កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ស្ដីពី​សន្តិសុខ​ក្នុង​សហគមន៍​អាស៊ាន

កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន បាន​ចាប់​ផ្ដើម​ពិភាក្សា​ពេញ​មួយ​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា។ ចំពោះ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ គេ​ត្រៀម​នឹង​បញ្ជូន​ទៅ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ធ្វើ​ការ​សម្រេច​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

0:00 / 0:00

បញ្ហា​ដែល​គេ​លើក​យក​មក​ជជែក​នៅ​ពេល​នោះ មាន​បញ្ហា​នៅ​មជ្ឈិមបូព៌ា បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង បញ្ហា​សិទ្ធិ​មនុស្ស​អាស៊ាន ជាដើម។

ក្រៅ​ពី​នេះ នៅ​មាន​បញ្ហា​សំខាន់​មួយ​ទៀត ដែល​គេត្រៀម​នឹង​បញ្ជូន​ដល់​ប្រមុខ​រដ្ឋាភិបាល​សម្រេច​ផង​ដែរ គឺ​ការ​ផ្លាស់​ប្ដូរ​អាណត្តិ​អគ្គលេខាធិការ​អាស៊ាន និង​ការ​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ដៃគូ​អាស៊ាន។

ក្រោយ​ពី​ប្រជុំ​ថ្នាក់​ឧត្ដម​មន្ត្រី​អាស៊ាន បាន​បញ្ជូន​ឯកសារ​សម្រាប់​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ធ្វើ​ការ​អនុម័ត នៅ​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​បាន​ពិភាក្សា​លើ​បញ្ហា​ទាំង​នោះ​ពេញ​មួយ​ថ្ងៃ។ នៅ​ក្នុង​នោះ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​បាន​ចែក​ចេញ​ជា​បី​សំខាន់ គឺ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​នយោបាយ​សន្តិសុខ​ថ្នាក់​រដ្ឋមន្ត្រី និង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សម្រប​សម្រួល​អាស៊ាន ហើយ​កិច្ច​ប្រជុំ​ទាំង​អស់​នោះ បាន​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃ​សៅរ៍ ទី១៧ ខែ​វិច្ឆិកា។

រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កៅ គឹមហួន មាន​ប្រសាសន៍​ថា ចំពោះ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន បាន​ពិភាក្សា​លើ​ការ​ដោះ​ដូរ​យោបល់ លើ​បញ្ហា​អន្តរជាតិ​ដែល​កើត​ឡើង​នៅ​តំបន់ រួម​ទាំង​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​នៅ​មជ្ឈិមបូព៌ា បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង សភាពការណ៍​ឧបទ្វីប​កូរ៉េ។ កិច្ច​ប្រជុំ​នេះ​ដែរ ក៏​មាន​ការ​ពិភាក្សា​គ្នា​លើ​បញ្ហា​រដ្ឋធម្មនុញ្ញ​អាស៊ាន និង​បាន​ពិនិត្យ​លើ​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ការ​កសាង​សគមន៍​អាស៊ាន ដើម្បី​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ធ្វើ​សេចក្ដី​សម្រេច​លើ​លទ្ធផល​ទាំង​នោះ។

លោក កៅ គឹមហួន៖ «ការ​អនុវត្ត​ធម្មនុញ្ញ​អាស៊ាន ក៏​ដូច​ជា​ពិនិត្យ​មើល​ឡើង​វិញ ការ​អនុវត្ត​ផែនទី​ចង្អុល​ផ្លូវ​របស់​អាស៊ាន ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន។ ជា​សមិទ្ធផល​ដែល​លេច​ធ្លោ​មែន​ទែន គឺ​ការ​ផ្លាស់​ប្ដូរ​មតិ​លើ​សភាពការណ៍​ផ្លាស់​ប្ដូរ​ក្នុង​តំបន់​អន្តរជាតិ»

លោក​មាន​ប្រសាសន៍​បន្ត​ថា សម្រាប់​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​នយោបាយ​សន្តិសុខ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​នេះ គឺ​បាន​ពិភាក្សា​លើ​ការ​ជំរុញ​ឲ្យ​មាន​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន និង​ការ​ជំរុញ​ផ្ដល់​សច្ចាប័ន​ឲ្យ​ប្រទេស​ប្រេស៊ីល ឲ្យ​ចូល​នៅ​ក្នុង​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ​អាស៊ាន (TAC) ជា​ប្រទេស​សមាជិក​ទី៣១។ ហើយ​កិច្ចប្រជុំ​នេះ ក៏​បាន​ពិភាក្សា​លើ​ការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​គ្រឿងញៀន ការ​ជួញ​ដូរ​មនុស្ស រួម​ទាំង​ការ​ពិភាក្សា​ប្រទេស​អាស៊ាន​គ្មាន​អាវុធ​នុយក្លេអ៊ែរ ជមួយ​ប្រទេស​មហា​អំណាច​លើ​ពិភពលោក​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ។

លទ្ធផល​នៃ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សម្រប​សម្រួល​អាស៊ាន គឺ​ផ្ដោត​លើ​ការ​ត្រៀម​សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១ ដែល​នឹង​ធ្វើ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ និង​ត្រៀម​ឯកសារ​សម្រាប់​កិច្ចប្រជុំ​បូក​១ ឬ​បូក​បី និង​កិច្ច​ប្រជុំ​អាស៊ី​បូព៌ា​លើក​ទី៧ ដែល​ធ្វើ​នៅ​ប្រទេស​កម្ពុជា ហើយ​ការ​ត្រៀម​នេះ គឺ​ដើម្បី​រៀបចំ​ឯកសារ​សម្រាប់​ថ្នាក់​ដឹកនាំ​កំពូល​ចុះ​ហត្ថលេខា​សម្រេច។

រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កៅ គឹមហួន មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សម្រប​សម្រួល​អាស៊ាន​បាន​រៀបចំ​បេក្ខភាព មក​ពី​ប្រទេស​វៀតណាម សម្រាប់​ដាក់​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​សម្រេច អគ្គលេខាធិការ​ថ្មី​ដែល​នឹង​ចូល​កាន់​អាណត្តិ​នៅ​ដើម​ឆ្នាំ​២០១៣ ខាង​មុខ ក្នុង​នោះ​ដែរ ក៏​មាន​ការ​អនុម័ត​ថវិកា​ចំណាយ​អាស៊ាន​ផង​ដែរ។

អគ្គលេខាធិការ​អាស៊ាន លោក ស៊ូរិន ពិតសូវ៉ាន់ មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ និង​របៀបវារៈ​ច្រើន​ទៀត​ក្នុង​ការ​ពិភាក្សា​ជាមួយ​ប្រទេស​ដៃគូ​អាស៊ាន​សំខាន់ៗ​ដូចជា សហរដ្ឋ​អាមេរិក រុស្សី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ជាដើម។ លោក​បញ្ជាក់​ទៀត​ថា ក្រៅ​ពី​នេះ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ក៏​កំពុង​ខិតខំ​ប្រឹង​ប្រែង ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ប្រាំ និង​អាស៊ាន ដែល​ប្រទេស​ទាំង​នោះ​រួម​មាន ប្រទេស​ចិន កូរ៉េខាងត្បូង អូស្ត្រាលី ឬ​ញូវហ្សឺឡេន ឥណ្ឌា និង​ប្រទេស​ជប៉ុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។