អ្នកឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង នៅថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១២ បានឲ្យដឹងថា មេធាវីរបស់ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ត្រី គឺអ្នកស្រី មាស សុគន្ធ និងស្វាមី ត្រូវបានតុលាការចោទប្រកាន់ក្នុងរឿងព្រហ្មទណ្ឌ និងសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តហើយ។
កាលពីថ្ងៃទី១០ ខែកក្កដា ប្រជាពលរដ្ឋជិត ១០០គ្រួសារ បាននាំគ្នាមកទីតាំងអតីតដីរបស់ពួកគេ ដែលកំពុងគ្រប់គ្រងដោយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមួយ ឈ្មោះ បូណារីតា នៅជាប់ផ្លូវជាតិលេខ៧ ចម្ងាយប្រមាណ ៤គីឡូម៉ែត្រពីច្រកទ្វារអន្តរជាតិដុងក្រឡ ខេត្តស្ទឹងត្រែង ជាប់នឹងព្រំដែនប្រទេសឡាវ។ នៅពេលនោះកងកម្លាំងចម្រុះរបស់អាជ្ញាធរខេត្តប្រដាប់ដោយអាវុធប្រមាណ ៥០នាក់ ត្រូវបានបញ្ជូនទៅទីនោះ ហើយបង្ខំចាប់ខ្លួនប្រជាពលរដ្ឋស្រីប្រុស ១៣នាក់ បញ្ជូនមកឃុំខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក៏ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ប្រជាពលរដ្ឋ ១១នាក់នាក់ត្រូវបានដោះលែងទៅវិញ នៅសល់តែស្ត្រីមានតួនាទីជាមន្ត្រីក្នុងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ត្រី គឺអ្នកសី្រ មាស សុគន្ធ និងស្វាមី គឺលោក គុជ ទ្រីសុវណ្ណ ជាមន្ត្រីយោធាថ្នាក់វរសេនីយ៍ទោត្រូវបន្តឃុំខ្លួនរហូតមកនេះ។
មេធាវីការពារក្ដីឲ្យអ្នកស្រី មាស សុគន្ធ និងស្វាមី គឺលោក គា ឆាយ បានបញ្ជាក់ថា កូនក្តីរបស់លោកត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារហើយ កាលពីរសៀលថ្ងៃសៅរ៍ ទី១៤ ខែកក្កដា នេះ បើទោះបីលោកបានស្នើដាក់ប្រាក់ធានាសុំកុំឲ្យមានការឃុំខ្លួនកូនក្តីលោកយ៉ាងណាក្តី។
លោកកត់សំគាល់ថា សេចក្ដីសម្រេចចោទប្រកាន់មកលើកូនក្តីរបស់លោកពីស្ថាប័នអយ្យការ គឺមិនមានធាតុផ្សំគ្រប់គ្រាន់ ហើយបទចោទប្រកាន់ទៀតសោតក៏មិនស្របទៅនឹងអង្គហេតុនៃរឿងដែលបានកើតឡើងនោះទេ៖ «មិនមានអ្វីធ្ងន់ធ្ងរថាជាការគំរាមកំហែង ឬទៅសម្លុតនោះទេ គ្រាន់តែគាត់ទៅសួរនាំមួយចំនួនប៉ុណ្ណោះទេ ហើយមួយទៀតពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពីបទជ្រៀតជ្រែកការងារមន្ត្រីសាធារណៈដូចវាមិនត្រឹមត្រូវទេ ដោយសារនិស្សិតមិនមែនជាមន្ត្រីរាជការសាធារណៈទេ មិនមែនជាអ្នកដែលទទួលអាណត្តិដោយសារការបោះឆ្នោតអ្វីដែរ ព្រោះក្នុងច្បាប់ទាល់តែជនរងគ្រោះជាមន្ត្រីរាជការសាធារណៈ ឬជាអ្នកទទួលអាណត្តិពីការបោះឆ្នោតទើបគាត់មានទោស។ គេចោទប្រកាន់គាត់ពីបទបំផុសបំផុលទេដំបូង គេចេញផ្សាយតាមសារព័ត៌មានណា! បំផុសបំផុលប្រជាពលរដ្ឋ ប៉ុន្តែក្នុងចម្លើយប្រជាពលរដ្ឋទាំងអស់អត់មានថា បានស្គាល់លោកជំទាវនោះទេ ហើយអ្នកខ្លះថា បានស្គាល់ដែរ ប៉ុន្តែមិនមែនមកហ្នឹងតាមបញ្ជារបស់លោកជំទាវដែរ»។
ព្រះរាជអាជ្ញាអមតុលាការខេត្តស្ទឹងត្រែង លោក ច្រឹង ខ្មៅ មិនធ្វើអត្ថាធិប្បាយជុំវិញសេចក្ដីចោទប្រកាន់ និងការសម្រេចឃុំខ្លួនអ្នកស្រី មាស សុគន្ធ និងស្វាមីនោះទេ នៅថ្ងៃអាទិត្យ ទី១៥ កក្កដា ហើយលោកជំរុញឲ្យសួររឿងនេះទៅចៅក្រមស៊ើបសួរនៃរឿងក្តីនេះ។
ប្រជាពលរដ្ឋរស់នៅតំបន់ដុងក្រឡ មួយរូប សុំមិនឲ្យបញ្ចេញឈ្មោះបានឲ្យដឹងថា មូលហេតុដែលនាំឲ្យក្រុមអាជ្ញាធរចាប់ខ្លួនប្រជាពលរដ្ឋ ១៣នាក់នោះ គឺដោយសារតែប្រជាពលរដ្ឋជាច្រើនគ្រួសារបានចូលទៅបោះបង្គោលធ្វើរបងលើអតីតដីរបស់ពួកគាត់ ដែលឋិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន បូណារីតា ទើបក្រុមហ៊ុនសុំឲ្យក្រុមនិស្សិតអ្នកវាស់វែងដីរបស់រាជរដ្ឋាភិបាល ចុះមកពិនិត្យករណីនេះ ក៏ប៉ុន្តែក្នុងហេតុការណ៍នេះ អ្នកស្រី មាស សុគន្ធ ដែលមានដីនៅតំបន់នោះដែរបានឃើញក្រុមនិស្សិតរបស់រាជរដ្ឋាភិបាលជិះរថយន្តក្រុមហ៊ុន ទើបពោលពាក្យរិះគន់ថា ក្រុមនិស្សិតមិនអព្យាក្រឹត ព្រោះជិះរថយន្តក្រុមហ៊ុន ទើបធ្វើឲ្យក្រុមនិស្សិតរាយការណ៍រឿងនេះជូនក្រុមអាជ្ញាធរខេត្តចាត់វិធានការករណីនេះ។
ពលរដ្ឋ៖ «មានការថាឲ្យក្រុមនិស្សិតថា សម្ដេចបញ្ជាឲ្យមកអ៊ីចឹងម៉េចក៏ប្អូនឯងទៅជិះឡានជាមួយក្រុមហ៊ុន ទៅដើរលេងជាមួយក្រុមហ៊ុន ហើយប្អូនឯងមកធ្វើការអ៊ីចឹងម៉េចក៏នាំគ្នាទៅអ៊ីចឹង? ក្រុមនិស្សិតគេមិនមាត់មិនក ប៉ុន្តែគេថា មកពីអត់ឡានជិះអ៊ីចឹងបានជាក្រុមហ៊ុនគេជូនចុះជូនឡើង»។
រាជរដ្ឋាភិបាលបានបញ្ជូនក្រុមនិស្សិតស្ម័គ្រចិត្តជាងមួយពាន់នាក់ ដើម្បីចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋអ្នករស់នៅក្នុងតំបន់ដីព្រៃសម្បទាន ក្នុងដីសម្បទានសេដ្ឋកិច្ច ក្នុងដីគ្រប់គ្រងដោយក្រសួងបរិស្ថាន និងដីដែលមានដីកាដកហូត។ ក្នុងនោះក្រុមនិស្សិតស្ម័គ្រចិត្តត្រូវបានអនុញ្ញាតឲ្យស្លៀកពាក់ឯកសណ្ឋានយោធា និងប្រើប្រាស់រថយន្តយោធា។
យ៉ាងនេះក្តីមេធាវីការពារក្តីជនជាប់ចោទទាំងពីរឲ្យដឹងថា លោកនឹងដាក់ពាក្យទៅសភាស៊ើបសួរនៃតុលាការសាលាឧទ្ធរណ៍ ដើម្បីសុំធានាកូនក្តីលោកទាំងពីរនាក់បាននៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីដំណើរការរឿងក្តីស្វែងរកយុត្តិធម៌រហូតដល់ទីបញ្ចប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
