កិច្ចប្រជុំកំពូលអាស៊ាននេះ គឺផ្ដោតលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងទំនាក់ទំនងរវាងអាស៊ាន ជាមួយប្រទេសទាំងបីនោះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី១៩ ខែវិច្ឆិកា បានប្រកាសជំរុញឲ្យតំបន់អាស៊ាន ក្លាយជាទីផ្សារសំខាន់ និងជាដៃគូពាណិជ្ជកម្ម និងវិនិយោគទុនជាមួយប្រទេសចិន ជប៉ុន និងប្រទេសកូរ៉េខាងត្បូង នៅគ្រាដែលវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅតំបន់អឺរ៉ុប (EU) កំពុងតែបន្ត និងកំណើនសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក កំពុងតែងើបឡើងយឺតៗ។
មេដឹកនាំនៃប្រទេសដៃគូចំនួន៣ បូកជាមួយប្រទេសអាស៊ាននោះ មានដូចជា ទី១ នាយករដ្ឋមន្ត្រីចិន លោក វិន ជាបាវ (Wen Jiabao) នាយករដ្ឋមន្ត្រីជប៉ុន លោក យ៉ូស៊ីហ៊ីកូ ណូដា (Yoshihiko Noda) និងប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក លីយ៉ុង បាក់ (Lee Myung Bak) បានមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីនោះថា អាស៊ានកំពុងតែត្រៀមខ្លួនក្លាយជាតំបន់សេដ្ឋកិច្ចតែមួយ នៅឆ្នាំ២០១៥ និងក្លាយជាតំបន់សេដ្ឋកិច្ចអាស៊ីបូព៌ាបូកជាមួយប្រទេសបីនោះ នៅឆ្នាំ២០២០៖ «ខ្ញុំសូមថ្លែងអំណរគុណប្រទេសបូកបី (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ដែលបានគាំទ្រអនុវត្តគម្រោងអាទិភាពនៃផែនការមេ ស្ដីពីការភ្ជាប់ជាពិសេសតាមរយៈការបង្កើតក្រុមការងារជប៉ុន និងគណៈកម្មការការងារចិន តភ្ជាប់អាស៊ាន។ ជាមួយកិច្ចប្រឹងប្រែងនេះ ខ្ញុំសូមស្វាគមន៍សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំស្ដីពីភាពជាដៃគូអាស៊ានបូកបី សម្រាប់ការតភ្ជាប់ដែល នឹងកំណត់អាទិភាព និងការជំរុញការតភ្ជាប់រវាងអាស៊ាន និងប្រទេសបូកបី។ ទន្ទឹមនឹងការកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច ខ្ញុំយល់ថា យើងត្រូវលើកកម្ពស់ថែមទៀតនូវការយល់ដឹងផ្នែកវប្បធម៌ ក្នុងចំណោមប្រទេសរបស់យើង»។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីចិន លោក វិន ជាបាវ បានមានប្រសាសន៍ជាភាសាចិន និងត្រូវបានប្រែសម្រួលជាភាសាអង់គ្លេសថា វិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ១៩៩៧ កន្លងទៅនៅតំបន់អាស៊ី យើងបានរួមគ្នាដោះស្រាយដោយជោគជ័យ ក្នុងនោះមានប្រទេសចិន ជប៉ុន និងប្រទេសកូរ៉េខាងត្បូង៖ «យើងបានបង្កើតឲ្យមានរចនាសម្ព័ន្ធយ៉ាងល្អមួយ និងមានកម្មវិធីនយោបាយយ៉ាងមានប្រសិទ្ធភាពក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច។ យើងបន្តសហការគ្នាក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគនៅតំបន់អាស៊ី»។
របាយការណ៍សិក្សាស្រាវជ្រាវពីអ្នកជំនាញសេដ្ឋកិច្ច បានឲ្យដឹងថា ទីផ្សារនៅតំបន់អាស៊ាន គឺមានប្រជាជនសរុបចំនួនជាង ៦០០លាននាក់។ ចំណែកឯទីផ្សារអាស៊ានបូកបី ឬអាស៊ីបូព៌ា គឺមានប្រទេសចិន ជប៉ុន និងប្រទេសកូរ៉េខាងត្បូង គឺមានប្រជាជនសរុបជាង ៣.០០០លាននាក់។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ាន កាលពីខែឧសភា ឆ្នាំ២០១២ កន្លងទៅនេះ បានអនុម័តលើកិច្ចព្រមព្រៀងមួយ បង្កើនថវិកាអាស៊ានពីចំនួន ១៤០ពាន់លានដុល្លារអាមេរិក ដល់ចំនួន ២៤០ពាន់លានដុល្លារអាមេរិក ដើម្បីទប់ទល់នៅគ្រាដែលវិបត្តិសេដ្ឋកិច្ចនៅតំបន់អាស៊ាន នៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
