អភិបាល​រង​ស្រុក​ស្ទឹងត្រង់​រង​ការចោទ​ថា​ចង់​បណ្ដេញ​ពលរដ្ឋ​៣៣​គ្រួសារ

ប្រជាពលរដ្ឋ​៦​គ្រួសារ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៣៣​គ្រួសារ​បាន​មក​ប្តឹង​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​កំពង់ចាម និង​បាន​ចោទ​ប្រកាន់​អភិបាល​ស្រុក​រង ឈ្មោះ យិ វណ្ណៈ ថា​ចង់​បណ្តេញ​ពួក​គេ​ចេញពី​ដី​ភូមិ​ជាង​កន្លះ​ហិកតារ កាលពី​ថ្ងៃ​ទី​៣ កញ្ញា​នេះ។

0:00 / 0:00

ប្រជាពលរដ្ឋ​ទាំង​នោះ​រស់​នៅ​ក្នុង​ភូមិ​បឹងដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម។

ប្រជាពលរដ្ឋ​ឈ្មោះ ឡាច អេង បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ពួក​គាត់​បាន​រស់​នៅ​លើ​ដី​នោះ​ដែល​ជា​ទីតាំង​ផ្សារ​ចាស់ តាំងពី​ឆ្នាំ​១៩៨២​មក​ម្ល៉េះ ដោយ​ប្រធាន​ភូមិ​ឈ្មោះ ស៊ុយ ជា​អ្នក​វាស់វែង​ចែក​ជូន ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា​នេះ លោក​អភិបាល​ស្រុក​រង​ឈ្មោះ យិ វណ្ណៈ បាន​ទៅ​គំរាម​ចង់​បណ្តេញ​ពួក​គាត់។

អ្នកស្រី ឡាច អេង បាន​ឲ្យ​ដឹង​ថា ៖ «ប្រធាន​ស៊ុយ​ហ្នឹង​គាត់​ទទួល​ស្គាល់។ គាត់​ឡើង​ទៅ​ធ្វើ​ប័ណ្ណ​គ្រួសារ គាត់​ទៅ​ថត​អត្តសញ្ញាណប័ណ្ណ កត់​ទាំង​ពី​កូន​ចៅ​ទាំងអស់ អត់​មាន​សល់​អី​ទេ។ ឥឡូវ​មេ​ភូមិ​ហ្នឹង​នៅ​ហ្នឹង ប៉ុន្តែ​គ្រាន់​ថា​ពេល​ដែល​គេ​ហៅ​គាត់​ទៅ​មើល​គេ​ដេញ​ខ្ញុំ​ចេញ​ហ្នឹង គាត់​អត់​ហ៊ាន​មាត់​អត់​ហ៊ាន​ក​ទេ មាន​តែ​លោក វណ្ណៈ​ហ្នឹង​ទេ ដែល​អាច​គំរាម​ពួក​ខ្ញុំ​បាន»

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ភាង ភី បាន​មាន​ប្រសាសន៍​ថា​ដី​នោះ​ពី​ដើម​ជា​ដី​ព្រៃ ប្រជាពលរដ្ឋ​បាន​ទៅ​រស់នៅ​តាំង​ពី​យូរ​ណាស់​មក​ហើយ មិន​ដែល​មាន​បញ្ហា​អ្វី​នោះទេ។

លោក ភាង ភី បាន​មាន​ប្រសាសន៍​ថា ៖ «បើសិន​ជា​ដេញ​ឲ្យ​ចេញ​លុះត្រាតែ​រក​ដីធ្លី​ឯណា​ឲ្យ​ខ្ញុំ​បាន​នៅ​វិញ​ផង ព្រោះ​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​មួយ​នឹង​គេ​ដែរ ជា​ការដោះដូរ​មួយ​ឲ្យ​សមស្រប»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ធ្វើការ​ទំនាក់​ទំនង​លោក​ប្រធាន​ភូមិ ឈ្មោះ ស៊ុយ ដើម្បី​បំភ្លឺ​ពី​បញ្ហា​ខាង​លើ​បាន​ទេ​នៅ​ថ្ងៃ​នេះ។

អភិបាល​ស្រុក​រង លោក យិ វណ្ណៈ បាន​មាន​ប្រសាសន៍​ថា សព្វថ្ងៃ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​លើ​ដី​នោះ​មាន​តែ​៣០​គ្រួសារ​ប៉ុណ្ណោះ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ប្រជាពលរដ្ឋ​បាន​ទៅ​រស់​នៅ​លើ​ដី​នោះ​ជា​ដី​រដ្ឋ ហើយ​បាន​ចាប់ផ្តើម​រស់​នៅ​ក្នុង​ឆ្នាំ​១៩៩៥ មាន​២៣​គ្រួសារ។ ក្នុង​ឆ្នាំ​២០០០ សមត្ថកិច្ច​បាន​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​រុះរើ​ចេញ និង​ឲ្យ​លុយ​មួយ​គ្រួសារ​៦​ម៉ឺន​រៀល ពេល​នោះ​មាន​ចំនួន​២០​គ្រួសារ​បាន​យល់ព្រម​និង ៣​គ្រួសារ​ទៀត​មិន​ព្រម​យក​លុយ​និង​មិន​ចាក​ចេញ។ ប៉ុន្តែ​នៅ​ពេល​ទទួល​លុយ​រួច​មាន​តែ​ចំនួន​១១​គ្រួសារ​ប៉ុណ្ណោះ​បាន​រើ​ចេញ។

លោក​បាន​បន្ថែម​ថា លោក​ត្រូវការ​យក​ដី​នោះ​មក​អភិវឌ្ឍ តែ​លោក​មិន​បាន​បញ្ជាក់​ថា​អភិវឌ្ឍ​លើ​អ្វី​នោះ​ទេ។

មេ​ឃុំ​ព្រែកកក់ លោក អ៊ាត គឹមលាង បាន​មាន​ប្រសាសន៍​ថា​លោក​មិន​ទាន់​ដឹង​អំពី​បញ្ហា​នេះ​ដែរ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ៖ «រៀបចំ​ចង់​ឲ្យ​ក្លាយ​ទៅ​ជា​សណ្ដាប់ធ្នាប់​ល្អ​ហ្នឹង ព្រោះ​ការរស់នៅ​រាល់​ថ្ងៃ​នេះ​វា​គគ្រិច​ពេក»

ទោះ​ជា​យ៉ាង​ណា​មន្ត្រី​ស៊ើបអង្កេត​សមាគម​សិទ្ធិ​មនុស្ស អាដហុក លោក សិន ហៀង បាន​មាន​ប្រសាសន៍​យ៉ាង​ដូចេ្នះ​ថា ៖ «ចំពោះ​ច្បាប់​ភូមិបាល​វិញ​នៅ​ក្នុង​មាត្រា​៣១​នេះ ចែង​ច្បាស់​ថា​បុគ្គល​ដែល​បាន​អាស្រ័យ​ផល​នៃ​ភោគៈ​កន្លង​មក គឺ ៥​ឆ្នាំ​ដោយ​សន្តិវិធី​និង​គ្មាន​ការជំទាស់​ទេ នឹង​បាន​ជា​កម្មសិទ្ធិ​ជា​ស្ថាពរ​ហើយ»