មេធាវី​ការពារ​ក្តី​ឲ្យ នួន ជា បារម្ភ​ពី​បញ្ហា​សន្តិសុខ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម

មេធាវីការពារ​ក្តី​ឲ្យ​លោក នួន ជា អតីត​ប្រធាន​សភា​របប​កម្ពុជា​ប្រជាធិបតេយ្យ​ថ្លែង​ថា លោក​មាន​ការព្រួយ​បារម្ភ​អំពី​សន្តិសុខ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ក្រោយ​ពេល​ដែល​សារ​សម្ងាត់​ត្រូវ​ប្រទះ​ឃើញ​ក្នុង​ទី​សាធារណៈ។

0:00 / 0:00

ការព្រួយ​បារម្ភ​អំពី​សន្តិសុខ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ត្រូវ​បាន​លោក Michiel Pestman មេធាវី​ជនជាតិ​ហុល្លង់​ការពារ​ក្តី​របស់​លោក នួន ជា ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ដូច្នេះ​ថា ៖ "យើង​មាន​ការព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​បញ្ហា​សន្តិសុខ​និង​ការណ៍​សម្ងាត់​អំពី​ការស៊ើប​អង្កេត​របស់​យើង"

ការថ្លែង​អំពី​កង្វល់​សន្តិសុខ​និង​ការណ៍​សម្ងាត់​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ហេតុការណ៍​មួយ​ដែល​លោក​មេធាវី Michiel Pestman (មីឃឹល ផេស្តមែន) អះអាង​ថា លោក​ប្រទះ​ឃើញ​ឯកសារ​សម្ងាត់​របស់​ការិយាល័យ​លោក​អណ្តែត​ក្នុង​ទឹក​ប្រឡាយ​នៅ​សាលាក្តី​ខ្មែរ​ក្រហម ខណៈ​ដែល​លោក​ចេញ​ពី​ជួប​កូន​ក្តី​របស់​លោក។

លោក Michiel Pestman បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ដូច្នេះ ៖ "ខ្ញុំ​ប្រទះ​ឃើញ​ក្រដាស​បួន​សន្លឹក​ជា​លិខិត​ព្រាង​សម្ងាត់​ដែល​យើង​ផ្ញើ​ទៅ​អ្នក​ផ្សេង​កាលពី​សប្តាហ៍​មុន។ យើង​បាន​ប្រាប់​រឿង​នេះ​ទៅ​ខាង​សន្តិសុខ​របស់​តុលាការ​ដើម្បី​សង្កេត​ហើយ"

លោក Michiel Pestman ថ្លែង​ទៀត​ថា លោក​មិន​អាច​ពន្យល់​ថា រឿង​នោះ​កើត​ឡើង​ដោយ​របៀប​ណា ដោយ​នរណា​បាន​ទេ ដោយ​គ្រាន់​តែ​ពន្យល់​ថា ឯកសារ​ទាំង​នោះ​គួរតែ​កិន​កម្ទេច​ចោល ប៉ុន្ត​មិន​បាន​កម្ទេច​ហើយ​ឯកសារ​ទាំង​អាច​ត្រូវ​គេ​លួច​ចេញ​ពី​ការិយាល័យ​របស់​លោក។

ទាក់ទង​នឹង​ហេតុការណ៍​ខាង​លើ​លោក រាជ សម្បត្តិ មន្រ្តី​កិច្ចការ​សាធារណៈ​សាលាក្តី​ខ្មែរ​ក្រហម​ថ្លែង​ថា ផ្នែក​សន្តិសុខ​កំពុង​ស៊ើប​អង្កេត​រឿង​នេះ​ហើយ ហើយ​ដែល​វា​ជា​ការលឿន​ពេក​ដែល​និយាយ​ថា​មាន​គេ​លួច​ឯកសារ​ទាំង​នោះ​ខណៈ​ដែល​ការស៊ើប​អង្កេត​នៅ​មិន​ទាន់​ចេញ​លទ្ធផល​នៅ​ឡើយ។

លោក​មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ​ថា ៖ «ប៉ុន្តែ​ជា​ទូទៅ​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​យើង​នេះ គឺ​រាល់​ការិយាល័យ​នីមួយៗ​គឺ​គាត់​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​រាល់​គ្រប់​ឯកសារ​ទាំងអស់​ដែល​គាត់​ត្រូវ​បោះចោល។ អត់​មាន​អ្នក​ណា​ទៅ​លូកលាន់​របស់​គាត់​បាន​ទេ»

លោក Michiel Pestman ថ្លែង​បន្ត​ទៀត​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ការបាត់​ឯកសារ​ហើយ​ឃើញ​នៅ​ក្នុង​ប្រឡាយ​ទឹក​នោះ​វា​ចម្លែក ហើយ​ច្បាស់​សម្រាប់​លោក​មិន​ឲ្យ​អាច​ជឿ​លើ​ផ្នែក​សន្តិសុខ​បាន។

លោក​បញ្ជាក់​ថា ឯកសារ​ទាំង​នោះ​ទាក់ទង​នឹង​លិខិត​សំណើ​មួយ​ទៅ​លោកស្រី Helen Jarvis ដែល​មិន​ទាន់​មាន​ការឆ្លើយ​តប​នៅ​ឡើយ។

លោកស្រី Helen Jarvis ប្រធាន​ផ្នែក​គាំពារ​ជន​រងគ្រោះ​ថ្លែង​ថា ស្រី​មិន​ដឹង​ទេ​អំពី​លិខិត​លើក​ឡើង​ខាង​លើ​នោះ៕