អូស្រ្តាលី​ផ្ដល់​ប្រាក់ ៥​លាន​ដុល្លារ​ដល់​ភាគី​អ.ស.ប.​នៃ​សាលាក្ដី​ខ្មែរ​ក្រហម

មន្ត្រី​នៃ​សាលាក្តី​ខ្មែរ​ក្រហម បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ក្រសួង​ការបរទេស​អូស្ត្រាលី បាន​ប្រកាស​សន្យា​ផ្តល់​ថវិកា​ចំនួន​៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដល់​ភាគី​អង្គការ​សហប្រជាតិ (អ.ស.ប.) នៃ​សាលាក្តី​វិសាមញ្ញ​នេះ។

0:00 / 0:00

លោក រាជ សម្បត្តិ អ្នក​នាំ​ពាក្យ​នៃ​សាលាក្តី​ខ្មែរ​ក្រហម បាន​ថ្លែង​បន្ថែម​ថា ថវិកា​ថ្មី​ពី​ប្រទេស​អូស្ត្រាលី​សម្រាប់​សាលាក្តី​វិសាមញ្ញ​នេះ គឺ​នឹង​ត្រូវ​ផ្តល់​ទៅ​ផ្នែក​សហប្រជាជាតិ​តាមរយៈ​គណនី​របស់​ខ្លួន​នៅឯ​បុរី​ញូវយ៉ក​សហរដ្ឋ​អាមេរិក ៖ «ថវិកា​ហ្នឹង​ឆ្លង​តាមរយៈ​ក្រុង​ញូវយ៉ក មិន​មែន​ឲ្យ​នៅ​កម្ពុជា​ទេ»

លោក រាជ សម្បត្តិ បាន​ថ្លែង​គូស​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​អូស្ត្រាលី​ក៏​ធ្លាប់​បាន​ជួយ​ផ្ដល់​ថវិកា​ដល់​ភាគី​កម្ពុជា​នៃ​សាលាក្តី​វិសាមញ្ញ​នេះ​ផង​ដែរ ក៏​ប៉ុន្តែ​កម្ពុជា​នៅ​មិន​ទាន់​បាន​ប្រើ​ប្រាស់​ថវិកា​ជំនួយ​នោះ​នៅ​ឡើយ​ទេ ៖ «កន្លង​មក គឺ​ក្នុង​ឆ្នាំ​ហ្នឹង​ដូចគ្នា គាត់​ក៏​ធ្លាប់​បាន​ផ្ដល់​ថវិកា​មក​ខាង​ផ្នែក​កម្ពុជា​ដែរ តែ​គ្រាន់​តែ​ថវិកា​ហ្នឹង​វា​ត្រូវ​ឆ្លង​តាម​ច្រក​ទ្វារ​អង្គការ UNDP ដែល​សព្វ​ថ្ងៃ​នេះ ខាង​កម្ពុជា​មិន​ទាន់​មាន​សិទ្ធិ​ប្រើប្រាស់​ថវិកា​ហ្នឹង​ទេ»

យោង​តាម​ឯកសារ​ពី​ក្រសួង​ការបរទេស​និង​ពាណិជ្ជកម្ម​អូស្ត្រាលី បាន​ឲ្យ​ដឹង​ថា ប្រទេស​អូស្ត្រាលី​ធ្លាប់​បាន​ថ្តល់​ថវិកា​ដល់​សាលាក្តី​ខ្មែរ​ក្រហម​កន្លង​មក ចំនួន ៤​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​រួច​មក​ហើយ។

បើ​ទោះ​បី​ជា​មាន​ការសន្យា​ផ្តល់​ថវិកា​ជា​បន្ត​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ និង​ប្រទេស​អូស្ត្រាលី នា​ពេល​ថ្មីៗ​នេះ​ក្ដី ក៏​ប៉ុន្តែ​លោក រាជ សម្បត្តិ បាន​ថ្លែង​ថា ភាគី​អង្គការ​សហ​ប្រជាជាតិ​នៅ​ខ្វះ​ថវិកា​ច្រើន​ទៀត ៖ «ពីព្រោះ​ផ្នែក​អង្គការ​សហប្រជាជាតិ​ហ្នឹង គាត់​ត្រូវការ​ថវិកា​សរុប​សម្រាប់​ទៅ​ដល់​ថ្ងៃ​៣១ ខែ​១២ ឆ្នាំ​២០០៩ គឺ ៤០​លាន​ដុល្លារ ប្រហែល​ជា​ប៉ុណ្ណឹង។ អ៊ីចឹង​មក​ដល់​ពេល​ហ្នឹង យើង​ឃើញ​គាត់​ទើប​តែ​បាន​ទទួល ១​លាន​៨​សែន​ពី​សហរដ្ឋ​អាមេរិក ហើយ​ដូច​ជា ៤​លាន​ជាង​ពី​ប្រទេស​អាល្លឺម៉ង់ ហើយ​និង​ថ្ងៃ​ហ្នឹង​ទៀត ពី​អូស្រ្តាលី ៥​លាន​ហ្នឹង»

ជាមួយ​គ្នា​នេះ លោក រាជ សម្បត្តិ ថ្លែង​ទៀត​ថា ភាគី​កម្ពុជា​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ក៏​នៅ​ខ្វះ​ថវិកា​ជិត ៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ផង​ដែរ។

រហូត​មក​ទល់​ពេល​នេះ សាលាក្តី​វិសាមញ្ញ បាន​ឃុំ​ខ្លួន​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់ ចំនួន ៥​នាក់​ហើយ ពី​បទ​ទទួល​ខុស​ត្រូវ​លើ​ការ​សម្លាប់​រង្គាល​មនុស្ស​ប្រមាណ ១,៧​លាន​នាក់​នៅ​កម្ពុជា នា​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០។

ជាមួយ​នឹង​ការអំពាវ​នាវ​រក​ថវិកា​បន្ថែម ផ្នែក​ច្បាប់​នៃ​សាលាក្តី​ខ្មែរ​ក្រហម ក៏​ត្រូវការ​ពេល​វេលា​ជា​ច្រើន​ផង​ដែរ ក្នុង​ការជំនុំ​ជម្រះ​ក្តី។

ក៏​ប៉ុន្តែ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺ​លោក ឆាំង យុ បាន​ថ្លែង​ថា គេ​អាច​ពន្យារ​ក្នុង​ការ​ផ្តល់​ជំនួយ ឬ​ពន្យារ​នីតិ​វិធី​ច្បាប់ ក៏​ប៉ុន្តែ​គេ​មិន​អាច​ពន្យារ​អាយុ​របស់​មេដឹកនាំ​ខ្មែរ​ក្រហម​ដែល​មាន​វ័យ​ចាស់​និង​ផ្ទុក​ដោយ​ជំងឺ​ប្រចាំ​កាយ​នោះ​ឡើយ៕