអាវុធខុសច្បាប់ បទល្មើសលើផ្ទៃសមុទ្ទ បទល្មើសធនាគារពាណិជ្ជកម្ម បទល្មើសបច្ចេកវិទ្យា ការក្លែងបន្លំឯកសារឆ្លងដែន និងជួយគ្នាទៅវិញទៅមក និងបង្កើតតារាងទិន្នន័យ និងព័ត៌មានក្នុងប្រព័ន្ធកុំព្យូទ័រ ចែករំលែកព័ត៌មានសំងាត់។
លោកឧត្ដមសេនីយ៍ឯក គៀត ចាន្ថារិទ្ធិ ជាមន្ត្រីអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ក្រោយពីការបិទបញ្ចប់កិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភានេះថា ៖ «កិច្ចប្រជុំនេះសំខាន់ គឺការពង្រឹងកិច្ចសហប្រតិបត្តិ ការណ៍នៅក្នុងប្រទេសអាស៊ាន ហើយនិងប្រទេសដៃគូ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន នៅក្នុងហ្នឹង មានអំពើភេរវកម្ម ដែលជាអំពើមួយ យើងអាចនិយាយថា វាអត់រើសគោលដៅទេ។ ភេរវកម្មយើងដឹងហើយថា ពេលវាអាចធ្វើទៅបាន គឺគាត់ធ្វើហើយ អ៊ីចឹងប្រទេសទាំងអស់ ជាសមាជិកអាស៊ាន មានភារកិច្ចចាំបាច់ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ឲ្យកាន់តែប្រសើរថែមទៀត»។
កិច្ចប្រជុំរយៈពេលជិតមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែឧសភានេះ បានចូលរួមដោយក្រុមមេប៉ូលិសមកពីប្រទេសសមាជិកអាស៊ាន ចំនួន១០ មានដូចជា កម្ពុជា វៀតណាម លាវ ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី ភូមា និងប្រ៊ុយណេ ចំនួនសរុប ២០០នាក់។
កន្លងមក មានការសហការគ្នា រវាងប៉ូលិសប្រទេសអាស៊ាន និងកម្ពុជា ក្នុងការរួមគ្នាចាប់មេភេរវជនមួយចំនួន ដូចជាកាលពីចុងឆ្នាំ២០០២ និងដើមឆ្នាំ២០០៣ កន្លងទៅ មេបណ្ដាញភេរវកម្ម JI ឈ្មោះ Hambali នៃបណ្ដាញ Al-Qaeda ត្រូវបានគេដឹងថា បានមកសំងំលាក់ខ្លួននៅក្នុងតំបន់បឹងកក់ នៅក្នុងទីក្រុងភ្នំពេញ ក្រោយពីបានវាយប្រហារអំពើភេរវកម្ម នៅលើកោះបាលី ប្រទេសឥណ្ឌូណេស៊ី សម្លាប់មនុស្ស ២០២នាក់ និងរងរបួស ៨៨នាក់។
កាលពីឆ្នាំ២០០៤ កន្លងទៅ អាជ្ញាធរថៃបានចាប់ខ្លួន Hambali បាននៅក្នុងក្រុងអយុធ្យាប្រទេសថៃ ហើយបានប្រគល់ខ្លួនឲ្យទៅសហរដ្ឋអាមេរិក។
តុលាការក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីឆ្នាំ២០០៤ បានកាត់ទោសជនសង្ស័យភេរវករចំនួន ៥នាក់ ក្នុងនោះ មានជនជាតិថៃ បីនាក់ ជនជាតិអេស៊ីបម្នាក់ និងជនជាតិខ្មែរចាមម្នាក់ ឲ្យជាប់គុកអស់មួយជីវិត ក្រោមបទចោទថា មានផែនការវាយប្រហារអំពើភេរវកម្ម នៅក្នុងប្រទេសកម្ពុជា៕
