ប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរសោម លោក ង៉ា ស៊ីណា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃ២១ វិច្ឆិកាថា កម្លាំងចម្រុះដែលរួមមាននគរបាល កងរាជអាវុធហត្ថ មន្ត្រីក្រសួងបរិស្ថាន និងអង្គការ Wildlife Alliance បានចុះទៅកម្ទេចទីតាំងផលិតប្រេងម្រះព្រៅ២កន្លែង ដែលមានទីតាំងស្ថិតក្នុងព្រៃជ្រៅនៃតំបន់ជួរភ្នំក្រវាញ ក្នុងឃុំអូរសោមមួយកន្លែង និងមួយកន្លែងទៀតនៅតំបន់ព្រំប្រទល់រវាងខេត្តពោធិ៍សាត់ជាមួយខេត្តបាត់ដំបង។
លោក ង៉ា ស៊ីណា មានប្រសាសន៍ដូច្នេះ ៖ «ឆ្នាំងហ្នឹងខ្ញុំបានរាយការណ៍ទៅអធិការនិងខាង CI ហ្នឹង ដល់អ៊ីចឹងគេសួរខ្ញុំ គេសួរថា តើឆ្នាំដែលនៅសេសសល់ហ្នឹងមានឬអត់? ខ្ញុំថាមាននៅចំណុចហ្នឹង អ៊ីចឹងគេសុំទៅកម្ទេចទៅ ខ្លាចក្រែងលោលួចធ្វើទៀត»។
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក ម៉ឹក ដារ៉ា មានប្រសាសន៍ថា លោកពុំទាន់ទទួលបានរបាយការណ៍ស្តីពីលទ្ធផលនៃការបង្រ្កាបនេះនៅឡើយ។
លោក ម៉ឹក ដារ៉ា បានឲ្យដឹងដូច្នេះ ៖ «ក្រសួងបរិស្ថានលោកខិតខំអនុវត្តជាមួយនឹងអាជ្ញាធរមូលដ្ឋាន ជាមួយនឹងអង្គការមួយចំនួននៅក្នុងតំបន់ហ្នឹង តែចំពោះខ្ញុំអាជ្ញាធរនេះមិនទាន់បានទទួលរបាយការណ៍ពិស្ដារទេ ប៉ុន្តែធម្មតាកន្លងមកដែលខ្ញុំដឹង តំបន់ហ្នឹងភាគច្រើនគឺជាការផលិតចម្រាញ់ប្រេងម្រះព្រៅភ្នំ»។
តាមសេចក្តីប្រកាសព័ត៌មានដែលចេញដោយអង្គការ Wildlife Alliance ការបង្រ្កាបនេះទប់ស្កាត់បានយ៉ាងមានប្រសិទ្ធភាពនូវការផលិតប្រេងម្រះព្រៅប្រមាណ៣៥តោន ដែលមានផ្ទុកសារធាតុសាហ្វ្រូល ដែលគេអាចផលិតជាគ្រឿងញៀនប្រភេទអំហ្វេតាមីនបានដល់ទៅជាង៥លានគ្រាប់ ដែលអាចមានតម្លៃដល់ទៅជាង១០០លានដុល្លារអាមេរិក៕
