ការគ្រោងឲ្យរុះរើនេះបំណងយកមាត់ស្ទឹងដែលធ្លាប់តែជាលំនៅរកេតរកូតនោះ នឹងធ្វើឲ្យក្លាយទៅជាសួនច្បារធម្មជាតិដែលមានភ្លើងអគ្គិសនីសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍វិញ។
អភិបាលខេត្តសៀមរាប លោក ស៊ូ ភិរិន្ទ បានមានប្រសាសន៍កាលពីចុងសប្តាហ៍មុនថា សំណង់អនាធិបតេយ្យដែលជាការរស់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋតាមដងស្ទឹងសៀមរាបបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននិងទឹកកខ្វក់ជាច្រើនឆ្នាំមកហើយ ដូច្នេះអាជ្ញាធរខេត្តនឹងឲ្យប្រជាពលរដ្ឋទាំងនោះរុះរើលំនៅចេញក្នុងពេលឆាប់ៗ ដោយមានគោលបំណងដោះដូរដីសម្បទានសង្គមកិច្ចនៅកន្លែងផ្សេងចំពោះអ្នកដែលគ្មានដីធ្លីរស់នៅ ប៉ុន្តែសម្រាប់អ្នកដែលមកជួលដីគេនៅនោះគឺរដ្ឋគ្មានគោលនយោបាយទេ។
លោក ស៊ូ ភិរិន្ទ បានបញ្ជាក់ថា ៖ «សូមឲ្យប្រជាជនលោកយោគយល់អំពីការអធ្យាស្រ័យរបស់រាជរដ្ឋាភិបាលយើងច្រើនឆ្នាំហើយដើម្បីយើងឲ្យកែសោភ័ណភាពជាការទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិផង ដើម្បីបង្ហាញពីអរិយធម៌ វប្បធម៌ ដែលយើងមានប្រាង្គប្រាសាទដ៏ស្កឹមស្កៃផង ហើយក៏ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិយើងទៅតាមការជាក់ស្តែង ហើយសូមមានការយោគយល់»។
លោក ស៊ូ ភិរិន្ទ បានឲ្យដឹងថា សាលាខេត្តសៀមរាបនឹងចាប់ផ្តើមគម្រោងសម្អាតដងស្ទឹងសៀមរាបនិងធ្វើសួនច្បារលម្អ ដែលត្រូវចំណាយទឹកប្រាក់ប្រមាណ ២០លានដុល្លារអាមេរិកដោយថវិកានោះបានពីរដ្ឋាភិបាលនិងខ្លះបានខ្ចីពីប្រទេសកូរ៉េ។
ទោះយ៉ាងណាក្រុមប្រជាពលរដ្ឋដែលតាំងទីលំនៅតាមដងស្ទឹងសៀមរាបខ្លះហាក់បង្ហាញការទាមទារសំណងមុននឹងការចាប់ផ្តើមរុះរើនោះ។
ស្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះកំពុងរស់នៅលើដងស្ទឹង បានមានប្រសាសន៍ថា គាត់បានមកតាំងលំនៅជាង ១០ឆ្នាំហើយ ដោយគាត់មិនមានដីផ្សេងសម្រាប់រស់នៅទេ ហើយបើមានការដេញឲ្យរុះរើទាល់តែរដ្ឋជួយជាសំណង។
ស្ត្រីដដែលបានឲ្យដឹងថា ៖ «នៅតាមមាត់ស្ទឹងហ្នឹងទៅរកស៊ីបន្តិចៗមានម៉ូយមានដាក់ខែដាក់អីបានអីចឹងណា! ស្រាប់តែគេដេញនេះ ដូចថាពិបាកដែរ។ បើយើងមានដីមានធ្លីទៅ យើងអាចដោះដូរ បើយើងអត់មានសោះ អ៊ីចឹងទាល់តែរដ្ឋាភិបាលជួយជាជំហរឲ្យប្រជាជនហ្នឹង»។
លោក ទេព ប៊ុនឆាយ អភិបាលក្រុងសៀមរាប បានមានប្រសាសន៍ថា សំណង់អនាធិបតេយ្យតាមដងស្ទឹងសៀមរាបមានចំនួនជាង ៣៣០គ្រួសារដែលនៅក្នុងសង្កាត់ចំនួន២ គឺសង្កាត់សាលាកម្រើកនិងសង្កាត់ស្លក្រាម ដែលត្រូវឲ្យធ្វើការរុះរើនៅពេលខាងមុខឆាប់ៗ។ ក៏ប៉ុន្តែទោះយ៉ាងណាមន្ត្រីក្រុងនិងខេត្តសៀមរាបមិនទាន់បានកំណត់កាលបរិច្ឆេទនៃការរុះរើនោះឲ្យបានពិតប្រាកដនៅឡើយទេ៕
