ប្រធានអង្គការសកម្មភាពដើម្បីកុមារនៅក្នុងប្រទេសកម្ពុជា (APLE) លោក សំនាង សីលា បានមានប្រសាសន៍ថា លោកនឹងឃ្លាំមើលការចោទប្រកាន់ ឬនីតិវិធីឃុំខ្លួនបន្តទៅលើជនជាតិអូស្រ្តាលីនេះ ដើម្បីឈានដល់ការធ្វើសវនាការជំនុំជម្រះលើជនសង្ស័យ។
លោកបន្តថា អង្គការរបស់លោកនឹងធ្វើជាដើមបណ្ដឹងរដ្ឋប្បវេណីដល់ជនរងគ្រោះទាំង ៣នាក់ ដែលជាកុមារជនជាតិវៀតណាមមិនទាន់គ្រប់អាយុនោះ។
លោក សំនាង សីលា បានបញ្ជាក់ថា ៖ «នៅក្នុងនេះ គឺជនសង្ស័យ ២នាក់ត្រូវបានដោះលែងរួចទៅហើយ ដោយសារតែអត់មានភស្តុតាងណាមួយដាក់បន្ទុក ឬក៏អត់មានចម្លើយចោទប្រកាន់ពីជនរងគ្រោះ។ អ៊ីចឹងនៅសល់តែជនជាតិអូស្ត្រាលីហ្នឹងទេ ហើយយើងសង្ឃឹមថា គាត់នឹងត្រូវបានតុលាការកម្ពុជាចោទប្រកាន់ ពីព្រោះភស្តុតាងមានគ្រប់គ្រាន់ហើយ អង្គការយើងនឹងផ្ដល់មេធាវីដើម្បីការពារឲ្យជនរងគ្រោះ ហើយយើងនឹងធ្វើការទាមទារឲ្យមានការផ្ដន្ទាទោសទៅលើជនជាតិអូស្ត្រាលីនេះ ហើយនិងរកយុត្តិធម៌ពិតប្រាកដឲ្យជនរងគ្រោះ»។
ប្រធានសេនាធិការ និងជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គាត ចាន់ថារិត មានប្រសាសន៍ប្រាប់ឲ្យវិទ្យុអាស៊ីសេរីថា ជនសង្ស័យជាជនជាតិបរទេសនេះត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ។
លោក គាត ចាន់ថារិត បានថ្លែងថា ៖ «ឥឡូវយើងឃាត់តែជនជាតិអូស្ត្រាលីមួយទេ ហើយយើងបញ្ជូនទៅតុលាការរាជធានីឃុំខ្លួនហើយ។ ២នាក់ទៀតគឺបានដោះលែងហើយ ដោយសារថា យើងរកមើលទៅអត់មានឃើញ គាត់អត់មានបទល្មើសអី»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីមន្រ្តីតុលាការបាននៅទេ នៅថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០១០នេះ។
អាជ្ញាធរប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការពារអនីតិជននៅក្នុងប្រទេសកម្ពុជា បានចាប់បញ្ជូនបុរសជនជាតិអូស្រ្តាលីម្នាក់, ជនជាតិអាមេរិកាំងម្នាក់ និងជនជាតិនូវវែលហ្សេឡង់ម្នាក់ ពីខេត្តព្រះសីហនុ នៅថៃ្ងសុក្រ ទី១៩ ដើម្បីធ្វើការចោទប្រកាន់ ដោយតុលាការក្រុងភ្នំពេញ ក្រោមបទប្រព្រឹត្តអំពើអនាចារ និងរួមភេទជាមួយកុមារីវៀតណាម មានអាយុប្រមាណជា ១៦ឆ្នាំ ចំនួន ៣នាក់ ក៏ប៉ុន្តែបានដោះលែងជនជាតិអាមេរិកាំង និងជនជាតិនូវែលហ្សេឡង់ ២នាក់នោះវិញ ដោយសារតែពុំបានរកឃើញភស្តុតាងដាក់បន្ទុក៕
