លោក ជាម យៀប សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភានិងជាមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ៖ «គណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចឲ្យដាក់ចូលក្នុងរបៀបវារៈក្នុងសម័យប្រជុំនៅពេលខាងមុខនេះ ដើម្បីលើកអភ័យឯកសិទ្ធិសភារបស់លោកជំទាវ មូរ សុខហួរ ដើម្បីសុំឲ្យសភាអនុម័ត ប្រហែលជានៅថ្ងៃច័ន្ទ ទី២២ [មិថុនា]»។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍នៅថ្ងៃនេះដែរថា លោកស្រីមិនអាចធ្វើអត្ថាធិប្បាយបាននៅក្នុងបញ្ហានេះទេ។
គួរបញ្ជាក់ថា រឿងក្តីរវាងលោកស្រី មូរ សុខហួរ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះ បានកើតឡើងនៅពេលដែលលោកស្រី មូរ សុខហួរ បានប្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទបរិហារកេរ្តិ៍ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍នៅឯខេត្តកំពតកាលពីដើមខែមេសាដោយចំហដែលថា មានស្រ្តីជើងខ្លាំងម្នាក់ពូកែរករឿងគេ គឺរត់ទៅឱបគេសោះថាគេប្រឡេះឡេវអាវ។
នៅពេលជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្តឹងលោកស្រី មូរ សុខហួរ ពីបទបរិហារកេរ្តិ៍វិញ ក្រោយពេលដែលលោកស្រីនិងមេធាវីរបស់លោកស្រីបានធ្វើសន្និសីទកាសែតចោទប្រកាន់ពីកំហុសលោក ហ៊ុន សែន មុនការដាក់ពាក្យបណ្តឹងទៅតុលាការនោះ។
កាលពីថ្ងៃទី១០ មិថុនានេះ លោក ហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតជូនដំណឹងមួយដល់មេធាវីរបស់លោកស្រី មូរ សុខហួរ ដោយបញ្ជាក់ថា ពាក្យបណ្តឹងចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៩ ដែលប្តឹងលោក ហ៊ុន សែន ពីបទបរិហារកេរ្តិ៍និងជេរប្រមាថនោះគឺសម្រេចតម្កល់សំណុំរឿងទុកឥតចាត់ការ។ ប៉ុន្តែជាមួយគ្នានេះ តុលាការបានបន្តក្តីតាមពាក្យបណ្តឹងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
នៅថ្ងៃនេះដែរ ស្របពេលដែលមានកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាក្នុងរឿងលើកអភ័យឯកសិទ្ធិលោកស្រី មូរ សុខហួរនេះ ក៏មានការតវ៉ាពីមន្រ្តីអង្គការក្រៅរដ្ឋាភិបាលមួយចំនួននៅមុខមន្ទីររដ្ឋសភា។
លោក រ៉ុង ឈុន តាងនាមប្រធានសហភាពសហជីពកម្ពុជាបានមានប្រសាសន៍ថា ៖ «ខ្ញុំមកនេះដើម្បីទាមទារឲ្យរដ្ឋសភា ក៏ដូចជាគណៈកម្មាធិការអចិន្ត្រៃយ៍ពិចារណាឡើងវិញជុំវិញការព្យួរអភ័យឯកសិទ្ធិ។ ក្នុងនាមសហភាពសហជីពកម្ពុជាដែលមានសមាជិកសមាគមគ្រូបង្រៀននិងសហជីពសេរីកម្មករ យើងនឹងឃ្លាំមើលឲ្យដិតដល់ បើសិនជាមានការនាំខ្លួនលោកស្រី មូរ សុខហួរ យើងនឹងប្រកាសធ្វើមហាបាតុកម្មទូទាំងប្រទេសកម្ពុជា»។
តំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត ក៏បានធ្វើការអំពាវនាវផងដែរ កុំឲ្យមានការលើកអភ័យឯកសិទ្ធិលោកស្រី មូរ សុខហួរ ហើយក៏បានសុំឲ្យមានការបញ្ចប់ជម្លោះរវាងអ្នកនយោបាយទាំងពីររូបនេះ៕
