សមត្ថកិច្ច​ចុះ​រឹបអូស​​ដី​តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី​នៅ​​សៀមរាប

សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​រឹបអូស​យក​ដី​ទំហំ ៣​ហិកតា​របស់​តំណាង​រាស្ត្រ​គណបក្ស សម​រង្ស៊ី គឺ​លោក សុន ឆ័យ នៅ​ក្នុង​ក្រុង​សៀមរាប តាម​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល។

សមត្ថកិច្ច​ចម្រុះ​មាន​កង​រាជ​អាវុធ​ហត្ថ ប៉ូលិស និង​កម្មករ​ជាង ១០០​នាក់ ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​កាន់​កន្លែង​អនុវត្ត​តាម​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល ដើម្បី​រុះរើ​ខ្ទម​ចាំ​ដី​ចំនួន ៣​ខ្នង ​និង​រឹបអូស​យក​ដី​ទំហំ ៣​ហិកតា នៅ​ក្នុង​តំបន់​អាជ្ញាធរ​អប្សរា ​នៅ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដែល​ជា​របស់​លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

លោក សុន ឆ័យ ដែល​ពុំ​មាន​វត្តមាន​នៅ​កន្លែង​អនុវត្ត​សាលដីកា​រឹប​អូស​យក​ដី​របស់​លោក​នោះ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ប្រឆាំង​ចំពោះ​ការ​សម្រេច​ដីកា​រឹប​អូស​យក​ដី​របស់​លោក ដោយ​លោក​អះអាង​ថា ការ​រឹបអូស​នោះ​គឺ​មិន​មែន​យក​ទៅ​សម្រាប់​បម្រើ​ផល​ប្រយោជន៍​សាធារណៈ​ទេ គឺ​ដើម្បី​នឹង​រៀបចំ​ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជួល​ធ្វើ​សណ្ឋាគារ ដែល​គ្មាន​ច្បាប់​ណា​មួយ​ផ្ដល់​សិទ្ធិ​ឲ្យ​អាជ្ញាធរ​យក​ដី​ពី​ប្រជាពលរដ្ឋ​ទៅ​ឲ្យ​ឈ្មួញ​ជួល​បន្ត​នោះ​ទេ។

លោក សុន ឆ័យ បាន​បញ្ជាក់​ថា ៖ «គឺ​ជា​ការ​ប្លន់​យក​ដី​តាមរយៈ​ប្រព័ន្ធ​តុលាការ។ ត្រូវការ​យក​ដី​ដោយ​មិន​គោរព​តាម​ច្បាប់​ភូមិបាល ប្រើ​កម្លាំង​ប្រដាប់​អាវុធ​បែប​នេះ គឺ​ជា​អំពើ​យង់ឃ្នង​ដែល​ផ្ទុយ​អំពី​គោលការណ៍​ច្បាប់។ ការ​នេះ​ប្រព្រឹត្ត​មិន​មែន​ត្រឹម​តែ​ខ្ញុំ​ទេ ពលរដ្ឋ​ដែល​លោក​មាន​ដី​បន្តិច​បន្តួច​ក៏​ទទួល​រងគ្រោះ​បែប​នេះ​ជា​ច្រើន​ករណី​ហើយ»

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប លោក សុខ កែវបណ្ឌិត បាន​មាន​ប្រសាសន៍​ថា ដី​របស់​លោក សុន ឆ័យ ទំហំ ៣​ហិកតា​នោះ ត្រូវ​បាន​ដកហូត និង​ចាត់​ចូល​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដោយ​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​អប្សរា​គ្រប់គ្រង។

លោក សុខ កែវបណ្ឌិត បាន​អះអាង​ថា ៖ «ការ​អនុវត្ត​សាលដីកា​កាលពី​ព្រឹក​មិញ​នេះ ខ្ញុំ​បាន​អនុវត្ត​ដោយ​អនុលោម​តាម​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល ដែល​គាត់​បាន​សម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​កាន់កាប់​ដី​របស់​ឯកឧត្ដម សុន ឆ័យ ហ្នឹង ចាត់​ចូល​ជា​ទ្រព្យ​សម្បត្តិ​សាធារណ​របស់​រដ្ឋ ពោល​គឺ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អាជ្ញាធរ​អប្សរា»

ចំណែក​មេធាវី​របស់​រដ្ឋាភិបាល​ដែល​ការពារ​រឿង​ក្ដី​នោះ លោក ប៉ាល់ ច័ន្ទដារ៉ា បាន​មាន​ប្រសាសន៍​ថា លោក​សុំ​មិន​ធ្វើ​ការ​អធិប្បាយ​អំពី​ការ​សម្រេច​របស់​តុលាការ​ក្នុង​រឿង​នោះ​ទេ ប៉ុន្តែ​សម្រាប់​រូប​លោក​បាន​រក​ឃើញ​ថា លោក សុន ឆ័យ ពុំ​មាន​ឯកសារ​គ្រប់គ្រាន់​ដែល​អាច​សំអាង​ថា​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​នោះ​ឡើយ។

លោក ប៉ាល់ ច័ន្ទដារ៉ា បាន​មាន​ប្រសាសន៍​ថា ៖ «ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ អា​ហ្នឹង​សំខាន់​លើ​តុលាការ​កំពូល​សម្រេច។ ប៉ុន្តែ​សម្រាប់​ខ្លួន​ខ្ញុំ​គឺ​ឯកឧត្ដម សុន ឆ័យ អត់​មាន​ឯកសារ​អី​ទេ។ កន្លង​ទៅ ឯកឧត្ដម សុន ឆ័យ ធ្លាប់​ប្រាប់​វិទ្យុ​មួយ​ចំនួន តាម​កាសែត​មួយ​ចំនួន​ថា លោក​មាន​កម្មសិទ្ធិ​ឯកជន ឬ​ក៏​មាន​ប័ណ្ណ​កម្មសិទ្ធិ ឬ​ក៏​ដី​របស់​គាត់​ហ្នឹង​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​ហិរញ្ញវត្ថុ ពី​អាជ្ញាធរ​អប្សរា ឬ​ក៏​ពី​មេ​ឃុំ មេ​ស្រុក​ណា អា​ហ្នឹង​គាត់​ភរ​តែម្ដង អត់​មាន​ទេ មាន​តែ​លិខិត​មួយ​គឺ​សុំ​កាន់កាប់​ដី​ធ្លី»

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ដី​ទំហំ ៣​ហិកតា គឺ​លោក​បាន​ទិញ​តាំងពី​អំឡុង​ឆ្នាំ​១៩៩៥ ហើយ​នៅ​ពេល​ដី​នេះ​មាន​ទំនាស់​ជាមួយ​អាជ្ញាធរ​អប្សរា មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​បាន​ចេញ​សំណង​មក​ឲ្យ​លោក​ថ្លៃ ៥០​សេន​ដុល្លារ​ក្នុង ១​ម៉ែត្រ​ការ៉េ ដោយ​គិត​ទាំង​ថ្លៃ​ដើម​ឈើ​ក្នុង​នោះ​ផង គឺ​លោក​អាច​ទទួល​បាន​ប្រាក់​ប្រមាណ ១៩.០០០​ដុល្លារ​អាមេរិក​ដែរ តែ​លោក​បដិសេធ​មិន​ទទួល​យក​នោះ​ទេ។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទទួល​យក​ការ​សម្រេច​សាលដីកា​របស់​តុលាការ​កំពូល​នោះ​ទេ ហើយ​លោក​កំពុង​ពិគ្រោះ​ជាមួយ​អ្នក​ច្បាប់​ជាតិ និង​អន្តរជាតិ រិះ​រក​វិធី​ណា​មួយ​ដែល​អាច​បន្ត​ការ​តវ៉ា​ទៅ​ទៀត​បាន៕