ការប៉ុនប៉ង​ដក​អភ័យ​ឯកសិទ្ធិ​ប្រធាន​បក្ស​ប្រឆាំង​ត្រូវ​បាន​ផ្អាក

2008-06-20

សហគមន៍​អឺរ៉ុប​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការប៉ុនប៉ង​របស់​តុលាការ​ខ្មែរ​ក្នុង​ការដក​អភ័យ​ឯកសិទ្ធិ​មេ​ដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចេញពី​រដ្ឋ​សភា ដើម្បី​ដោះស្រាយ​បណ្ដឹង​របស់​លោក ហោ ណាំហុង ត្រូវ​បាន​ផ្អាក​ទៅ​វិញ​ហើយ ។

RFA Photo

លោក សម រង្ស៊ី ប្រធាន​គណបក្ស សមរង្ស៊ី។

ប្រធាន​ក្រុម​បេសកកម្ម​សង្កេតការណ៍​បោះឆ្នោត​របស់​សហគមន៍​អឺរ៉ុប និង​ជា​សមាជិក​សភា​អឺរ៉ុប លោក Martin Callanan ដែល​ទើប​នឹង​មក​ដល់​កម្ពុជា ហើយ​បាន​ជួប​ជាមួយ​នឹង​លោក ហោ ណាំហុង ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​បរទេស កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ បាន​អះអាង​ថា លោក ហោ ណាំហុង បាន​យល់ព្រម​ផ្អាក​ចំពោះ​រឿង​នេះ ។

លោក Martin Callanan បាន​មាន​ប្រសាសន៍​ថា ៖ "ខ្ញុំ​បាន​ជួប​ជាមួយ​នឹង​លោក ហោ ណាំហុង ហើយ​ខ្ញុំ​បាន​លើក​អំពី​ចំណាប់​អារម្មណ៍​របស់​ខ្ញុំ​ជុំវិញ​ការដក​អភ័យ​ឯកសិទ្ធិ​នេះ ហើយ​លោក ហោ ណាំហុង ក៏​បាន​ផ្ដល់​ទំនុកចិត្ត​ឲ្យ​ខ្ញុំ​ទុកចិត្ត​បាន​ថា លោក សម រង្ស៊ី នឹង​មិន​ត្រូវ​បាន​ដក​អភ័យ​ឯកសិទ្ធិ​នៅ​មុន​យុទ្ធនាការ​នៃ​ការបោះឆ្នោត​នេះ​ទេ" ។

មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នារសៀល​ថ្ងៃ​ដដែល​នេះ ស្តីអំពី​ការងារ​របស់​សហគមន៍​អឺរ៉ុប​ក្នុង​ការសង្កេត​ការណ៍​បោះ​ឆ្នោត អាណត្តិ​ទី​៤​នៅ​កម្ពុជា លោក Martin បាន​ផ្ញើ​សារ​ដល់​អ្នក​នយោបាយ​ខ្មែរ​ទាំងអស់ ឲ្យ​រៀន​ទម្លាប់​ចំពោះ​ការរិះគន់​យ៉ាង​ដូច្នេះ​ថា ៖ "ក្នុង​នាម​យើង​ខ្ញុំ​ដែល​ជា​អ្នក​នយោបាយ​ដែរ យើង​ត្រូវតែ​ប្រឈមមុខ​ចំពោះ​ព័ត៌មាន​ផ្សេងៗ ដែល​មក​ប៉ះ​នឹង​យើង ទោះបី​ជា​ព័ត៌មាន​នោះ​ពិត​ឬ​មិន​ពិត​ក៏ដោយ ។ គឺ​យើង​ត្រូវ​រៀន​ទម្លាប់​រស់នៅ​ជាមួយ​នឹង​ព័ត៌មាន​មិន​ពិត​ទាំង​នោះ ពីព្រោះ​ថា​យើង​ជា​អ្នក​នយោបាយ" ។

មេ​ដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ពេល​ថ្មីៗនេះ​ស្នើសុំ​ដក​អភ័យ​ឯកសិទ្ធិ​ជា​បន្ទាន់ ដើម្បី​ចាត់ការ​បណ្តឹង​ព្រហ្មទណ្ឌ​មួយ​នៅ​ក្នុង​ការបរិហារកេរិ៍្ត លោក ហោ ណាំហុង ថា​ជា​មេ​គុក​បឹងត្របែក​កាលពី​សម័យ​ខ្មែរ​ក្រហម ។

ការសើ្ន​បែប​នេះ​បាន​នាំ​ឲ្យ​មាន​ការព្រួយ​បារម្ភ​អំពី​ការចាប់​ខ្លួន លោក សម រង្ស៊ី ដែល​សហគមន៍​អឺរ៉ុប​គិត​ថា នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់​ទៅ​ដល់​ដំណើរការ​បោះ​ឆ្នោត ។ សហគមន៍​អឺរ៉ុប​ឲ្យ​ដឹង​ទៀត​ថា គេ​នឹង​បញ្ជូន​អ្នក​សង្កេតការណ៍​ចំនួន​១៣០​នាក់ មក​ពី​ប្រទេស​អឺរ៉ុប​ចំនួន​២២ ដែល​ក្នុង​នោះ​មាន​សមាជិក​សភា​អឺរ៉ុប​ផងដែរ នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​បន្ត​បន្ទាប់​ខាង​មុខ​នេះ ។

ក្រុម​អ្នក​សង្កេតការណ៍​សហគមន៍​អឺរ៉ុប​ទាំង​នោះ​នឹង​ធ្វើ​ការងារ​ជាមួយ​គណបក្ស​នយោបាយ​ទាំងអស់​ចាប់​តាំងពី​ពេល​នេះ ដើម្បី​ជំរុញ​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​សេរី​និង​មាន​លក្ខណៈ​អន្តរជាតិ ៕

អត្ថបទ​ដែល​ទាក់ទង

នាយក​រដ្ឋមន្ត្រី​ថៃ​ប្រឈម​មុខ​នឹង​ការទាមទារ​ឲ្យ​ចុះចេញ​ពី​តំណែង

នាយក​រដ្ឋមន្ត្រី​ថៃ​នឹង​មិន​លាលែង​ពី​តំណែង​តាម​ការទាមទារ​របស់​ក្រុម​អ្នក​តវ៉ា

ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​ថៃ​កាន់តែ​តានតឹង

ភាព​តានតឹង​ផ្នែក​នយោបាយ​នៅ​ប្រទេស​ថៃ​ឈាន​ដល់​សភាព​ធ្ងន់ធ្ងរ

បក្ស​ប្រឆាំង៖ ការបញ្ចប់​ថ្ងៃ​តវ៉ា​ពី​ការបោះ​ឆ្នោត​ជា​ការបង្ហាញ​នូវ​ភាព​អយុត្តិធម៌

បក្ស​សមរង្ស៊ី​និង​បក្ស​សិទ្ធិមនុស្ស​សរសេរ​លិខិត​ទៅ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី

ចលនា​ខ្មែរ​ម្ចាស់​ស្រុក​នឹង​ធ្វើ​សន្និបាត​លើក​ទី​២​នៅ​ថ្ងៃ​៣០ សីហា នៅ​អាមេរិក

គណៈកម្មការ​ជំនាញ​ទាំង​៩​របស់​រដ្ឋសភា​ថ្មី​នឹង​ត្រូវ​កាន់កាប់​ដោយ​បក្ស​ប្រជាជន

សម រង្ស៊ី ចោទ​ថា រដ្ឋាភិបាល​ហ៊ុន សែន មិន​គោរព​ច្បាប់, ជាម យៀប បដិសេធ

ព្រះរាជ​តម្រិះ​របស់​អតីត​ព្រះ​មហាក្សត្រ​ជុំវិញ​បញ្ហា​រាជវង្សានុវង្ស​និង​នយោបាយ