លោក ហោ ណាំហុង ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសផងដែរនោះ បានមានប្រសាសន៍ថា ការគ្រោងបង្កើតអ្នកសម្របសម្រួលផ្នែកជំនួយមនុស្សធម៌រួម រវាងអង្គការសហប្រជាជាតិនិងប្រទេសជាសមាជិកអាស៊ាន គឺត្រូវបានស្នើឡើងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ។
កិច្ចពិភាក្សានោះនឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី នាថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ ។
លោក ហោ ណាំហុង ក៏បានបន្ថែមទៀតថា គេក៏នឹងពិភាក្សាថាតើត្រូវឲ្យអង្គការសហប្រជាជាតិរៀបចំសន្និសីទអន្តរជាតិដើម្បីរកជំនួយសម្រាប់ប្រទេសភូមា ដែរឬយ៉ាងណា ៖ «... យើងនឹងពិភាក្សាបញ្ហាមួយ ដែលស្នើដោយអគ្គលេខាធិការអ.ស.ប.លោក បាន គីមូន ឲ្យមានអ្នកសម្របសម្រួលរួមគឺអ្នកសម្របសម្រួលជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ារបស់អាស៊ានផង របស់អង្គការសហប្រជាជាតិផង» ។
ប្រធានសហភាពតំណាងរាស្ត្រភូមា លោក Teddy Buri បានសរសេរលិខិតផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងប្រធានសភាជាតិ លោក ហេង សំរិន អំពាវនាវឲ្យរដ្ឋភិបាលកម្ពុជាជួយផ្ដល់កម្លាំងក្នុងការស្វែងរក និងជួយសង្គ្រោះជាបន្ទាន់ដល់ជនរងគ្រោះដោយសារខ្យល់ព្យុះស៊ីក្លូននៅក្នុងប្រទេសភូមា ដោយមិនចាំបាច់រង់ចាំឲ្យមានការយល់ព្រមពីឧត្ដមសេនីយ៍ភូមានោះឡើយ ។
ឆ្លើយតបទៅនឹងការអំពាវនាវនេះ ឧបនាយករដ្ឋមន្ត្រីខ្មែរ លោក ហោ ណាំហុង បានមានប្រសាសន៍ថា លោកមិនទាន់បានទទួលលិខិតរបស់លោក Teddy Buri នោះនៅឡើយទេ។
ប្រធានគណៈកម្មការទីប្រាំទទួលបន្ទុកខាងកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋសភាកម្ពុជា លោក សុន ឆ័យ បានមានប្រសាសន៍ថា រដ្ឋសភាមិនទាន់បានចាត់វិធានការ ឬក៏ឆ្លើយតបយ៉ាងណាចំពោះការអំពាវនាវសុំការជួយពីប្រធានសហភាពតំណាងរាស្ត្រភូមា នោះឡើយ ដោយកម្ពុជាកំពុងតែប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្ដម សីហមុនី ។
លោក សុន ឆ័យ មានប្រសាសន៍ដូច្នេះថា ៖ «ខ្លួនខ្ញុំផ្ទាល់បានទទួលលិខិតហ្នឹង ដើម្បីសុំឲ្យបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងការបរទេសលោក ហោ ណាំហុង និងសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយខាងក្រុមអ្នកតំណាងរាស្ត្រភូមាមានការព្រួយបារម្ភអំពីស្ថានភាពជនរងគ្រោះដោយសារព្យុះកាលពីប៉ុន្មានសប្ដាហ៍មុននេះ» ។
រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ៧ ឧសភា បានរួមវិភាគទានជាទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយកាកបាទក្រហមកម្ពុជា ក៏បានផ្ដល់ជាទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ ដល់ប្រទេសភូមា ដែលបានរងគ្រោះដោយសារខ្យល់ព្យុះស៊ីក្លូន កាលពីដើមខែឧសភានេះ ។
តាមការគណនាពេលថ្មីៗនេះរបស់ការិយាល័យអង្គការសហប្រជាជាតិដើម្បីការសម្របសម្រួលផ្នែកកិច្ចការមនុស្សធម៌ ទៅលើទីក្រុងចំនួន ៥៥ ក្នុងតំបន់ដីសណ្ដ Irrawaddy និងតំបន់ផ្សេងទៀត ដែលរងគ្រោះមហន្តរាយ ដោយសារខ្យល់ព្យុះស៊ីក្លូន ឃើញថា មានមនុស្សប្រមាណ ១០២.០០០នាក់បានស្លាប់ ហើយនិង ២២០.០០០នាក់ផ្សេងទៀតបានបាត់ខ្លួន ។
តាមការគណនានោះ ក៏បានឲ្យដឹងទៀតថា មានមនុស្សប្រមាណជិត ២លាននាក់បានរងផលប៉ះពាល់ពីព្យុះស៊ីក្លូននេះ ។
ចំណែកឯ អង្គការ Oxfam វិញ បានឲ្យដឹងកាលពីពេលថ្មីៗនេះដែរថា ក្នុងអំឡុងពេលពីរបីសប្ដាហ៍ ឬពីរបីខែទៀត មនុស្សប្រមាណ ១លាន ៥សែននាក់ នឹងស្ថិតនៅក្នុងគ្រោះថ្នាក់ បើសិនជាគ្មានទឹកស្អាត និងអនាម័យទេនោះ ។
ក្នុងលិខិតរបស់លោក Teddy Buri ដែលបានផ្ញើទៅឲ្យលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងប្រធានសភាជាតិ លោក ហេង សំរិន នោះ ក៏បានសរសេរផងដែរថា ក្រុមប្រឹក្សាអភិវឌ្ឍន៍និងសន្តិភាពរដ្ឋរបស់ប្រទេសភូមា កំពុងតែរារាំងសហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិផង មិនឲ្យចូលក្នុងប្រទេសភូមា ដើម្បីជួយដល់ប្រជាជនដែលរងគ្រោះនោះឡើយ ។
លិខិតក៏បានសរសេរទៀតថា រដ្ឋាភិបាលយោធាភូមា បានបញ្ជាក់ថា ខ្លួនត្រូវការតែជំនួយប៉ុណ្ណោះ ហើយមិនត្រូវការអ្នកជំនាញបរទេសនោះឡើយ ៕
