ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ចុង​ឆ្នាំ​២០១០

រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​រដ្ឋ​សមាជិក​អាស៊ាន ចំនួន​១០​ប្រទេស រាប់​ទាំង​កម្ពុជា​ផង បាន​ឯកភាព​គ្នា​ទាំង​ស្រុង តាម​សំណើ​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ដើម្បី​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​សហ​រដ្ឋ​អាមេរិក លើក​ទី​២។

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​កម្ពុជា បាន​សំដែង​ការ​គាំទ្រ​ចំពោះ​សំណើ​របស់​សហ​រដ្ឋ​អាមេរិក ដែល​បាន​ស្នើ​សុំ​ឲ្យ​មាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​សហ​រដ្ឋ​អាមេរិក លើក​ទី​២ ដែល​គេ​គ្រោង​រៀបចំ​ធ្វើ​នៅ​ក្នុង​ទីក្រុង​ញីវយ៉ក ឬ​ទីក្រុង​វ៉ាស៊ីនតោន សហ​រដ្ឋ​អាមេរិក នៅ​ចុង​ឆ្នាំ​២០១០​នេះ ដែល​គេ​នឹង​ផ្ដោត​លើ​កិច្ច​សហ​ប្រតិបត្តិការ​នានា រវាង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ចំនួន​១០ ជា​មួយ​នឹង​សហ​រដ្ឋ​អាមេរិក​នោះ។

ប្រទេស​ចំនួន​១០ ជា​រដ្ឋ​សមាជិក​នៃ​សមាគម​អាស៊ាន បាន​ឯកភាព​គ្នា​លើ​សំណើ​របស់​សហ​រដ្ឋ​អាមេរិក​នោះ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៣ ថ្នាក់​រដ្ឋ​មន្ត្រី​ការ​បរទេស នៅ​ក្នុង​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ដល់​ថ្ងៃ​ទី​២៣ ខែ​កក្កដា ដែល​ទើប​តែ​បាន​ចប់​ទៅ​ថ្មីៗ នេះ។ ប៉ុន្តែ​ពេល​វេលា​ជាក់​លាក់ គេ​នៅ​មិន​ទាន់​បាន​កំណត់​នៅ​ឡើយ​ទេ។

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក លោក​ស្រី Hillary Clinton បាន​លើក​សំណើ​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៣ នៅ​ក្នុង​ប្រទេស​វៀតណាម កាល​ពី​ពេល​ថ្មីៗ​នេះ។

រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា លោក​ស្រី សឿង រដ្ឋ​ចាវី ដែល​បាន​វិល​ត្រឡប់​មក​ពី​ការ​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា​ថ្មីៗ​នេះ បាន​មាន​ប្រសាសន៍​ថា ៖ «រដ្ឋ​មន្ត្រី​ការ​បរទេស​ទាំង​អស់ បាន​ឯកភាព​គ្នា​ថា នឹង​ឲ្យ​មាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ជា​មួយ​នឹង​សហ​រដ្ឋ​អាមេរិក ជា​លើក​ទី​២ នៅ​សហ​រដ្ឋ​អាមេរិក នៅ​ក្នុង​ឆ្នាំ​ហ្នឹង យើង​មិន​ទាន់​ដឹង​ខែ​ណា​ទេ។ រីឯ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី (ហោ ណាំហុង) លោក​បាន​ស្នើ​ដែរ​ថា គួរ​ធ្វើ​នៅ​វ៉ាស៊ីនតោន មិន​គួរ​ធ្វើ​នៅ​ញីវយ៉ក ភ្ជាប់​នឹង​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ទេ។ ដើម្បី​ឲ្យ​កិច្ច​ប្រជុំ​កំពូល​នេះ មាន​អត្ថន័យ​ដ៏​សំខាន់​ជា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់»

ប្រទេស​នានា​ជា​រដ្ឋ​សមាជិក​របស់​សមាគម​អាស៊ាន មាន​ចំនួន​១០ គឺ​ធ្លាប់​បាន​រៀបចំ​កិច្ច​ប្រជុំ​កំពូល​រវាង​អាស៊ាន និង​សហ​រដ្ឋ​អាមេរិក​លើក​ដំបូង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៩​កន្លង​ទៅ នៅ​ក្នុង​ប្រទេស​សឹង្ហបូរី ក្រោយ​ពី​កិច្ច​ប្រជុំ​កំពូល (APEC) នៅ​ទី​នោះ។

កិច្ច​ប្រជុំ​កំពូល​រវាង​អាស៊ាន និង​សហ​រដ្ឋ​អាមេរិក​ជា​លើក​ដំបូង​នោះ គឺ​បាន​ផ្ដោត​លើ​ការ​បង្កើត​ក្រុម​មន្ត្រី​ឥស្សរជន រវាង​សហ​រដ្ឋ​អាមេរិក និង​អាស៊ាន ហើយ​និង​បាន​សន្យា​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​គ្នា នៅ​ក្នុង​តំបន់ និង​ដោះ​ស្រាយ​បញ្ហា​នានា​នៅ​លើ​ពិភព​លោក​នេះ។

លោក យឹម សុវណ្ណ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​សម​រង្ស៊ី នឹង​ជា​អ្នក​នាំ​ពាក្យ បាន​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ថា លោក​ចង់​ឃើញ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នឹង​សហ​រដ្ឋ​អាមេរិក​នោះ ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ លើ​ការ​ដោះ​ស្រាយ​ព្រំដែន រវាង​កម្ពុជា និង​វៀតណាម ហើយ​និង​កម្ពុជា ជា​មួយ​និង​ថៃ ៖ «គឺ​ជា​បញ្ហា​អាទិភាព ទាំង​ព្រំដែន​ខាង​លិច និង​ព្រំដែន​ខាង​កើត។ បរទេស​កំពុង​តែ​មាន​មហិច្ឆតា​ឈ្លាន​ពាន​ទឹក​ដី​យើង។ បញ្ហា​នេះ គឺ​ជា​បញ្ហា​រវាង​កម្ពុជា និង​ប្រទេស​វៀត​ណាម ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ។ ទី​២ គឺ​ផ្ទៃ​ក្នុង​កម្ពុជា។ អ្វី​ដែល​យើង​ចាប់​អារម្មណ៍​ខ្លាំង​បំផុត គឺ​ការ​កែ​តម្រង់​ប្រព័ន្ធ​តុលាការ»

សហ​រដ្ឋ​អាមេរិក និង​សមាគម​អាស៊ាន ដែល​មាន​ប្រទេស​ជា​រដ្ឋ​សមាជិក​ចំនួន ១០​ប្រទេស​នោះ បាន​ក្លាយ​ជា​ដៃ​គូរ​សន្ទនា​ជា​មួយ​គ្នា ចាប់​តាំង​ពី​ឆ្នាំ​១៩៧៧ មក។

ប្រទេស​ជា​រដ្ឋ​សមាជិក​ទាំង ១០​នោះ មាន​កម្ពុជា ថៃ លាវ វៀតណាម ភូមា សិង្ហបុរី ហ្វីលីពីន ឥណ្ឌូណេស៊ី ប្រ៊ុយណេ និង​ម៉ាឡេស៊ី៕